កណ្ដាល៖ កម្ពុជា​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​នូវ​ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ (TIA) នៅ​ខែកក្កដា ឆ្នាំ​២០២៥​។​ ​អាកាសយានដ្ឋាន​នេះ​ត្រូវបាន​រចនា​ឡើងជា​ច្រកចេញចូល​សម្រាប់​អ្នកដំណើរ​ដ៏​សំខាន់ និង​ជា​មជ្ឈ​មណ្ឌល​ទំនិញ​ជា​យុទ្ធសាស្ត្រ ជា​លើកកម្ពស់​ការតភ្ជាប់ និង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​។​

ស្ថិតនៅ​ចម្ងាយ​ប្រហែល ២០ គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ ក្នុង​ខេត្តកណ្តាល និង​ខេត្តតាកែវ ជាមួយ​​ទំហំ 2,600 ហិកតា ក្រោម​​ការវិនិយោគទឹកប្រាក់​ ១,៥ ពាន់​លាន​ដុល្លាររវាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC)។​

​លោក ឆារស៍ វ៉ាន់​ អភិបាល Cambodia Airport Investment Corporation (CAIC) បាន​ឱ្យ​ដឹងថា​៖ «​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ជា​ប្រភេទ 4F គឺ​ប្រភេទ​ព្រលានយន្តហោះ​ធំ ដែល​អាច​នឹង​ស្រូបយក និង​ទទួលបាន​ការហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប ដែល​អាច​ឲ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចត​បាន»។

រូបថត៖ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​​

អាកាសយានដ្ឋាន​ថ្មី​នេះមាន​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់ ដោយក្លាយ​​ជា​ដៃគូ​ប្រកួតប្រជែង​ក្នុង​វិស័យ​អាកាសចរណ៍​ក្នុង​តំបន់ និង​ពិភពលោក​។​

​លក្ខណៈពិសេស​ដ៏​គួរឱ្យ​រំភើប​បំផុត​មួយ​របស់ (TIA) គឺ​តួនាទី​របស់​វា​ក្នុងការ​ជំរុញ​ការតភ្ជាប់​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​ទាំងមូល​។

លោក ឆារស៍​ បាន​និយាយថា បាន​និយាយថា អាកាសយានដ្ឋាន​នេះ នឹងក្លាយជា​មជ្ឈមណ្ឌល​ផ្ទេរ​អ្នកដំណើរ​ (passengers hub) និង​តម្លើង​ទៅជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ទំនិញ​ (cargo hub)។

រូបថត៖ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​​

លោកបាន​ថ្លែងថា​៖ «​ចំពោះ​ផែនការ (passengers hub) នេះ ព្រលាន​យន្ដហោះ​តេជោ​យើងនេះ​សម្រាប់​ភ្ញៀវ​មកលេងផង និង​ភ្ញៀវ​ធ្វើដំណើរទៅ​ប្រទេស​ផ្សេង​ផង។ ចំណែក​ឯ​ (cargo hub) ក៏ស្ថិតក្នុង​គោលបំណង​របស់​រាជរដ្ឋាភិបាល​យើង​ដែរ​»។

ការសាងសង់​ព្រលានយន្តហោះ​នេះ​ចែកចេញជា​បី​ដំណាក់កាល​។ ដំណាក់កាល​ទី ១ ដែល​រួមមាន​ផ្លូវ​រត់​ចម្ងាយ ៤ គីឡូម៉ែត្រ​នឹងមាន​សមត្ថភាពទទួល​​អ្នកដំណើរ​ជាង ១៥ លាន​នាក់​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ ២០២៥​។​

ក្នុងដំណាក់កាល​ទី​ពីរ ការបន្ថែម​ផ្លូវ​រត់​ពីរ​បន្ថែមទៀត​នឹង​បង្កើន​សមត្ថភាព​អ្នកដំណើរ​ដល់ ៣០ លាន​នាក់​នៅ​ឆ្នាំ ២០៣០។​

រូបថត៖ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​​

នៅ​ដំណាក់កាល​ទី​បី អាកាសយានដ្ឋាន​នឹង​ពង្រីក​បន្ថែមទៀត​ជាមួយនឹង​ការដាក់ឱ្យ​ប្រើប្រាស់​ផ្លូវរ​ត់ទី​បី​ដែល​អាចឱ្យ​វា​គ្រប់គ្រង​អ្នកដំណើរ​បាន​រហូតដល់ ៤៥ លាន​នាក់នៅ​ឆ្នាំ ២០៥០​​។​

លោក​បាន​បញ្ជាក់ថា​៖ «​យោងតាម​ការ​វាយតម្លៃ​របស់​អាកាសចរណ៍​ស៊ីវិល ព្រលាន​ហោះយន្ដ​អន្ដរជាតិ​តេជោ​នេះ​ជាប់​ចំណាត់ថ្នាក់​លេខ៩ ក្នុង​ពិភពលោក​ ចំពោះ​ប្រភេទព្រលាន 4F»។

នៅក្នុង​បរិបទ​នៃ​ការចាត់​ថ្នាក់​អាកាសយានដ្ឋាន ប្រភេទ "4F" សំដៅ​ទៅលើ​ការចាត់​ថ្នាក់​លេខ​កូដ​អាកាសយានដ្ឋាន​របស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (ICAO)។ អាកាសយានដ្ឋាន​ត្រូវបាន​ចាត់ថ្នាក់​ដោយ​ផ្អែកលើ​ទំហំ គ្រឿង​បរិក្ខារ និង​ប្រភេទ​យន្តហោះ​ដែល​​អាចដាក់​បាន​។​

រូបថត៖ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​​

​អាកាសយានដ្ឋាន 4F ជាធម្មតា ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​ធំ​មួយ​ដែល​អាចទទួល​​យន្តហោះ​ធំៗ រួមទាំង​ក្រុមហ៊ុន​អាកាសចរណ៍​ធំជាងគេ ​ដូចជា Boeing 747 និង Airbus A380 ជាដើម​។​

"4" សំដៅលើ​ប្រវែង​ផ្លូវ​រត់ (​ជាង ៣២០០ ម៉ែត្រ​) ហើយ "F" បង្ហាញ​ពី​កម្រិត​ខ្ពស់បំផុត​នៃ​យន្តហោះ​ដែល​អាចដាក់​បាន ដោយ​ផ្អែកលើ​ទំហំ​ស្លាប ប្រវែង និង​ទំហំ​ទាំងមូល​។​

​អាកាសយានដ្ឋាន​ទាំងនេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ដោះស្រាយ​ចរាចរណ៍​ផ្លូវអាកាស​អន្តរជាតិ​សំខាន់ៗ និង​ផ្តល់​សេវាកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​កម្រិត​ខ្ពស់ ដូចជា ​ផ្លូវ​រត់​វែង ស្ថានីយ​ច្រើន និង​សមត្ថភាព​គាំទ្រ​ចលនា​យន្តហោះ​ធំ​។​

រូបថត៖ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​​

​ឧទាហរណ៍​មួយចំនួន​នៃ​ព្រលានយន្តហោះ​ដែល​អាច​ធ្លាក់ចូល​ទៅក្នុង​ប្រភេទ 4F រួមមាន ​មជ្ឈមណ្ឌល​អន្តរជាតិ​សំខាន់ៗ​ដូចជា​៖ អាកាសយានដ្ឋាន London Heathrow (LHR) អាកាសយានដ្ឋាន​អន្តរជាតិ​ឌូ​បៃ (DXB) និង​អាកាសយានដ្ឋាន​អន្តរជាតិ Los Angeles (LAX)​។​

(TIA) មិនមែន​គ្រាន់តែ​ជា​មជ្ឈមណ្ឌល​អាកាសចរណ៍​ប៉ុណ្ណោះ​ទេ​។ វា​ត្រូវបាន​បង្កើតឡើង​ផងដែរ ដើម្បី​អបអរសាទរ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​។

​អាកាសយានដ្ឋាន​នេះ​នឹងមាន​រូបសំណាក​ព្រះពុទ្ធ​ធំធំ​មួយ អម​ជាមួយនឹង​រូបចម្លាក់​ប្រមាណ ២០០​ មកពី​សតវត្ស​ផ្សេងៗ​គ្នា ដែល​តំណាងឱ្យ​ប្រវត្តិសាស្ត្រ និង​អរិយធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា​។​

រូបថត៖ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​​

ការ​ឧទ្ទិស​ដល់​វប្បធម៌​នេះ​មិន​ត្រឹមតែ​ជា​សក្ខីភាព​ដល់​ឫសគល់​ខាង​វិញ្ញាណ​របស់​ប្រទេស​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​លក្ខណៈពិសេស​តែមួយគត់​ដែល​កំណត់​អាកាសយានដ្ឋាន​ខុសពី​អ្នកដទៃ​នៅ​ទូទាំង​ពិភពលោក​។​

លោក ឆារស៍​ បានលើកឡើង​ពី​សារៈសំខាន់​នៃ​ធាតុ​ផ្សំ​នៃ​វប្បធម៌​របស់​អាកាសយា​ន​ដ្ឋា​ន​ក្នុងអំឡុង​ពេលធ្វើ​បទ​បង្ហាញ​នាពេល​ថ្មីៗ​នេះ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ចំនួន ៩៨ នាក់​មកពី ៥៩ អង្គការ​។​

ផែនការ​នេះ​រួមមាន​ការដាក់​រូបសំណាក​ព្រះពុទ្ធ​នៅ​ទីតាំង​សំខាន់​មួយ​ក្នុង​អាកាសយានដ្ឋាន ពង្រឹង​បន្ថែមទៀត​នូវ​ការរួមបញ្ចូល​អត្តសញ្ញាណ​ខាង​វិញ្ញាណ និង​វប្បធម៌​របស់​ប្រទេស​កម្ពុជា​ទៅក្នុង​ការ​រចនា​ព្រលានយន្តហោះ​។

រូបថត៖ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​​

​លោក​បានថ្លែង​ថា៖ «​ថ្ងៃអាទិត្យ​ គឺ​យើង​និមន្ត​សម្ដេច​ស​ង្ឈ អំ លឹម​ហេង និមន្ត​មក​ដើម្បី​ពិនិត្យ​ទីតាំង តើ​កន្លែង​ណា​ដែល​យើង​គួរ​ដាក់​ព្រះ​ពុទ្ធបដិមា ទំហំ​ប៉ុន្មាន​ កម្ពស់​ប៉ុន្មាន និង​ទីតាំង​ណា​»។

កាលពី​ប៉ុន្មាន​ថ្ងៃមុន​ ព្រះ​តេជគុណ គូ សុភាព បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក អំពាវនាវ​ឱ្យ​​ប្រធាន​ព្រឹទ្ធា​លោក​ ហ៊ុន សែន តម្កល់​ព្រះ​ពុទ្ធរូប​ធំ នៅ​សាល​ព្រលានយន្តហោះ​។ ​ស្ថាបត្យកម្ម​អាកាសយានដ្ឋាន​ក៏​ជាការ​លាយ​បញ្ចូល​គ្នា​នៃ​ការ​រចនា​បែប​ទំនើប ​និង​ប្រពៃណី​ខ្មែរ​។​

លោក ឆារស៍​ សង្កត់ធ្ងន់ថា រចនាសម្ព័ន​ទាំងមូល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​បេតិកភណ្ឌ​របស់​ប្រទេស ដែលមាន​លក្ខណៈពិសេស​ ដូចជា ​ទីធ្លា​ធំ​ទូលាយ មិនមាន​​សសរច្រើន​ និង​ការប្រើប្រាស់​ដើមត្នោត​តំណាងឱ្យ​ជាតិខ្មែរ​។

រូបថត៖ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​​

លោក​បាន​អះអាងថា តាំងពី​ដើម​ទីរហូត​ដល់ចុង​ទីនៃ​អាកាសយាន្ដដ្ឋាន ដែលមាន​ផ្លូវ​រត់​វែង​ជាង​ទ្វេរ​ដង​ពី​អាកាសយាន្ដដ្ឋាន​ភ្នំពេញ​រហូតដល់ ៤​គីឡូម៉ែត្រ ប្រើ​ប្រាស់​រចនាប័ទ្ម​ខ្មែរ​សុទ្ធសាធ​ រួមជាមួយ​ភូមិ​វប្បធម៌​មួយ​ទៀត។

លោក​ ឆារស៍ បាន​ថ្លែងថា​៖ «​ព្រលាននេះ​គឺ​មិន​មាន​សរសរ​ច្រើន និង​មាន​សភាព​ខ្ពស់​ធំទូលាយ​។ ពេល​ចូល​មក ឃើញ​ធំស្រឡះ ផាសុកភាព។ ការ​ឌីហ្សាញ​ផ្ដោតលើ​ភាព​ទាក់ទាញ​ចិត្ដ​ភ្ញៀវ​ប្រកប​ដោយ​បដិសណ្ឋារកិច្ច​។ ជាក់ស្ដែង​ នៅ​ឌូបៃ ជា​ប្រទេស​មានតែ​វាលខ្សាច់​ តែមាន​ភាពទាក់ទាញ​ខ្លាំង​។ នេះ​ដោយសារតែ​ស្ថាបត្យករ​ជនជាតិ​អង់គ្លេស ដែល​មាន​ជំនាញ​ឌីហ្សាញ​ប្រកប​ដោយ​ភាព​ទាក់ទាញ​»។

ក្រៅពីរចនា​ប័ទ្ម​ក្បាច់​ខ្មែរ បរិវេណ​អាកាសយាន្ដដ្ឋាន​ថ្មី​នេះ គឺមាន​ការ​ដាំដើម​ត្នោត តំណាង​ជាតិ​ខ្មែរ​ រួម​ជាមួយ​រុក្ខជាតិ​រាប់​លាន​ដើម​ ដើម្បី​ប្រែក្លាយ​ទីវាល​រហោស្ថាន​នេះ​ទៅជា​ជម្រក​ធម្មជាតិ​។

ចំពោះការ​គិតគូរ​អំពី​បរិស្ថាន អាកាសយាន្ដដ្ឋាន​ថ្មី​ដែល​ទាញយក​ពន្លឺ​ព្រះ​អាទិត្យ​ចូល​នេះ អាច​សន្សំសំចៃ​ថាមពល​អគ្គិសនី​រហូតដល់ ២០​ភាគរយ​។ នេះ​បើ​យោងតាម​ការ​អះអាងរបស់លោក ឆារស៍​។

​បច្ចុប្បន្ននេះ បុគ្គលិក​ប្រមាណ ១៥,៤០០​នាក់ រួមទាំង​កម្មករ វិស្វករ និង​អ្នកគ្រប់គ្រង កំពុង​បម្រើ​ការងារ​នៅ​ការដ្ឋាន​សំណង់ ក្នុងនោះ​ជាង ៩០ភាគរយ​ ជា​ជនជាតិខ្មែរ​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ក៏​ត្រៀមខ្លួន​ក្នុងការ​រួមចំណែក​ដល់​ការរីកលូតលាស់​នៃ​ឧស្សាហកម្ម​អាកាសចរណ៍​របស់​កម្ពុ​ជា តាមរយៈ​ការជំរុញ​ទេពកោសល្យ​ក្នុងស្រុក​។​

ទាក់ទង​នឹង​វិស័យ​អាកាសចរណ៍​នេះ លោក ឆារស៍ បាន​បង្ហើប​ឱ្យ​ដឹងថា ក្រុមហ៊ុន​នឹង​ចុះ​អនុស្សារណៈ​ជាមួយ​សាកលវិទ្យាល័យ Cam Tech បន្ថែម​មុខ​វិជ្ជា​ជួសជុល​យន្ដហោះ​ ជាលើក​ដំបូង​នៅ​កម្ពុជា​។

លោក​ ឆារស៍ បាន​បន្ថែមថា​៖ «នៅក្នុងការ​ហ្វឹកហ្វឺន សាលា​មហាវិទ្យា Cam Tech នៅ​ជ្រោយចង្វារ ទើប​សញ្ញេ​ជាមួយ​សាលា​ហ្វីលីពីន ដើម្បី​ហ្វឹកហាត់​ជំនាញ​ជួស​ជុល​យន្ដហោះ​»។

ទាក់ទង​តម្លៃ​ដឹកជញ្ជូន​ពី​អាកាសយានដ្ឋាន​ទៅកាន់តំបន់​ទីក្រុង​ លោក​ ឆារស៍ បាន​ឱ្យដឹងថា តម្លៃ​សេវាកម្ម​ដឹក​ជញ្ជូន​នៅមិនទាន់​អាចបញ្ចេញ​បាន​នោះទេ ដោយរក្សា​សិទ្ធិ​ដល់​ក្រុមហ៊ុន​អាជីវកម្ម៕

រូបថត៖ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​​