លោក ស ខេង មិន​អាច​ទទួល​បាន​ឋានន្តរសក្តិ​ជា​នាយ​ឧត្តម​សេនីយ៍​ផុត​លេខ​ ផ្កាយ​មាស​ ៥ ទេ ដោយ​សារ​លោក​ជា​ស៊ី​វិល មិន​មែន​កង​ទ័ព​ដូច​លោក ទៀ បាញ់ និង​លោក​ស្រី ម៉ែន សំអន។ នេះ​ជា​ការ​ពន្យល់​របស់​លោក ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្តីទី។

ការ​លើក​ឡើង​នេះ​ឆ្លើយ​តប​ទៅ​នឹង​មតិ​មួយ​ដែល​លើក​ឡើង​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី លោក ស ខេង ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ទទួល​បាន​ឋានន្តរសក្ដិ​នេះ។

លោក​ ហ៊ុន សែន ពន្យល់​ថា៖ «មាន​ comment មួយ​ថា បាត់​សម្ដេច ស ខេង។ ខ្ញុំ​ក៏​បាន​ចូល​ទៅ​ឆ្លើយ​តប​ថា សម្ដេច​ ស​ខេង ជា​ស៊ីវិល គាត់​មិន​ពាក់​សក្តិ​ដូចជា​ទាហាន​នោះ​ទេ។ តាម​ពិត សម្ដេច​ក្រឡាហោម ស​ ខេង នៅ​​ឆ្នាំ​១៩៩៧​ ឬ ១៩៩៨ ពេល​នោះ​គាត់​និយាយ​ថា បើ​សិន​ជា​ខ្ញុំ​ពាក់​សក្តិ ខ្ញុំ​ពាក់​តែ​សក្តិ​ ៥ ទេ អត់​ពាក់​សក្តិ​​ធំ​ជាង​នេះ​ទេ ហើយ​ពេល​នោះ​កំពុង​មាន​អតិផរណា​សក្តិ។ សូម​កុំ​ព្យាយាម​មក​បំបែក​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន»។

ប្រធាន​ព្រឹទ្ធសភា និង ជា​ប្រមុខ​រដ្ឋ​ស្ដីទី នៅ​ព្រឹក​ថ្ងៃ​ទី២១​ខែមីនា​នេះ បាន​បំពាក់​ឋានន្តរសក្តិ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស ៥ ផុត​លេខ សម្រាប់​លោក ទៀ បាញ់ និង លោកស្រី ម៉ែន​ សំអន ដែល​បាន​ចូលរួម​ក្នុង​ការ​ការពារ​ជាតិ​ និង​ទឹកដី។

បច្ចុប្បន្ន​នេះ មន្ត្រី​ជាន់​ខ្ពស់​ដែល​មាន​ឋានន្តរសក្តិ​នាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​ ៥ ផុត​លេខ​មាន​ចំនួន​ ៤​រូប រួម​មាន​លោក ហេង សំរិន, លោក ហ៊ុន សែន និង​លោក​ ទៀ បាញ់ និង​លោក​ស្រី ម៉ែន សំអន ដែល​ត្រូវ​បាន​បំពាក់​ឋានន្តរសក្តិ​នៅ​ថ្ងៃ​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហ៊ុន សែន។

លោក​ ហ៊ុន សែន ថ្លែង​ថា លោក ទៀ​ បាញ់ និង​លោក​ស្រី ម៉ែន សំអន មាន​គុណ​បំណាច់​ក្នុង​កិច្ចការ​បម្រើ​ជាតិ និង​ចូលរួម​ក្នុង​ការ​បង្កើត​រាជនិយម ដែល​សម​នឹង​ទទួល​បាន​ឋានន្តរសក្តិ​នេះ។

នៅ​ក្នុង​ពិធី​បំពាក់​សក្តិ​នេះ លោក ទៀ បាញ់ បាន​ប្រកាស​ប្ដេជ្ញា​ការពារ​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល និង​កម្មវិធី​នយោបាយ ការពារ​ព្រះ​មហា​ក្សត្រ ការពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ និង​ការពារ​សន្តិភាព ឯករាជ្យ និង​បូរណភាព​ទឹក​ដី​ឲ្យ​បាន​គងវង់​ស្ថិត​ស្ថេរ​គ្រប់​កាលៈទេសៈ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មាន​ឱកាស​ពេញ​លេញ​សម្រាប់​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច។

លោក​ក៏​បាន​ថ្លែង​ដែរ​ថា៖ «ប្ដេជ្ញា​វាយ​កម្ទេច​រាល់​ការ​ឃុប​ឃិត​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព ឧបាយកល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌ នៅ​លើ​ទឹក​ដី​កម្ពុជា និង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ»។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់​ឃើញ​ថា លោក ទៀ បាញ់ និង លោក​ស្រី ម៉ែន សំអន សក្ដិសម​នឹង​ទទួល​បាន​ឋានន្តរសក្តិ​នេះ ដោយ​សារ​លោក​ទាំង​ពីរ​បាន​មាន​គុណ​បំណាច់​ក្នុង​ការ​ស្រោច​ស្រង់​កម្ពុជា​ពី​ផេះផង់​នៃ​សង្គ្រាម រហូត​ដល់​មាន​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃ។

លោក​ថា៖ «ដូច្នេះ ឥស្សរជន​ទាំង​ពីរ​រូប​ដែល​ដំឡើង​ឋានន្តរសក្តិ​ជា​ឧត្តម​សេនីយ៍​ផុត​លេខ​នេះ គឺជា​សក្ដិសម​នឹង​អ្វី​ដែល​លោក​គួរ​តែ​ទទួល​បាន​ ព្រោះ​លោក​បាន​ចូលរួម​ក្នុង​ដំណើរ​សន្តិភាព និង​អភិវឌ្ឍ​កម្ពុជា»៕