
មន្រ្តីបរិស្ថានចុះត្រួតពិនិត្យការបង្ហូរសំណល់រាវកខ្វក់ នៅប្រភពទឹកខាងក្រោមរបស់ក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី។ រូបថត ក្រសួងបរិស្ថាន
បាត់ដំបងៈ រោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុនចិនមួយ បានកំពុងតែបញ្ចេញសំណល់រាវកខ្វក់ បង្កការបំពុលបរិស្ថាន និងប្រភពទឹករបស់ពលរដ្ឋប្រមាណជា៥០០គ្រួសារ ក្នុងភូមិចំនួន២ នៃឃុំត្រែង ស្រុករតនមណ្ឌល។
ក្រោយពីទទួលបានព័ត៌មាន ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថានបានចុះត្រួតពិនិត្យក្នុងភូមិចំនួន៦ នៃឃុំត្រែង រួមមាន តាគ្រក់ ស្វាយស ជីសាង រការភឹង ទួល និង ភូមិភ្ជាវ ដែលនៅតាមបណ្ដោយខ្សែទឹកខាងក្រោមរបស់ក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី។
ក្រុមការងារជំនាញ បានរកឃើញករណីបំពុលទឹកអូរត្រែង ស្ថិតនៅឃុំត្រែង ដែលបង្កឡើងដោយក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី ដែលមានរោងចក្រប្រភេទកែច្នៃផ្លែឈើ និងគ្រាប់ស្វាយចន្ទី។
ក្រុមការងារនេះ ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករងអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រោមកិច្ចសហការជាមួយមន្រ្តី នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង រដ្ឋបាលស្រុករតនមណ្ឌល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
ក្រសួងបញ្ជាក់នៅថ្ងៃចន្ទនេះថា៖«ប្រជាជនរស់នៅភូមិចំនួន២ គឺភូមិតាគ្រក់ ភូមិស្វាយស សុទ្ធតែទទួលរងផលប៉ះពាល់ ពីករណីបំពុលទឹកអូរត្រែងនេះ ព្រោះថាទឹកអូរត្រែងនេះ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ស្រោចស្រពដំណាំ និងចិញ្ចឹមសត្វ។ ដោយឡែកនៅភូមិជីសាង ពុំទាន់មានករណីបំពុលទឹកអូរនៅឡើយ»។
នៅត្រង់ចំណុចនេះ ក្រុមកាងារ បានបានប្រទះឃើញមាន ត្រី កូនបង្កង និងកំពឹសកំពុងពុល និងងាប់ផងដែរ។ ប្រជាពលរដ្ឋបានរាយការណ៍បន្ថែមថា តំបន់ទឹកសាធារណៈនៅកន្លែងនេះ មានវត្តមានប្រភេទសត្វផេប្រហែល១០ក្បាល។

នៅផ្នែកខាងក្រៅរោងចក្រ ក្រុមការងារបានរកឃើញករណីមួយចំនួនទៀត ដែលរោងចក្រខាងលើមានការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ។
ក្រុមការងារបានបន្ដតាមដានតាមខ្សែបណ្ដោយអូរត្រែង បានរកឃើញថា សំណល់រាវបានហូរមកដល់ចំណុចដីឯកជន មួយកន្លែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ដែលមានចម្ងាយ ៣,៥គីឡូម៉ែត្រ ពីទីតាំងក្រុមហ៊ុននេះ។ ក្រុមការងារបានយកសំណាកទឹកនៅទីនោះ ដើម្បីធ្វើការវិភាគបន្ថែមផងដែរ។
មេឃុំត្រែង លោករ៉ាន់ កុងបានឱ្យដឹងថា ក្នុងភូមិទាំង២ ដែលកំពុងតែទទួលរងផលប៉ះពាល់នេះ មានប្រជាពលរដ្ឋរស់នៅប្រមាណជា៥០០គ្រួសារ។
លោកបានអះអាងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«ករណីហ្នឹងទើបតែមានទេ។ នេះគ្រាន់តែយើងសង្ស័យ ព្រោះយើងមិនឃើញគេបង្ហូរនោះទេ។ ក្រុមហ៊ុនហ្នឹងជារបស់ចិន»។
ទោះយ៉ាងណា នៅថ្ងៃទី២៤ ខែមីនានេះ ក្រុមការងារកំពុងតែបន្តការងារនៅក្នុងមូលដ្ឋានរោងចក្រ ដើម្បីត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង រាវ ប្រព័ន្ធអាងចម្រោះទឹកកខ្វក់ និងបទដ្ឋានបច្ចេកទេសបរិស្ថានរបស់ផលិតកម្មរបស់រោងចក្រផងដែរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានឱ្យដឹងនាពេលថ្មីៗនេះថា រោងចក្រជាង១០០ ដែលកំពុងតែដំណើរការនៅកម្ពុជា គឺសុទ្ធសឹងតែមានលទ្ធភាពបង្ហូរសារធាតុពុល ហើយបើមិនធ្វើអាងប្រព្រឹត្តកម្មទេ ទឹកដែលបង្ហូរចេញនោះ នឹងធ្វើឱ្យបំពុលបរិស្ថាន ជាពិសេសប្រភពទឹកស្អាត។
ទោះយ៉ាងណា ក្នុងចំណោមនោះ ក៏មានក្រុមហ៊ុន កំពុងតែវិនិយោគ ប្រកបដោយការយកចិត្តទុកដាក់ និងការគោរពវិស័យបរិស្ថានផងដែរ។
ក្រសួងបរិស្ថានបានលើកឡើងថា ក្រសួងបាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមហ៊ុនណាដែលរំលោភបំពានច្បាប់របស់កម្ពុជា។
ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តគឺភាពស្អាត ដែលមានយុទ្ធសាស្រ្តអាទិភាព៣ គឺ ភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងខ្យល់។
ការដាក់ចេញយុទ្ធនាការភាពស្អាតក្នុងទឹកនេះ គឺមានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ សំដៅភាពឈ្នះឈ្នះ ទាំងអស់គ្នា ដែលឈានឆ្ពោះទៅចីរភាព នៃភាពជោគជ័យ នៃការវិនិយោគ ជោគជ័យនៃការគ្រប់គ្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ៕