
ស្រួង ភាវី បានបង្ហាញពាន PBA Golden Cue Awards 2025 ដែលនាងទើបទទួលបាន កាលពីថ្ងៃពុធ។ រូបថត ស្រួង ភាវី
កីឡាការិនីប៊ីយ៉ាការ៉ុមដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការបន្តផ្សព្វផ្សាយពីកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ បន្ទាប់ពីស្រ្តីខ្មែរ កំពុងរស់នៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានទទួលពាន PBA Golden Cue Awards 2025 ក្នុងនាមជាកីឡាការិនីឆ្នើមរបស់សហព័ន្ធកីឡាប៊ីយ៉ាការ៉ុមអន្តរជាតិ ដែលធ្វើឱ្យនាងកាន់តែមានឈ្មោះបោះសំឡេងខ្លាំង។
ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ស្រួង ភាវី ត្រូវបានវាយតម្លៃថា ជាកីឡាការិនីឆ្នើមផ្នែកប្រយុទ្ធល្អបំផុត ដើម្បីទទួលពាន PBA Golden Cue Awards 2025 នេះ ដែលត្រូវបានប្រកាសក្នុងកម្មវិធីផ្តល់ពានរង្វាន់ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ហើយការឈ្នះពានឯកត្តជន ប្រចាំឆ្នាំ២០២៥នេះ គឺបានបញ្ជាក់ឱ្យឃើញថា ភាវី នៅតែជាកីឡាការិនីប៊ីយ៉ាការ៉ុម ដែលមានស្នាដៃ និងមានប្រជាប្រិយភាពខ្លាំង នៅកូរ៉េខាងត្បូង ដែលជាទីកន្លែងមានការប្រកួតប្រជែងខ្ពស់ជាងគេលើប្រភេទកីឡានេះ
ស្រួង ភាវី បាននិយាយតាមរយៈវីដេអូខ្លីរបស់ខ្លួន កាលពីថ្ងៃពុធនោះថា៖ «ថ្ងៃនេះ ខ្ញុំបានទទួលបានរង្វាន់ពីសហព័ន្ធកីឡាប៊ីយ៉ាការ៉ុមអន្តរជាតិ ហើយពាននេះក៏មិនមែនចេះតែទទួលបានដោយងាយនោះដែរ ព្រោះមានការចម្រាញ់ជ្រើសរើសគម្រប់១ឆ្នាំពេញ ទៅលើកីឡាករ កីឡាការិនីទាំងអស់ ដែលមានប្រជាប្រិយភាពខ្ពស់ និងលេងបានល្អ ហើយអ្វីដែលពិសេសនោះ គឺខ្ញុំបានលេងប្រយុទ្ធល្អ និងអស្ចារ្យនៅឆ្នាំនេះ»។
សម្រាប់ការទទួលបានពាន PBA Golden Cue Awards 2025 គឺ ស្រួង ភាវី បានប្រឹងប្រែងខ្លាំង ក្នុងការរក្សានូវគុណភាពប្រកួតប្រជែងរបស់នាង ឱ្យស្ថិតនៅកម្រិតខ្ពស់ជាងកីឡាការិនីប៊ីយ៉ាការ៉ុមអន្តរជាតិជាច្រើនទៀត តាមរយៈការដណ្តើមបានពាន និងមេដាយ ជាបន្តបន្ទាប់សម្រាប់ការប្រកួតជាអន្តរជាតិ ខណៈការឈ្នះពាននេះ ភាវី ក៏ដូចជាអត្តពលិកឈ្នះពានផ្សេងទៀត សុទ្ធតែទទួលបានកញ្ចប់ថវិកាដ៏ច្រើន។
ស្រួង ភាវី បានបញ្ជាក់ថា៖ «អ្វីដែលខ្ញុំរំភើបនោះ គឺពាននេះ មិនមែនតែពានមួយហ្នឹងទេ គឺថែមទាំងទទួលបានកញ្ចប់ថវិកា ជាការលើកទឹកចិត្ត និងផ្តល់តម្លៃល្អខ្លាំងមែនទែន។ ខ្ញុំពិតជាសប្បាយចិត្ត ដែលការខិតខំប្រឹងប្រែងរបស់ខ្ញុំទទួលបានលទ្ធផលល្អដ៏មហិមានេះ ហើយក៏បានផ្សព្វផ្សាយពីប្រទេសកម្ពុជា ធ្វើឱ្យគេបានស្គាល់កម្ពុជាកាន់តែទូលំទូលាយ»។
ជាមួយគ្នានេះ ស្រ្តីមានដើមកំណើត នៅខេត្តត្បូងឃ្មុំ និងមានស្វាមីជាជនកូរ៉េខាងត្បូង ស្រួង ភាវី បានបង្ហាញការតាំងចិត្ត ក្នុងការផ្សព្វផ្សាយពីកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈជំនាញកីឡាប៊ីយ៉ាការ៉ុមរបស់នាង ដែលកំពុងទទួលបានការគាំទ្រខ្លាំងបំផុតពីប្រជាជនកូរ៉េខាងត្បូង ព្រោះ ភាវី បានសាបព្រោះស្នាដៃរបស់នាង នៅលើទឹកដីប្រទេសមួយនេះ អស់រយៈពេលជាង១០ឆ្នាំមកហើយ។
ស្រួង ភាវី បានបញ្ជាក់ថា៖ «ខ្ញុំនឹងព្យាយាមខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធ្វើឱ្យកេរ្តិ៍ឈ្មោះប្រទេសរបស់យើង កាន់តែមានសម្ទុះនៅលើឆាកអន្តរជាតិ ហើយ ភាវី ពិតជាសូមអរគុណដល់ពុកម៉ែបងប្អូន ដែលបានស្រលាញ់ និងគាំទ្រដល់ខ្ញុំ ហើយនេះជាកម្លាំងចិត្តដ៏ខ្លាំងក្លាបំផុតដល់រូបខ្ញុំ»។
បន្ថែមទៅលើការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះកម្ពុជា នៅក្រៅប្រទេស ជាពិសេសនៅកូរ៉េខាងត្បូងនេះ ស្រួង ភាវី ក៏បានខិតខំកៀរគរថវិកាពីសប្បុរសជន ក៏ដូចជាក្រុមហ៊ុនឯកជន នៅកូរ៉េ ដើម្បីយកមកធ្វើការងារសប្បុរសធម៌នៅកម្ពុជាដែរ ហើយបើតាមអ្វីដែល ភាវី បានបង្ហោះ គឺនាង នឹងត្រឡប់មកកម្ពុជា ដើម្បីរៀបចំកិច្ចការសប្បុរសធម៌ នៅមណ្ឌលកុមារអូទីស្សឹម នៅថ្ងៃទី២១ ខែមីនា ហើយ ភាវី ក៏បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមចូលរួមជាមួយក្រុមការងាររបស់ខ្លួន លើការងារនេះផងដែរ៕