ប៉ៃលិនៈ ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយ(Cangxinlong Food (Cambodia)  Co., Ltd)ត្រូវបានពិន័យប្រមាណជា៣០០លានរៀល ចំពោះការមិនរាងចាល ក្នុងការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ក្រុមការងារ នៃក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន មន្ទីរបរិស្ថាន មន្ទីរធនធានទឹក មន្ទីរកសិកម្ម អាជ្ញាធរស្រុកសាលាក្រៅ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីបង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈ ដែលបង្កឡើងដោយក្រុមហ៊ុន កាងស៊ីនឡុង ហ្វូត មានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ កាលពីថ្ងៃទី១៨ និង១៩ ខែមីនានេះ។

ក្រុមការងារបានពិនិត្យឃើញថា អូររអិល ត្រូវទទួលរងការបំពុលទាំងស្រុង ពីចំណុចក្បាលឡាន រហូតដល់ស្ទឹងកុយ។ ក្នុងនោះ វាធ្វើឱ្យទឹកមានការប្រែប្រួលលក្ខណៈរូបដើម មានក្លិនស្អុយ និងកម្រិតរលាយអុកស៊ីសែនក្នុងទឹក (Dissolved Oxygen ឬ DO) ថយចុះខ្លាំង (តូចជាង 3mg/L) ដែលមិនអនុលោមកម្រិតកំណត់ស្តង់ដារ (ធំជាង 4mg/L)។ នេះបើយោងតាមក្រសួងបរិស្ថាន នៅថ្ងៃទី ២០ ខែមីនានេះ។

ករណីបំពុលនេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជីវៈចម្រុះក្នុងទឹក និងការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយផ្ទាល់និងដោយប្រយោល។

អភិបាលរងខេត្តប៉ៃលិន លោកហែម ឫទ្ធីបានបញ្ជាក់ថា ការបំពុលនេះ ក៏បានបង្កឱ្យមាន ផលប៉ះពាល់ដល់ទីតាំងអភិរក្សពូជត្រីរបស់មន្ទីរកសិកម្មខេត្តផងដែរ។

ក្រុមហ៊ុននេះធ្លាប់បានបង្កការបំពុលម្តងរួចមកហើយកាលពីឆ្នាំ២០២៤។ ពេលនោះ ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ រួមទាំងការពិន័យអន្តរការចំនួន ៣០លានរៀលផងដែរ។

ក្នុងការចុះត្រួតពិនិត្យចុងក្រោយនេះ ក្រុមការងារបានប្រមូលយកសំណាកចំនួន៦បន្ថែមទៀត មកវិភាគដើម្បីវាយតម្លៃគុណភាពធៀបកម្រិតកំណត់ស្តង់ដារ ដែលបានកំណត់ដោយអនុក្រឹត្យលេខ២៧ និងអនុក្រឹត្យលេខ១០៣ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។

នេះជាករណីបំពុលលើកទី២ ដែលបង្កឡើងដោយក្រុមហ៊ុនកាងស៊ីនឡុង ហ្វូតនេះ។ ហេតុនេះ ក្រសួងបរិស្ថានបានសម្រេចចាត់វិធានការបន្ទាន់ «លើករណីមិនរាងចាល» ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ។

វិធានការទាំងនោះរួមមាន ក្រុមហ៊ុនត្រូវបញ្ឈប់ការបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុន ចូលទៅប្រភពទឹកសាធារណៈ ដូចជា អូររអិល និងស្ទឹងកុយ ជាបណ្តោះអាសន្ន រហូតទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។

ក្រៅពីនោះ ក្រុមហ៊ុនត្រូវបានពិន័យអន្តរការណ៍ករណីមិនរាងចាល ក្នុងករណី ការបញ្ចេញសំណល់រាវពុំបានធ្វើការសម្អាតត្រឹមត្រូវ និងលើសកម្រិតកំណត់ស្តង់ដារបញ្ចេញ។ សកម្មភាពនេះ ល្មើសទៅនឹង​មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៨៩​ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធប្រ​ព្រឹ​ត្តិកម្មសំ​ណល់រាវ ដាក់ឱ្យដំណើរការតាមលក្ខណៈបច្ចេកទេស មានសមត្ថភាពសម្អាតឆ្លើយតបតាមស្តង់ដារបញ្ចេញសំ​ណល់រាវ ដោយប្រើប្រាស់ក្រុមហ៊ុន ផ្តល់សេវាវិស្វកម្មបរិស្ថាន ដែលទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។

បន្ថែមពីនោះ ក្រុមហ៊ុន ក៏ត្រូវផ្តល់សំណងការខូចខាតលើផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ ទៅតាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ និងអនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹង ការផាកពិន័យ ក្នុងករ​ណីមិនរាងចាល និងរួមនឹងការវាយតម្លៃផលប៉ះពាល់ផ្សេងៗទៀត គឺមានប្រមាណជាង៣០០លានរៀល។

លោកមានប្រសាសន៍ថា៖«យើងអនុវត្តច្បាប់មិនលើកលែង។ ចាប់ពីពេលហ្នឹង គឺឱ្យគាត់បិតការបង្ហូរ។ ក្នុងរយៈពេល១ខែ គឺឱ្យគាត់រៀបចំស្តង់ដារចម្រោះទឹកកខ្វក់ ចាប់តាំងពីយើងចេញលិខិតស្វ័យប្រកាសជូនគាត់នៅថ្ងៃទី១៩ មីនា ម្សិលមិញ»។

ក្រុមហ៊ុនក៏ត្រូវស្ដារ សម្អាតបរិស្ថាន នៅទីតាំងដែលទទួលរងការបំពុល​ឱ្យ​មាន​ភាពល្អប្រសើរឡើងវិញ​ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចនេះ ​ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់​ ​​ជាធរមានបន្ថែមទៀត៕