
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ (ក.គ.ផ.ស.) ជួបប្រជុំជាមួយមន្ត្រីជំនាញតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែមីនា។ រូបថត សហការី
ភ្នំពេញ៖ នៅកម្ពុជាមានក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូចំនួន១៧ ដែលផ្ដោតលើ ៣ ទម្រង់ សរុបចំនួន ១៤៣៧១០ ផ្ទាំងនៅទូទាំងប្រទេសកម្ពុជា។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) បានថ្លែងថា៖ «ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រប់ប្រភេទចំនួនប្រមាណ ១២ម៉ឺនផ្ទាំង បានដាក់នៅមុខហាង និងមុខផ្ទះប្រជាពលរដ្ឋ នៅតាមទីតាំងសាធារណៈ តាមដងផ្លូវសាធារណៈ ឬចំណីផ្លូវ»។
នេះជាការលើកឡើង នៅពេលលោកបានជួបប្រជុំជាមួយមន្ត្រីជំនាញតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែមីនា ដើម្បីពិភាក្សាគ្នាលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូអាហ្វីស ឱ្យមានសណ្តាប់ធ្នាប់ល្អ។
ក្រសួងព័ត៌មានបានប្រកាសថា បើតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ថវិកាចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅឆ្នាំ២០២៤ មានចំនួនប្រមាណ ៤៤០លានដុល្លារ ក្នុងនោះផ្សព្វផ្សាយពាណិជ្ជកម្មលើផលិតផលមិនមែនគ្រឿងស្រវឹង ២៨០លានដុល្លារ និងផលិតផលគ្រឿងស្រវឹងចំនួនប្រមាណ ១៦០លានដុល្លារ។
លោក នេត្រ ភក្ត្រា បានបើកសិក្ខាសាលាផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយផ្តោតលើប្រកាសស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងយុទ្ធនាការ «ឆន្ទៈល្អ»ថា ទីផ្សារស្រាបៀរកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែលជំរុញសេដ្ឋកិច្ច។
ខណៈពេលដែលការលក់ស្រាបៀរកំពុងងើបឡើងវិញ ពួកគេមិនឈានដល់កម្រិតមុនការរាតត្បាតនៃជំងឺរាតត្បាតនោះទេ។
បច្ចុប្បន្នមានរោងចក្រស្រាបៀរធំៗចំនួនប្រាំពីរនៅក្នុងប្រទេសកម្ពុជា ដែលចំនួនប្រាំជាកម្មសិទ្ធិរបស់អ្នកស្រុក និងពីរក្រុមហ៊ុនបរទេស។
លោក ភក្ត្រា បានឱ្យដឹងថា៖ «ឧស្សាហកម្មគ្រឿងស្រវឹងបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងនិរន្តរភាពការងាររបស់កម្ពុជា ហើយវានឹងបន្ដរីកចម្រើននាពេលអនាគត។ ជាក់ស្ដែង នៅឆ្នាំ២០២៣ ទីផ្សារស្រាបៀរនៅកម្ពុជាមានទំហំប្រមាណ ១,១ពាន់លានដុល្លារអាមេរិក និងត្រូវបានព្យាករថានឹងដល់ ២,២ពាន់ពាន់លានដុល្លារនៅឆ្នាំ២០៣២ ជាមួយអត្រាកំណើនទីផ្សារ ៨,១៩ភាគរយក្នុងមួយឆ្នាំ»។
លោកបានថ្លែងថា តម្រូវការស្រាប្រៀរនៅកម្ពុជាមានទំហំប្រមាណ ១,១ពាន់លាន (ប៊ីលាន) លិត្រ ឬស្មើរ ៩៨ភាគរយផ្គត់ផ្គង់ដោយផលិតកម្មក្នុងស្រុក ដោយផ្អែកលើការគណនាទិន្នន័យរបស់នាយកដ្ឋានពន្ធដារ និងនាយកដ្ឋានគយ និងរដ្ឋករកម្ពុជានៅឆ្នាំ២០២៣។
យ៉ាងណាមិញ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងគ្រប់ការផ្សព្វផ្សាយពាណិជ្ជកម្មនេះឱ្យបានល្អ ប្រធាន (ក.គ.ផ.ស.) មានតួនាទីដឹកនាំជាយុទ្ធសាស្ត្រ តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេស កំណត់វិធានការច្បាប់ និងវិធានការបច្ចេកទេសធានាបានកិច្ចការពារអ្នកប្រើប្រាស់ និងជុំរុញការប្រកួតប្រជែងប្រកបដោយសុចរិត។
លើសនេះពី ក្រុមការងារ (ក.គ.ផ.ស) រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភ័ណភាព និងចូលរួមពង្រឹងសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
លោក ភក្ដ្រា បានថ្លែងថា៖ «កិច្ចការងារដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន គឺធ្វើយ៉ាងណាដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ និងអាហ្វីសផ្សេងៗទៀត ឱ្យមានសណ្តាប់ធ្នាប់ល្អ ដើម្បីផ្លាស់ប្តូរឥរិយាបថនៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមរយៈរូបភាព និងសារផ្សេងៗ»។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោកបានប្រកាសស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងយុទ្ធនាការ «ឆន្ទះល្អ»។
យុទ្ធនាការ «ឆន្ទៈល្អ» ត្រូវបានធ្វើឡើងក្នុងគោលបំណងនៃការផ្លាស់ប្តូរឥរិយាបថរបស់អ្នកផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ពីការប្រើប្រាស់រូបភាព និងសារពាណិជ្ជកម្មរបស់ខ្លួន ជំនួសមកវិញនូវការប្រើប្រាស់រូបភាព ឬសារអប់រំជាចម្បងនៅលើផ្ទាំងប៉ាណូផ្សាយធំៗនៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ដោយការដាក់ទំហំផលិតផលដែលគាំទ្រសារនោះតូចនៅខាងក្រោមសារអប់រំ៕