
ស្រូវប្រាំង ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ត្រូវអន្តរាគមន៍បូមទឹកសង្គ្រោះបានសម្រេច ១០០ភាគរយ។ រូបថត ក្រសួងធនធានទឹក
ភ្នំពេញៈ ផ្ទៃដីស្រូវប្រាំងស្ទើរតែ១០០ភាគរយ នៃ៩៣ ៥៨៣ហិកតាក្នុងរាជធានី-ខេត្ត១៧ ដែលត្រូវការទឹក ត្រូវបានបូមទឹកសង្រ្គោះ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនានេះបានឱ្យដឹងថា ផែនការធ្វើស្រូវប្រាំងសរុប ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥នេះ មានចំនួន ៥៣៥ ៦០០ហិកតា។ ប៉ុន្តែជាក់ស្តែង ការអនុវត្តដាំដុះស្រូវប្រាំងមានរហូតដល់ទៅចំនួន៩០៧ ០៣៥ហិកតា។
លទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានបង្ហាញថា ក្នុងចំណោមជាង៩សែនហិកតានោះ ផ្ទៃដីដែលត្រូវអន្តរាគមន៍មានចំនួន ៩៣ ៥៨៣ហិកតា ហើយផ្ទៃដីដែលបានជួយអន្តរាគមន៍មានចំនួន ៩៣ ១៣៣ហិកតា។
កិច្ចអន្តរាគមន៍ទាំងនោះ បានធ្វើឡើង ក្នុងរាជធានី-ខេត្តចំនួន១៧មានរួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយរៀង តាកែវ ប៉ៃលិន ត្បូងឃ្មុំ កំពង់ឆ្នាំង ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។
ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកសរុបចំនួន ១៧៣គ្រឿង ក្នុងនោះម៉ាស៊ីនបូមទឹកចល័តកម្លាំង៦៥សេះចំនួន ១៦៩គ្រឿង និងម៉ាស៊ីនស្ថានីយចំនួន ៤គ្រឿង។ ប្រេងឥន្ធនៈចំនួន ៣៤៤ ៤៨០លីត្រ ត្រូវបានប្រើប្រាស់ក្នុងកិច្ចអន្តរាគមន៍នេះ។
ចំណែកផ្ទៃដីមួយចំនួនទៀត ទទួលបានការជួយអន្តរាគមន៍ពីស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និងការគាំទ្រពីសប្បុរសជនគ្រប់ទិសទី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននានា។

ការអន្តរាគមន៍ បូមទឹកសង្រ្គោះស្រូវប្រាំង ដែលប្រជាកសិករ ធ្វើលើសផែនការជាង៣០ម៉ឺនហិកតា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥។ រូបថត ក្រសួងធនធានទឹក
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានឱ្យដឹងថា ដោយសារតែជារដូវប្រាំងហើយភ្លៀងកក់ខែទើបតែកើតមានក្នុងកម្រិតតិចជាងមធ្យម ចាប់ពីសប្តាហ៍ទី៣ នៃ ខែកុម្ភៈ ធ្វើឱ្យបរិមាណទឹកមានមិនទាន់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ស្រូវប្រាំង ដែលបានធ្វើលើសផែនការច្រើននៅតាមបណ្តាខេត្តផលិតមួយចំនួន។ នេះតម្រូវឱ្យមានការអន្តរាគមន៍ជួយសង្គ្រោះជាបន្តទៀតរហូតដល់ការ ប្រមូលផលក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ការអន្តរាគមន៍ជួយសង្គ្រោះដំណាំស្រូវប្រាំង គឺធ្វើឡើងតាមការបើកបញ្ចេញទឹកពីអាងស្តុកទឹកមួយចំនួន និងការ ដាក់ម៉ាស៊ីនបូមទឹកពីប្រភពទឹកផ្សេងៗបញ្ចូលក្នុងប្រឡាយមេ។
បរិមាណភ្លៀងកក់ខែមានតែបន្តិចបន្តួចមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការលូតលាស់ស្រូវបាន។ ហេតុនេះ កន្លែងដែលគ្មានប្រភពទឹកបានទទួលរងការខូចខាតមួយចំនួន។
គ.ជ.គ.ម បានសង្កេតឃើញថា ជាទូទៅដំណាំស្រូវដែលទទួលរងការប៉ះពាល់ពីការរាំងស្ងួត បន្ទាប់ពីការអន្តរាគមន៍សង្គ្រោះរួចផុតពីការ ខូតខាត ក៏ទិន្នផលមធ្យមមានការធ្លាក់ចុះខ្លះ។
លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែកុម្ភៈ របស់ គ.ជ.គ.ម បានឱ្យដឹងថា ការប៉ះពាល់ស្រូវមាន៩៩ ២៨៩ហិកតា និងដំណាំរួមផ្សំចំនួន ១ ៥៥៧ ហិកតា។
ក្នុងនោះបានអន្តរាគមន៍សង្គ្រោះ ៨៥ ៩៥១ ហិកតា និងបន្តជួយ ៥ ៦៧២ ហិកតាក្នុងខេត្តចំនួន៩។ ចំណែកឯ ការខូចខាតមាន៧ ៧៣៥ ហិកតា ក្នុង៩ខេត្ត។
ក្រសួងធនធានទឹកក៏បានលើកឡើងផងដែរថា ការអន្តរាគមន៍នេះ ធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរធនធានទឹករាជធានី-ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី សប្បុរសជន និងសហគមន៍មូលដ្ឋាន។
ក្នុងនោះបានប្រើប្រាស់ម៉ាស៊ីនបូមទឹក ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយប្រឡាយនាំទឹកទៅជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ។
ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក នៅតែបន្តជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងសាធារណជន ដើម្បីចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។
ក្រសួងបានលើកឡើងថា កិច្ចការអន្តរាគមន៍ទឹកគឺជារឿងបន្ទាន់ ដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់ចុះអន្តរាគមន៍ទឹកនៅគ្រប់ខេត្តក្រុង។
ជាពិសេស ក្រសួងធនធានទឹក ដែលជាក្រសួងបច្ចេកទេសជំនាញ ត្រូវដើរតួនាទីចម្បងក្នុងការអន្តរាគមន៍ ដោយមានការចូលរួមសហការគាំទ្រស្អិតរមួតពីក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យទទួលបានជោគជ័យ។
រដូវវស្សាក្នុងឆ្នាំ២០២៥នេះ នឹងចាប់ផ្តើមក្នុងសប្តាហ៍ទី២ នៃខែឧសភាលឿនជាង ឆ្នាំ២០២៤ ហើយកម្ពស់ទឹកភ្លៀងនឹងមានបរិមាណខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ៕