កែបៈ គ្រូបង្រៀន និងសិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ចំការដូងខេត្តកែប បាននឹងកំពុងចាប់អារម្មណ៍ និងអភិវឌ្ឍន៍សមត្ថភាពទៅលើមុខវិជ្ជា STEM កាន់តែខ្លាំង ក្រោយទទួលបានការគាំទ្រពី​កម្មវិធីអភិវឌ្ឍន៍អប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-2) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោក ឡុង​ សោភា នាយកវិទ្យាល័យ​ ហ៊ុនសែន​ ចំការដូង ខេត្តកែប បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងនៅក្នុង​ដំណើរ​ទស្សនៈកិច្ច​ ​ក្រោម​ការដឹកនាំ​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ថា វិទ្យាល័យ​ ហ៊ុនសែន​ ចំការដូង បានទទួលបានការគាំទ្រពីគម្រោងមួយរបស់ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) គឺអគារធនធាន​រណប ដែលក្នុងនោះរួមមាន បន្ទប់ប្រជុំ បណ្តាល័យ បន្ទប់កុំព្យូទ័រ និងបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ ដោយបំពាក់ឧបករណ៍វិទ្យាសាស្ត្រ និងសម្ភារៈសម្រាប់សិស្ស និងគ្រូសម្រាប់សិក្សា និងពិសោធជាក់ស្តែងលើមុខវិជ្ជានានា ដោយចំណាយថវិកាប្រមាណ ៣៥០,០០០ ដុល្លារអាមេរិក។

លោកនាយកបន្តថា ក្រោយពីទទួលបានគម្រោងពីធនាគារ ADB មក គុណភាពសិក្សារបស់សិស្សានុសិស្សមានការកើនឡើងទៅលើជំនាញផ្សេងៗ ជាពិសេសសិស្សនៅទីនេះ ចាប់អារម្មណ៍​ខ្លាំងលើមុខវិជ្ជា STEM និងបានធ្វើជាសមិទ្ធផលជាច្រើន ហើយបានជាប់ចំណាត់ថ្នាក់​ទូទាំងប្រទេស ពីលេខ១ ដល់លេខ៣ ដូចជា​ផលិតផល​​ឈ្មោះ​ តែព្រះក្រុងទ្រង់គ្រឿង ចង្ក្រានទិព្វ តុជើងប្រើខ្សែ តុពាងឆា្លតវៃ ជាដើម ដែលនេះបង្ហាញពីការប្រែប្រួលថ្មីរបស់សិស្ស ដែលមានទាំងការសិក្សា ការ​ធ្វើ​ពិសោធ និងអនុវត្តផ្ទាល់។

លោក ឡុង​ សោភា បញ្ជាក់ពីអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំមានមោទនភាពណាស់ ត្រង់ថាគ្រូយើងអាចធ្វើបាន សិស្សយើងអាចធ្វើបាន ដូចអ្វីដែលយើងទទួលបានពី ADB អ៊ីចឹង គ្រូយើងក៏បានអភិវឌ្ឍន៍សមត្ថភាព ក្នុងនោះសិស្សក៏កាន់តែមានការចូលរួមកាន់តែខ្លាំងក្នុងការអភិវឌ្ឍន៍សមត្ថភាពដូចគ្នា ហើយក្នុងនាមជាថ្នាក់ដឹកនាំសប្បាយចិត្តណាស់ ព្រោះយើងបានបង្កើតថ្នាលមួយដ៏ល្អសម្រាប់កូនចៅប្រជាពលរដ្ឋនៅក្នុងខេត្តកែប»។

គ្រូបង្រៀនមុខវិជ្ជាគណិតនៅវិទ្យាល័យ ហ៊ុន សែនចំការដូង លោក សេង ចំណាប់ បានឱ្យដឹងថា ពេលមិនទាន់មានអគារធនធានរណបរបស់ ADB រូបលោក និងសិស្សានុសិស្ស ហាក់មានការយល់ដឹងទាបបំផុតទៅលើមុខវិជ្ជា STEM ប៉ុន្តែក្រោយមានគម្រោងរបស់ ADB លោកគ្រូ និងសិស្សបាននាំគា្នអភិវឌ្ឍខ្លួនលើសិក្សាមុខវិជ្ជា STEM និងបានចូលប្រកួតប្រជែងតាមកម្មវិធីនានា រហូតទទួល​បានចំណាត់ល្អ និងត្រូវបានមជ្ឈដ្ឋានខាងក្រៅចាត់ទុក​សាលារបស់លោកជាដៃគូប្រកួតប្រជែង​ខ្ពស់មួយ។

លោក សេង ចំណាប់ រៀបរាប់ថា៖ «សិស្សពីមុន​ខ្លាចមុនវិជ្ជាវិទ្យាសាស្ត្រណាស់ តែឥឡូវអត់ទេ ព្រោះគាត់ស្រឡាញ់ ហើយមករៀនដើម្បីតម្រូវទៅថ្ងៃអនាគតរបស់គាត់ ដោយយើងដកពិសោធផ្ទាល់ៗតែម្តង»។

យុវសិស្សថ្នាក់ទី១២ ណេន ចាន់អេឡិច និយាយថា គម្រោង USESDP-2 របស់ ADB បានជួយឱ្យសិស្សនៅទីនេះ មានភាពងាយស្រួលក្នុងការសិក្សា និងចេះអនុវត្តច្រើន ដោយសារ​ធនធានដ៏សម្បូរបែបដែលមាននៅក្នុងអគារធនធានរណប។

ចាន់អេឡិច បញ្ជាក់ថា៖ «ខ្ញុំចូលទៅបន្ទប់ LAB ហ្នឹង ដើម្បី​រៀនដូចជារូបវិទ្យា​ គីមីវិទ្យា ជីវវិទ្យា ផែនដី ហើយបើរូបវិទ្យា គីមីវិទ្យា​ យើងបានសិក្សាការពិសោធន៍ផ្ទាល់ៗ ហើយផែនដីវិទ្យា​ យើងអាចឃើញពីរបៀបបន្ទុះភ្នំភ្លើងមែនទែន។ សម្រាប់ខ្ញុំវាអស្ចារ្យ វាអាចជួយឱ្យខ្ញុំពង្រឹងសមត្ថភាពខ្លួនឯង និងដាក់ក្តីស្រមៃ​ចង់ក្លាយជាស្ថាបត្យករ ទៅថ្ងៃអនាគត»។

ជាមួយគ្នានេះ លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង បានគូសបញ្ជាក់ពីរបៀបដែល​កម្មវិធីអភិវឌ្ឍន៍អប់រំមធ្យម សិក្សាទុតិយភូមិទី២ របស់ ADB អាចផ្លាស់ប្តូរការសិក្សា និងបើកឱកាសសម្រាប់សិស្សានុសិស្សទូទាំងប្រទេស តាមរយៈការធ្វើឱ្យប្រសើរឡើងនូវថ្នាក់រៀន និងបន្ទប់ពិសោធន៍ បូករួមទាំងការបណ្តុះបណ្តាលផ្តោតសំខាន់សម្រាប់គ្រូបង្រៀន យុវជនបច្ចុប្បន្ន អាចសិក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយអន្តរកម្ម និងការចូលរួម។

លោក Kanda បន្ថែមថា ADB ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តធ្វើជាដៃគូ​ជាមួយនឹងរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានា ដើម្បីធានាថា ឱកាសទាំងនេះ​បាន​ទៅដល់សិស្សកាន់តែច្រើន ជាពិសេសអ្នកដែលត្រូវការពួកគេច្រើនបំផុត។

គួរគូសបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-2)នេះ ​បានចាប់អនុវត្តពីខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ដោយប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានសរុប ៥៣,៥ លានដុល្លារ ក្នុងនោះហិរញ្ញប្បទានរបស់ ADB ចំនួន ១៥ លានដុល្លារជាប្រាក់កម្ចី និង ៣៥ លានដុល្លារ ជាជំនួយឥតសំណងរបស់ ADB និង ៣,៥ លានដុល្លារ ជាវិភាគទានពីរាជរដ្ឋាភិបាលកម្ពុជា៕