
«ត្រីបបែលយក្ស» នឹងត្រូវស្នើសុំដាក់ក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជា ក្រោយពីត្រូវបានរកឃើញកាលពីឆ្នាំ២០២២។ រូបថត Wonders of the Mekong
ភ្នំពេញៈ យ៉ាងហោចណាស់ត្រីទឹកសាប២ប្រភេទ គឺ«ត្រីបបែលយក្ស និងត្រីប៉ាសាណាក់» នឹងត្រូវស្នើសុំ ឱ្យដាក់បញ្ជូល ទៅក្នុងប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់កម្ពុជា ដើម្បីធ្វើការអភិរក្ស កុំឱ្យផុតពូជ។
រដ្ឋបាលជលផល និងស្ថាប័នពាក់ព័ន្ធ កំពុងតែរៀបចំឯកសារ ដើម្បីស្នើសុំរាជរដ្ឋាភិបាល ដាក់បញ្ចូល«ត្រីបបែលយក្ស និងត្រីប៉ាសាណាក់» ក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជា បន្ថែមទៅលើត្រី៥៨ប្រភេទ ដែលមានស្រាប់ បន្ទាប់ពីត្រី២ប្រភេទនេះត្រូវបានរកឃើញឡើងវិញ នៅក្នុងទន្លេមេគង្គកម្ពុជា។ នេះបើយោងតាមលោកអ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នាថ្ងៃទី២០ ខែមីនានេះ។
លោកបញ្ជាក់ថា៖«ត្រីបបែបយក្សនេះ វាមានតិចតួចបំផុត អញ្ជឹងហើយបានជាយើងចាំបាច់ត្រូវតែបញ្ចូលវាទៅក្នុងបញ្ជីប្រភេទកំពុងរងគ្រោះថ្នាក់ ដែលត្រូវការពារចាំបាច់ហ្នឹង»។
ទោះយ៉ាងណា ចំនួនពិតប្រាកដ នៃត្រីបបែបយក្សនេះ មិនទាន់ត្រូវបានកំណត់ដឹងនោះទេ។ ប៉ុន្តែ តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ឃើញថា មានអន្លង់ ប្រមាណជា២ ឬ៣ ដែលត្រូវបានជឿជាក់ថា មានវត្តមានប្រភេទត្រីបបែបយក្សនេះ ក្នុងខេត្តស្ទឹងត្រែង។
លោកថ្លែងដូច្នេះថា៖«ក៏ប៉ុន្តែ ចំនួនវាមានតិចតួចបំផុត។ និយាយឱ្យមែនទែនទៅ ដែលយើងមានការព្រួយបារម្ភ ដែលត្រូវការពារវាជាបន្ទាន់»។

«ត្រីប៉ាសាណាក់» ដែលបាត់វត្តមានប្រមាណ២០ឆ្នាំ នឹងត្រូវស្នើសុំដាក់ក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានរកឃើញឡើងវិញកាលពីឆ្នាំ២០២២។ រូបថត ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
ប្រភេទត្រីទាំង៥៨ប្រភេទ ដែលត្រូវបានដាក់បញ្ជូល តាមរយៈអនុក្រឹត្យលេខ១២៣ របស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០០៩នោះ រួមមានត្រី២៩ប្រភេទជាត្រីទឹកសាប និង២៩ប្រភេទផ្សេងទៀត ជាប្រភេទត្រីទឹកប្រៃ។
រដ្ឋបាលជលផល ក៏បានធ្វើការបោះពុម្ពផ្ទាំងរូបភាពពីប្រភេទត្រីទាំងនេះ ហើយធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋនៅគ្រប់ខេត្តទាំងអស់ ដើម្បីលើកម្ពស់ការយល់ដឹង និងចូលរួមអភិរក្ស ពពួកត្រីទាំងនេះ។
ត្រីបបែលយក្សទឹកសាប (Giant Freshwater Whipray Stingray) ដែលមានឈ្មោះវិទ្យាសាស្ត្រ Urogymnus polylepis ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ក្នុងឆ្នាំ២០២១ ជាប្រភេទជិតផុតពូជជាសាកល។
ត្រីបបែលយក្សទឹកសាបមួយក្បាល ដែលត្រូវបានរកឃើញនៅកម្ពុជា កាលពីឆ្នាំ២០២២ ឈ្មោះ«បូរមី» ត្រូវបានចុះក្នុងកំណត់ត្រាពិភពលោកក្នុងសៀវភៅហ្គីនណែស (Guinness World Records) ក្នុងឆ្នាំ២០២២ ជាត្រីទឹកសាបដែលធំជាងគេបំផុត គឺមានទម្ងន់រហូតដល់ទៅ៣០០គីឡូក្រាម។
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានលើកឡើងកាលពីថ្ងៃទី១៩ ខែមីនានេះថា ទោះជាយ៉ាងណាក្តី ត្រីបបែលយក្សទឹកសាបនេះមិនទាន់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជាតាមរយៈអនុក្រឹត្យលេខ១២៣ ចុះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ នៅឡើយទេ។
អង្គការបញ្ជាក់ថា៖«រដ្ឋបាលជលផលកំពុងរៀបចំឯកសារ ដើម្បីស្នើសុំរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់បញ្ចូលត្រីប្រភេទនេះក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ដែលវាគឺជាឯកសារផ្លូវច្បាប់ដ៏សំខាន់ខ្លាំងមួយក្នុងការការពារ គ្រប់គ្រង និងអភិរក្សត្រីបបែលយក្សទឹកសាបឱ្យមាននិរន្តរភាព»។
ដើម្បីចូលរួមចំណែកក្នុងការអភិរក្សត្រីបបែលយក្សទឹកសាប អង្គការWCS កម្ពុជា បានសហការជាមួយរដ្ឋបាលជលក្នុងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី “ការប្រមូលព័ត៌មានដើម្បីគាំទ្រការដាក់បញ្ចូលត្រីបបែលយក្សទឹកសាបក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់” ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ កាលពីថ្ងៃទី១៣ និង១៤ ខែមីនានេះ។
គោលបំណងនៃសិក្ខាសាលាទាំងពីរនេះ គឺដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដែលមានចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងត្រីបបែលយក្សទឹកសាប អំពីស្ថានភាពប្រជាសាស្ត្រ ប្រភេទទីជម្រក និងកត្តាគំរាមកំហែងរបស់វា រួមជាមួយការពិភាក្សាលើយុទ្ធសាស្ត្រសំខាន់ៗ នៃការស្តារចំនួនត្រីប្រភេទនេះឱ្យមានការកើនឡើងវិញ។
ដោយឡែក ត្រីប៉ាសាណាក់ (the Mekong giant salmon carp) ដែលមានឈ្មោះវិទ្យាសាស្រ្ត Aaptosyax grypus ត្រូវបានអ្នកនេសាទចាប់បានក្នុងទន្លេមេគង្គ នៃខេត្តស្ទឹងត្រែងកាលពីឆ្នាំ២០២២ ក្រោយពីវាបានបាត់វត្តមានប្រមាណជា២០ឆ្នាំរួចមក។
វាត្រូវបានចាត់ថ្នាក់ ជាប្រភេទត្រីជិតផុតពូជ បន្ទាប់ពីចំនួនរបស់វាបានធ្លាក់ចុះដោយសារតែការនេសាទហួសកម្រិត និងការបាត់បង់ទីជម្រកជាដើម។
វាជាប្រភេទត្រីមានស្រកាល្អិត មាត់ធំ ថ្គាមខាងក្រោមធំ គ្មានពុកមាត់ និងព្រុយខ្នងគ្មានទ្រនុងរឹង។ ពោះរបស់វាមានរាងមូល ខ្លួនរាងស្រឡូន និងមានប្រវែងវែងបំផុត ១០០សង់ទីម៉ែត្រ ឬ១ម៉ែត្រ។
លោកវិបុល ក៏បានឱ្យដឹងផងដែរថា ការដាក់បញ្ជូលទៅក្នុង ប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់នោះ គឺយោងទៅលើផលស្តុករបស់ប្រភេទត្រីក្នុងធម្មជាតិ និងរយៈពេលពងកូនជាដើម។
លោកពន្យល់ថា បើផលស្តុកក្នុងធម្មជាតិរបស់វា ធ្លាក់ចុះខ្លាំង គឺត្រូវតែដាក់បញ្ជូល ដើម្បីការពារជាបណ្តោះអាសន្ន។ ប៉ុន្តែនៅពេលដែលមានការស្តារផលស្តុកឡើងវិញបានហើយ នោះប្រភេទត្រីនោះនឹងអាចត្រូវដកវាចេញវិញ។
ម្យ៉ាងវិញទៀត ក៏វាពាក់ព័ន្ធទៅនឹងការពងកូនរបស់វាផងដែរ ព្រោះប្រភេទខ្លះការពងកូនបានតិចតួចណាស់ ដែលវាងាយបាត់បង់ទៅវិញ។
ត្រីប្រភេទខ្លះទៀត មានអាយុពេញវ័យបន្តពូជវែង ដូចជាត្រីបបែប គល់រាំង ត្រីរាជ ដែលមានរយៈពេលរហូតដល់ទៅ៧ឆ្នាំ ទើបអាចក្លាយទៅជាមេពូជ ឬមេបាបាន។
លោកថ្លែងថា៖«អញ្ចឹងបើ១ ឬ២ឆ្នាំ យើងចាប់វា បានន័យថាយើងកាត់ផ្តាច់វត្តជីវិតរបស់វាបាត់ទៅហើយ។ យើងមិនបានផ្តល់ឱកាសឱ្យវាពងកូនបាន។ វាមិនដូចត្រីឆ្ពិនត្រីអី តែ៦ទៅ៨ខែពងកូនបាត់ហើយ។ វាខុសគ្នាអញ្ជឹង។ ពពួកត្រីអាយុវែងៗ ដែលដល់ដំណាក់កាលបន្តពូជហ្នឹង គឺងាយទទួលរងគ្រោះថ្នាក់ណាស់ អញ្ជឹងយើងចាំបាច់ត្រូវការពារ»។
ការគ្រោងដាក់បញ្ចូលត្រីទាំងនេះ នឹងអាចធ្វើឡើង ក្រោយពេល ដែលសេចក្តីព្រាងច្បាប់ស្តីពី ជលផលថ្មី ត្រូវបានប្រកាសអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ។ នាពេលបច្ចុប្បន្ននេះ សេចក្តីព្រាងនេះគឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យ និងឱ្យយោបល់ នៅរដ្ឋសភាជាតិ៕