កំពង់ស្ពឺៈ តំណាងសហគមន៍៥នាក់ ដែលកំពុងតែជាប់បណ្តឹងនៅតុលាការខេត្តកំពង់ស្ពឺ ក្នុងទំនាស់ដីព្រៃមេត្តាធម្មជាតិ រវាងសហគមន៍ជាមួយ និងតំណាងក្រុមគ្រួសារទាហាន បានស្នើសុំឱ្យមានការពិចារណា ទម្លាក់បទចោទលើពួកគាត់ ខណៈបទល្មើសព្រៃឈើកំពុងបន្តកើតមានក្នុងតំបន់នោះ។

ការស្នើសុំនេះ ត្រូវបានធ្វើឡើង ក្រោយពេលដែលពួកគាត់ទាំង៥នាក់បានចូលខ្លួនទៅទទួលការជំនុំជម្រះពីតុលាការកាលពីថ្ងៃទី១៨ ខែមីនានេះ លើបទចោទ «ធ្វើឱ្យខូចខាតដោយចេតនា និងជេរប្រមាថជាសាធារណៈ»។

ពួកគាត់ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តសកម្មភាពនេះនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ កាលពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

លោកឃន សារិទ្ធ អាយុ៤១ឆ្នាំ ដែលជាប្រជាសហគមន៍ម្នាក់ ក្នុងចំណោម៥នាក់ បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនានេះថា នៅថ្ងៃ ដែលពួកគាត់បានចូលទៅជំនុំជម្រះនោះ មានពលរដ្ឋប្រមាណជា២០០នាក់បានទៅគាំទ្រដល់តុលាការ។

បន្ទាប់ពីបានសួរនាំរូបលោក និងសហគមន៍២នាក់ផ្សេងទៀតចប់រួចមក តុលាការបានស​ម្រេចលើកពេលជំនុំជម្រះទៅថ្ងៃក្រោយវិញ ដោយ​សារតែផុតម៉ោងរដ្ឋបាល ហើយនៅសល់មនុស្សជាច្រើនាក់ទៀត ដែលរួមទាំងសាក្សីផង នៅមិនទាន់ត្រូវបានធ្វើការសាកសួរនៅឡើយ។

នៅក្នុងជំនុំជម្រះនោះ លោកត្រូវបានសួរនាំពីហេតុការណ៍ ដែលបានកើតឡើងកាលពីឆ្នាំ២០២១នោះ។ លោកបានឱ្យដឹងថា នៅពេលនោះ ប្រជាសហគមន៍រាប់រយនាក់ មកពី៤ឃុំ ក្នុងស្រុកឱរ៉ាល់បាននាំគ្នាទៅឃាត់គ្រឿងចក្រ របស់ក្រុមទាហាន ឱ្យបញ្ឈប់ការឈូសឆាយដីព្រៃ ដើម្បីរងចាំ ការរកដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធជាមុនសិន។

គ្រឿងចក្រ ដែលពលរដ្ឋអះអាងថា បញ្ចូនទៅធ្វើសកម្មភាព ឈូសឆាយដីព្រៃសហគមន៍ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមក។ រូបថត Khorn Sarith

ក្នុងហេតុការណ៍ ក៏មានការរុះរើរោងមួយចោលផងដែរ ដែលជាដើមហេតុ បណ្តាលឱ្យតំណាងក្រុមគ្រួសារទាហានធ្វើការប្តឹងពួកលោកទៅតុលាការកាលពីឆ្នាំ២០២២។

លោកបញ្ជាក់៖«ការពីដំបូង គេប្តឹងយើងមាន៣ករណី ដែលរួមទាំងការញុះញង់ និងបង្កភាពវឹកវរដល់សង្គមផងដែរ តែព្រះរាជអាជ្ញាបានទម្លាក់ចោលខ្លះ។ នៅសល់តែ ការធ្វើឱ្យខូចខាតដោយចេតនា និងជេរប្រមាថ»។

លោកបានសំណូមពរសុំឱ្យមានការទម្លាក់បទចោទលើពួកគាត់ទាំង៥រូប ព្រោះថាពួកគាត់មិនបានប្រព្រឹត្ត ដូចការចោទប្រកាន់នោះទេ។

លោកថ្លែងថា៖«អ្វីដែលយើងទៅស្នើសុំឱ្យគេផ្អាកសកម្មភាពឈូសនោះ គឺក្នុងនាមប្រជាពលរដ្ឋ ដើម្បីឱ្យមានការដោះស្រាយ រឿងដីរដ្ឋ មិនមែនដីឯកជនរបស់យើងទេ។ យើងការពារដីរដ្ឋទេ អញ្ជឹងហើយសុំឱ្យមានការពិនិត្យមើលករណីនេះ ហើយទម្លាក់ចោលបទចោទប្រកាន់ទាំងប៉ុន្មាននេះលើពួកខ្ញុំទាំង៥នាក់ហ្នឹង»។ បទចោទនេះ មានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១០ និងមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ។

ប្រធាន​អង្គការ​ប្រឆាំ​ងអំពើ​ពុក​រលួយ​ ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ​និង​ការ​ពារសិទ្ធិ​ពលរដ្ឋ លោកជា ហ៊ាន បានឱ្យដឹងថា រដ្ឋាភិបាលបានកាត់ដីព្រៃតំបន់នោះជាង២៦០ហិកតា សម្រាប់គ្រួសារកងទ័ព។ ប៉ុន្តែ មានដីខ្លះត្រូវបានធ្វើការលក់ដូរទៅវិញ ហើយការឈូសឆាយនៅតែបន្តកើតមាន ដែលធ្វើឱ្យមានការចូលទៅឃាត់គ្រឿងចក្រពីសំណាក់ពលរដ្ឋផងដែរ។

លោកអះអាងថា៖«យើងជាសង្គមស៊ីវិល មិនជំទាស់ទៅនឹងការកាត់ដីឱ្យកងទ័ពនោះទេ ដោយសារតែពួកគាត់ខ្វះដី។ តែមានការលក់ដីនោះទៅឱ្យបុគ្គលផ្សេងទៀត ដែលជាការរៀបចំដីរដ្ឋលក់ ហើយភរភូតរដ្ឋាភិបាល។ រាល់ថ្ងៃនេះ នៅតែមានជម្លោះ ការប្តឹងគ្នា និងតវ៉ា»។

លោកជា ហ៊ានកំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះ ហើយនឹងដាក់លិខិតសុំអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យមានក្រុមអធិការកិច្ចចុះធ្វើការស្រាវជ្រាវ និងចាត់ការទៅតាមផ្លូវច្បាប់។

ក្នុងព្រៃមេតា្តធម្មជាតិ មានវត្តអារាម និងព្រះសង្ឃគង់នៅ ចាប់តាំងពីឆ្នាំ២០២០មក។ ព្រៃនោះក៏មាន ពពួកសត្វព្រៃជាច្រើនប្រភេទផងដែរ​ ដូចសត្វក្ងោក ទោចម្កុដ និងស្វាជាដើម។ ក្រៅពីបញ្ហាដីធ្លី ព្រៃតំបន់នោះ ក៏កំពុងតែប្រឈមទៅនឹងការលួចកាប់ឈើ និងបរបាញ់សត្វជាដើម។

ដើម្បីទប់ស្កាត់បទល្មើសទាំងនេះ ព្រះសង្ឃ និងពុទ្ធបរិស័ទបាននាំគ្នាយករូបសំណាកព្រះពុទ្ធ ទៅដាក់ក្នុងព្រៃដែលនៅសេសសល់នាពេលកន្លងមក ប៉ុន្តែរូបខ្លះត្រូវបានជនខិលខូចលួចវាយបំផ្លាញចោល ដូចការកាត់ព្រះកេសជាដើម។

លោកងួន វាសនា អភិបាលស្រុកឱរ៉ាល់បានអះអាងថា កំពុងតែធ្វើដំណើរនៅក្រៅប្រទេស។ ហេតុនេះលោកមិនអាចធ្វើអត្ថាធិប្បាយបាន ទេនាថ្ងៃសុក្រ ទី២១ ខែមីនានេះ។

ទោះយ៉ាងណា មន្រ្តីសាលាស្រុកមួយរូប បានឱ្យដឹងថា បញ្ហាដីធ្លីនៅតំបន់នោះ កំពុងតែស្ថិតក្នុងចំណាត់ការ ដោះ​ស្រាយពីស្ថាប័នពាក់ព័ន្ធ៕