ស្ទឹងត្រែងៈ អង្គការអុកស្វាម បានសហការជាមួយក្រសួងបរិស្ថាន រៀបចំកម្មវិធីបោះជំរំយុវជនរយៈពេល២ថ្ងៃ នៅថ្ងៃទី ១៨ និង១៩ ខែមីនា នៅលើកោះហាន ខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធទិវាអន្តរជាតិ នៃសកម្មភាពដើម្បីទន្លេ ទិវានារី និងទឹក និងទិវាអន្តរជាតិនារី។

កម្មវិធី នេះក៏ធ្វើឡើងក្នុងគោលបំណង បង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទន្លេ និងជំរុញសកម្មភាពរួមគ្នា ដើម្បីការពារទន្លេមេគង្គ។

អ្នកចូលរួមប្រមាណ ៦០ នាក់ រួមមានថ្នាក់ដឹកនាំស្ត្រី មន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ ក្រុមយុវជន ប្រជានេសាទ និងអាជ្ញាធរមូលដ្ឋាន។ កម្មវិធីនេះមានសកម្មភាពរួមសំខាន់ចំនួន៣គឺ ការជួបជុំបោះជំរំនៅកោះហាន ការពិភាក្សាតុមូល និងការធ្វើដំណើរតាមទូក ដើម្បីមើលព្រៃលិចទឹកទន្លេមេគង្គ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាមនៅថ្ងៃទី២២ ខែមីនា។

ទន្លេមេគង្គបានជួយដល់វិស័យកសិកម្ម ជលផល និងជីវៈចម្រុះ រួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប្រមាណជាង៦០លាននាក់នៅតាមដង។

ជាពិសេសជាសក្តានុពលមួយដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ ផ្នែកវប្បធម៌ប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់សហគមន៍នៃអាងទន្លេមេគង្គ ក៏ដូចសង្គមកម្ពុជា ។

អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោកគល់ វឌ្ឍនា បានមានប្រសាសន៍ ក្នុងពិធីបើកកម្មវិធីនេះថា នៅក្នុងអាងទន្លេមេគង្គក្រោម ការអភិវឌ្ឍនៅភាគខាងលើ និងការប្រែប្រួលអាកាសធាតុធ្វើឲ្យប្រែប្រួលដល់កម្រិតកម្ពស់ទឹក របប និងលំនាំ នៃរំហូរទឹក ប្រព័ន្ធអេកូឡូស៊ី និងវិស័យកសិកម្ម។ នេះបានកំពុងតែធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងអាងទន្លេ។

លោកបញ្ជាក់ថា៖«ការការពារទន្លេត្រូវការកិច្ចសហការរវាងយុវជន សហគមន៍ អាជ្ញាធរ និងអ្នកបង្កើតគោលនយោបាយ។ កិច្ចសហការចូលរួមចំណែកធ្វើការងាររួមគ្នា នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការធានាអនាគត នៃទន្លេមេគង្គ និងរក្សាបាននូវនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេ»។

លោកស្រី ភាណ សោភ័ណ  នាយិកាអង្គការអុកស្វាម បានលើកឡើងថា សំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច ជនមានពិការភាព និងក្រុមជនងាយរងគ្រោះដទៃទៀត គួរត្រូវបានផ្តល់អាទិភាពក្នុងការរៀប​​ចំ​គោលនយោបាយ និងផែនការធនធានទឹក ដើម្បីធានាឱ្យបាននូវគោលនយោបាយ និងដំណោះស្រាយដែលគិតគូរអំពីបញ្ហាប្រឈម ឆ្លើយតបនឹងតម្រូវការ និងប្រកបដោយបរិយាប័ន្ន។

រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថាន លោកស្រីងិន លីណា  បានចាត់ទុក វិធីនេះថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសហគមន៍ ជាពិសេសយុវជន និងជំរុញការអនុវត្តបរិស្ថានប្រកបដោយនិរន្តរភាព។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាទិភាពគន្លឹះ«មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា»។

រីឯ គោលដៅយុទ្ធសាស្រ្ត៥ មុំទី៤ នៃយុទ្ធសាស្រ្តនេះបានបង្ហាញច្បាស់អំពីសកម្មភាពអាទិភាព ដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ រួមទាំងយកចិត្តទុកដាក់ និងសង្កត់ធ្ងន់ទៅលើការលើកកម្ពស់សមភាពយេនឌ័រ ផងដែរ។

លោកស្រីមានប្រសាសន៍ថា៖«ទឹក គឺជិវិត ហើយប្រធានបទនៃព្រឹត្តិការណ៍ “ទន្លេរបស់យើង អនាគតរបស់យើង” គូសបញ្ជាក់ពីតួនាទីសំខាន់នៃទន្លេដែលមានសុខភាពល្អក្នុងការផ្តល់ទឹកសាប គាំទ្រជីវៈចម្រុះ និងការអភិរក្សបេតិកភណ្ឌវប្បធម៌»។

លោកស្រីបានអំពាវនាវឱ្យមានសកម្មភាពរួមគ្នាទាំងយុវជន ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ចូលរួមការពារទន្លេ និងធានានិរន្តរភាពរបស់ពួកគេសម្រាប់មនុស្សជំនាន់ក្រោយ។

អ្នកចូលរួមបានស្វែងយល់ពីព្រៃលិចទឹកមេគង្គ ដែលកំណត់ថាជាតំបន់រ៉ាមសារ ដោយទទួលបានការយល់ដឹងដោយផ្ទាល់អំពីបញ្ហាប្រឈមនៃបរិស្ថាន និងតម្រូវការបន្ទាន់សម្រាប់កិច្ចសហការដើម្បីអភិរក្សប្រព័ន្ធទន្លេដ៏សំខាន់នេះ។

តំណាងយុវជន កញ្ញាសួង ពេជ្រច័ន្ទបូរមី បានលើកឡើងថា កញ្ញាពិតជាភ្ញាក់ផ្អើលណាស់ ដែលបានឃើញព្រៃលិចទឹកទន្លេមេគង្គតែមួយគត់ និងការផ្សារភ្ជាប់វប្បធម៌របស់វាទៅនឹងជីវភាពរស់នៅរបស់ប្រជាជន។ កម្មវិធីនេះពិតជាបានបញ្ជាក់ពីសារៈសំខាន់នៃការការពារប្រព័ន្ធអេកូឡូស៊ីទាំងនេះ។

កម្មវិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះទន្លេមេគង្គប្រកបដោយនិរន្តរភាព ដោយធានានូវភាពចាំបាច់ក្នុងការថែទាំទន្លេសម្រាប់មនុស្សជំនាន់ក្រោយ។

នៅខេត្តស្ទឹងត្រែង អង្គការអុកស្វាម តាមរយៈគម្រោង បរិយាបន្នទឹកទន្លេមេគង្គ និងក្នុងភាពជាដៃគូជាមួយអង្គការភូមិខ្ញុំ និងអង្គការអភិរក្សវប្បធម៌ និងបរិស្ថាន បាននិងកំពុងធ្វើការដើម្បីលើកកម្ពស់សិទ្ធិសហគមន៍ ជាពិសេសស្ត្រីក្នុងការថែរក្សាធនធានទឹក។

អង្គការក៏សហការជាមួយអង្គការសង្គមស៊ីវិលនានា ស្ថានប័នរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តររដ្ឋាភិបាល ដើម្បីពង្រឹងអភិបាលកិច្ចទឹក និងកសាងភាពធន់របស់សហគមន៍ ដែលជួយឱ្យពួកគេសម្របខ្លួនទៅនឹងការប្រែប្រួលដែលបង្កឡើងដោយការអភិវឌ្ឍមិនមាននិរន្តរភាពរបស់មនុស្ស និងការប្រែប្រួលអាកាសធាតុ។

ទន្លេមេគង្គហូរកាត់ប្រទេសចំនួន៦ រួមមាន ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង វៀតណាម។ នៅកម្ពុជា ទន្លេមេគង្គមានប្រវែង ៥០០គីឡូម៉ែត្រ ដែលហូរកាត់ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល និងខេត្តព្រៃវែង៕