
លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា។ រូបថត STPM
ភ្នំពេញ៖ លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានប្រើប្រាស់អភិក្រម ពង្រឹងជាជាងពង្រីក និងរៀបចំផ្ទះឱ្យរៀបរយនៅតាមក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដោយមិនយកគំរូតាមប្រទេសមួយចំនួនដែលជ្រើសរើស «បង្រួមដើម្បីពង្រឹង» រួមទាំងប្រទេសវៀតណាម ជិតខាងកម្ពុជា។
លោកបានថ្លែងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនានេះថា៖ «អភិក្រម ពង្រឹងជាជាងពង្រីក គឺការពិនិត្យទៅលើរចនាសម្ព័ន្ធអង្គភាព កែសម្រួលតួនាទីភារកិច្ចកុំឱ្យប៉ោង និងកុំឱ្យជាន់គ្នា ហើយការរៀបចំផ្ទះឱ្យរៀបរយគឺការរៀបចំពិនិត្យ និងការពង្រាយមន្ដ្រីកុំឱ្យជាន់តួនាទី ការងាររបស់ក្រសួង ស្ថាប័នខ្លួនឯង»។
គិតត្រឹមខែមករា ឆ្នាំ២០២៥ កម្ពុជាមានមន្ត្រីរាជការស៊ីវិលជាង ២៣ម៉ឺននាក់ ដោយចំនួន ៥៤ ៥៨៥នាក់ បម្រើការងារនៅថ្នាក់ជាតិ និងចំនួន ១៧៧ ៤៤៩នាក់ នៅថ្នាក់ក្រោមជាតិ។
ជាជាងការស្នើសុំបង្កើនសំយាបបន្ថែម ក្រសួងនីមួយៗត្រូវពង្រឹងស្ថាប័នឱ្យមានប្រសិទ្ធភាព បង្កើនការងារជួយសេវាសាធារណៈ និងការងារជំនាញរបស់ខ្លួន។
លោកនាយករដ្ឋមន្ដ្រីលើកទឹកចិត្ដឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់តែច្រើន ដោយលោកបានលើកឡើងថា ស្ថាប័នរាជរដ្ឋាភិបាលផ្ដល់សេវាកម្មជាង ៣០០០កន្លែង ហើយឯកសារត្រូវបានតម្រូវឱ្យប្រើប្រាស់នៅតាមអង្គភាព និងស្ថាប័នដដែលៗ ដូចជា អត្ដសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារ សំបុត្រកំណើត ជាដើម។
លោកបានឱ្យដឹងថា ក្រសួង-ស្ថាប័ននីមួយៗត្រូវវិភាគមុខងារ និងកែសម្រួល ដោយលោកបានលើកឡើងពីក្រសួងអប់រំ ដែលកាត់បន្ថយនាយកដ្ឋានមួយចំនួន ដែលមិនមានដំណើរការពេញលេញ និងបង្រួមមុខងារជាមួយនាយកដ្ឋានផ្សេងទៀត។
លោកនាយករដ្ឋមន្ដ្រីបានថ្លែងថា៖ «កំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាបេះដូងនៃការធ្វើកំណែទម្រង់ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល»។
នេះមិនមែនជាកិច្ចការដែលកម្ពុជាអនុវត្ដតែឯងនោះទេ គ្រាន់តែប្រទេសនីមួយៗផ្ដោតលើអភិក្រមខុសៗគ្នា។
លោកនាយករដ្ឋមន្ដ្រីបានបន្ថែមថា៖ «យ៉ាងហោចណាស់ ៦ ប្រទេសដែលធ្វើការកំណែទម្រង់រដ្ឋបាល ប្រទេសមហាអំណាច និងមានសេដ្ឋកិច្ចខ្ពស់ជាងយើង»។
លោកបានលើកឡើងពីសហរដ្ឋអាមេរិក ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានកាត់បន្ថយមន្ដ្រីជាង ២០ម៉ឺននាក់ នឹងលប់ក្រសួងអប់រំចោល ដោយទុកឱ្យមន្ដ្រីអប់រំធ្វើការជាមួយរដ្ឋ។
កាលពីប៉ុន្មានថ្ងៃមុន អង់គ្លេសប្រកាសកាត់បន្ថយអង្គភាពក្រោមស្ថាប័នសេវាជាតិសុខភាពចំនួន ៥០ភាគរយពីចំនួន ១៣០០០នាក់ មកត្រឹម ៦០០០នាក់។
លោកបានឱ្យដឹងថា៖ «បុគ្គលិកពាក់កណ្ដាលស្អែកមិនបាច់មកធ្វើការ។ អាមេរិកកាត់ ២០ម៉ឺននាក់ ស្អែកមិនបាច់មកធ្វើការ ចប់ហើយ»។
លោកបានបន្ដថា៖ «ស្ថាប័នមួយចំនួន ដោយទាំង USAID នៅស្រុកយើង ទាំងអាស៊ីសេរី និង VOA គឺប្រាប់ថា មិនបាច់មកធ្វើការទេ។ នេះជាបទបញ្ជារដ្ឋាភិបាល ដែលរដ្ឋបាល ត្រាំ កាត់បន្ថយលើការចំណាយ ជាពិសេស ពាក់ព័ន្ធនឹងផលប្រយោជន៍អាមេរិក»។
រដ្ឋាភិបាលសហព័ន្ធប៉ាគីស្ថាន គ្រោងកាត់បន្ថយមន្ដ្រី ១៥ម៉ឺននាក់ ហើយម៉ាឡេស៊ី លប់ ៣ក្រសួង កែសម្រួល ៥ក្រសួង និងបង្រួម ៧ក្រសួង ក៏ដូចជាដាក់មន្ដ្រីចូលនិវត្ដន៍មុនកំណត់ជាង ៣ម៉ឺននាក់។
លោកនាយករដ្ឋមន្ដ្រីបានលើកឡើងថា៖ «វៀតណាមកាត់បន្ថយ ៣០ក្រសួង-ស្ថាប័ន មក ២២ថ្នាក់ជាតិ កែសម្រួលថ្នាក់ក្រោមជាតិ គ្រោងគោលដៅកាត់បន្ថយមន្ដ្រី ១០ម៉ឺននាក់ ហើយគ្រោងលប់ស្រុកតែម្ដង ដោយទុកតែឃុំ និងខេត្ដ។ អាហ្សង់ទីន កាត់បន្ថយចំនួនមន្ដ្រី ៣ម៉ឺនាក់ និងគ្រោងកាត់បន្ថែម ៧ម៉ឺននាក់ទៀត»។
លោកបានថ្លែងថា ប្រទេសទាំងនេះអស់យកអភិក្រមពង្រួមដើម្បីពង្រឹង។ ប៉ុន្ដែកម្ពុជាមានម៉ូដែលខុសគ្នា ដោយប្រកាន់យកអភិក្រមពង្រឹងជាជាងពង្រីកក្នុងរយៈពេលជាងមួយឆ្នាំនេះ។
អភិក្រមនេះទប់ស្កាត់ក្នុងការពង្រីកចំពោះវិស័យមួយចំនួន ដែលមិនទាន់ចាំបាច់ លើកលែងតែវិស័យអប់រំ សុខាភិបាល និងកសិកម្ម។
លោកនាយករដ្ឋមន្ដ្រីរំឭកពីស្នើឱ្យបង្រួមក្រសួងចំនួន ៣ចូលគ្នា គឺក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍជនបទ។ ប៉ុន្ដែលោកមិនយកគំរូតាមប្រទេសដទៃទៀតនោះទេ ហើយលោកថែមទាំងលើកទឹកចិត្ដឱ្យក្រសួងទាំង ៣ សហការបំពេញការងារឱ្យបានល្អ។
លោកបានពន្យល់ថា៖ «យើងមិនលប់ក្រសួង-ស្ថាប័ន ដូចមានសំណើឱ្យលប់នោះទេ។ តែត្រូវធ្វើមេច រៀបចំតួនាទី ភារកិច្ច សម្របសម្រួលឱ្យបានច្បាស់ បង្កើននូវសហថាមពលនៃក្រសួងទាំង ៣។ កន្លែងដែលមាន [តួនាទី] ជាន់គ្នា នរណាត្រូវបង្រួម កន្លែងដែលធ្វើការមិនសហការគ្នាល្អ ពង្រឹងសហការគ្នាឱ្យល្អ»៕