
ការបង្ក្រាបបទល្មើសនេសាទនៅលើបឹងទន្លេសាប កាលពីខែកុម្ភៈ។ កងទ័ពជើងគោក
ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ កងទ័ពជើងគោកនិងអាជ្ញាធរពាក់ព័ន្ធ បានបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅលើបឹងទន្លេសាប ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤៧៨នាក់ ក្នុងនោះវៀតណាម៤៧នាក់ និងបំផ្លាញស្បៃមុងគ្រប់ប្រភេទជាង ២,៨លានម៉ែត្រ។
ក្នុងប្រតិបត្តិការនេះ កងទ័ពជើងគោកនិងអាជ្ញាធរពាក់ព័ន្ធក៏បានបំផ្លាញលបឡុកចំនួន ៧,២២៥គ្រឿង បង្គោលចម្រឹងចំនួន ៥៩០,០៧១ដើម, លែងត្រីចំនួន ២៧,៣៦៥គីឡូក្រាម និងលៀសចំនួន ៧២៥តោន។
បន្ថែមពីលើនេះ ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីចំនួន ៣១៥គ្រឿង កាំភ្លើងខ្យល់ចំនួន១ដើម, ដកហូតទូកចំនួន ៥៦គ្រឿង រថយន្តចំនួន ២គ្រឿង ម៉ាស៊ីនទូកចំនួន ១៤គ្រឿង ម៉ាស៊ីនរែងលៀសចំនួន ៨គ្រឿង និងឧបករណ៍ខុសច្បាប់ជាច្រើនទៀត។
លើសពីនេះ កងទ័ពនិងអាជ្ញាធរពាក់ព័ន្ធបានអប់រំប្រជាពលរដ្ឋកុំឲ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន ១,១៨៧នាក់; ធ្វើកិច្ចសន្យាកុំឲ្យឈប់ប្រព្រឹត្តល្មើសច្បាប់ចំនួន ៤៤១នាក់។ នេះបើតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងនេះ និងបានណែនាំឲ្យគណៈបញ្ជាការបង្រ្កាបបទល្មើសនេសាទរបស់កងទ័ពជើងគោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តយុទ្ធនាការ បង្រ្កាប អភិរក្ស និងអភិវឌ្ឍបឹងទន្លេសាប។
លោក ម៉ៅ សុផាន់ ជំរុញឲ្យកងទ័ពនិងអាជ្ញាធរបង្រ្កាបរាល់បទល្មើសនេសាទគ្រប់ប្រភេទ គ្រប់រូបភាព និង គ្រប់ទម្រង់។
លោកថ្លែងថា៖ «កងទ័ពជើងគោកត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីអភិរក្ស និងធានានិរន្តរភាពធនធានជលផល និងជីវចម្រុះ សម្រាប់កូនចៅជំនាន់ក្រោយ និងត្រូវអភិវឌ្ឍបឹងទន្លេសាប ដោយត្រូវចុះជួប ចុះផ្សព្វផ្សាយ និង ជួយដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីប្រជាពលរដ្ឋអាចប្រកបរបរលើផ្ទៃបឹងទន្លេសាបដោយស្របច្បាប់ និងការទទួលខុសត្រូវ»៕