ក្រចេះ៖ មន្ត្រីរដ្ឋាភិបាល អ្នកជំនាញការអភិរក្សជាតិ អន្តរជាតិ និងដៃគូអភិរក្ស កំពុងចូលរួមក្នុងសិក្ខាសាលា «ការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ» ដែលមានរយៈពេលពីរថ្ងៃពី ២៤ ដល់២៥ មីនា ឆ្នាំ២០២៥ នៅក្នុងខេត្តក្រចេះ បន្ទាប់ពីយុទ្ធនាការហែលទឹកទន្លេមេគង្គចម្ងាយ១២០គីឡូម៉ែត្រ។

សិក្ខាសាលានាពេលនេះ គឺជាយន្តការដ៏សំខាន់មួយក្នុងការការពារចំនួនសត្វផ្សោត ដែលកំពុងរងគ្រោះមួយរបស់ពិភពលោក។

សេចក្តីប្រកាសព័ត៌មានរួមនៅថ្ងៃចន្ទនេះបានសរសេរថា៖«ចំ​នួនសត្វផ្សោតទន្លេមេគង្គនៅតែទទួលរងនូវការគំរាមកំហែងនៅឡើយ ដែលបច្ចុប្បន្ននេះចំនួនសត្វផ្សោត ពេញវ័យមានតិចជាង ១០០ក្បាល កំពុងរស់នៅក្នុងទន្លេមេគង្គ។ ទោះបីជាមានការខិតខំប្រឹងប្រែងអភិរក្សជាបន្តបន្ទាប់ក៏ដោយ ក៏ការគំរាមកំហែងសំខាន់ៗដូចជា ការជាប់មងនេសាទខុសច្បាប់ និងការបាត់បង់ទីជម្រកបន្តធ្វើឱ្យអនាគតរបស់សត្វផ្សោតទាមទារឱ្យមានការយកចិត្តទុកដាក់ និងបន្តការគាំទ្រផ្នែកអភិរក្ស»។

តាមរយៈកិច្ចសហការរវាងដៃគូរដ្ឋាភិបាល និងអង្គការដៃគូ អង្គការ WWF-កម្ពុជា បានកៀរគរឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះ តាមរយៈយុទ្ធនាហែលទឹកទន្លេកាលពីសប្តាហ៍មុន មានចម្ងាយ ១២០ គីឡូម៉ែត្រ តាមដងទន្លេមេគង្គ ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តក្រចេះ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ ២០២៥។

ការកត់ត្រា និងការមើលសត្វផ្សោត ព្រមទាំងការជួបពិក្សាជាមួយសហគមន៍ ដើម្បីជំរុញសកម្មភាព ការពារសត្វផ្សោត ព្រមទាំងគំនិតផ្តួចផ្តើមនៃយុទ្ធនាការហែលទឹកទន្លេមេគង្គនេះ បានរៃអង្គាសថវិកាបានជាង ២០ 000 ដុល្លារអាមេរិកពីម្ចាស់ជំនួយទូទាំងពិភពលោក ដើម្បីគាំទ្រកម្មវិធីឆ្មាំទន្លេរបស់ អង្គការ WWF-កម្ពុជា និងកម្មវិធីស្រាវជ្រាវ។

អភិបាលរងខេត្តក្រចេះ លោកស្រេង សុភាពបានចាត់ទុក យុទ្ធនាការហែលទឹកទន្លេមេគង្គ កាលពីសប្តាហ៍មុន ថាជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សសត្វផ្សោត។

បន្ថែមពីនោះ កិច្ចពិភាក្សាក្នុងសិក្ខាសាលានារយៈពេល២ថ្ងៃនេះ ផ្តល់នូវអនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងយុទ្ធសាស្ត្រអភិរក្សសត្វផ្សោត ដែលត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា និងជានិមិត្តរូបនៃទន្លេមេគង្គ។

អស់រយៈពេលជាង២ទសវត្សរ៍មកហើយ ដែលអង្គការ WWF-កម្ពុជា សហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង និងសហគមន៍មូលដ្ឋាន បានខិតខំប្រឹងប្រែងចំពោះការការពារសត្វផ្សោតទាំងនេះ។ កិច្ចខិតខំប្រឹងប្រែងអភិរក្សរួមមាន ការការពារទីជម្រក ការអនុវត្តច្បាប់ ការកសាងសមត្ថភាពសម្រាប់ឆ្មាំទន្លេ និងការចូលរួមសហគមន៍ ដើម្បីលើកកម្ពស់ការអនុវត្តនេសាទប្រកបដោយនិរន្តរភាព។

លោកចាប វិបុល នាយកអង្គការ WWF-កម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់ការអភិរក្ស ដែលផ្អែកលើ វិទ្យាសាស្រ្តថា «កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងតាមដានរបស់យើង រួមទាំងការរាប់ចំនួនសត្វផ្សោត និងការសិក្សាអំពីឥរិយាបទ ការផ្តល់ទិន្នន័យសំខាន់ៗ គាំទ្រទៅដល់យុទ្ធសាស្ត្រ ដើម្បីការងារអភិរក្ស ជាមួយនឹងកិច្ចសហការអន្តរជាតិ យើងអាចអនុវត្តដំណោះស្រាយតាមបែបវិទ្យាសាស្ត្រកាន់តែរឹងមាំ ក្នុងការការពារសត្វផ្សោតមេគង្គសម្រាប់មនុស្សជំនាន់ក្រោយ»។

សិក្ខាសាលានាពេលនេះ មានការចូលរួមពីអ្នកជំនាញមកពីស្ថាប័នសំខាន់ៗ មកពីគណៈកម្មការថនិកសត្វសមុទ្រ កម្មវិធីស្រាវជ្រាវសត្វផ្សោត Sarasota វិទ្យាស្ថាន Hydrobiology នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រប្រទេសចិន និងផ្សេងៗទៀត។

កិច្ចពិភាក្សា ក្នុងសិក្ខាសាលានេះផ្តោតលើគោលបំណងសំខាន់ៗចំនួន៤។ ក្នុងនោះរួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នកម្ពុជា អ្នកជំនាញអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់, ជំរុញការវាយតម្លៃចំនួនសត្វផ្សោតតាមបែបវិទ្យាសាស្ត្រ ដើម្បីបង្កើនការយល់ដឹងអំពីចំនួនសត្វផ្សោត និងសុខភាព, បង្កើតអនុសាសន៍ ដែលអាចអនុវត្តបានសម្រាប់យុទ្ធសាស្ត្រអភិរក្សប្រកបដោយប្រសិទ្ធភាព និងចុងក្រោយគឺធានាបាននូវមូលនិធិប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវកិច្ចខិតខំប្រឹងប្រែងការពាររយៈពេលវែង។

ក្រុមហ៊ុន Lenovo Group ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងនៃបច្ចេកវិទ្យា AI សម្រាប់ការអភិរក្សសត្វផ្សោតឥតព្រុសខ្នងក្នុងទន្លេ Yangtze ដោយប្រកាសពីភាពជាដៃគូជាមួយមូលនិធិអភិរក្សសត្វផ្សោត Baiji ក្នុងក្រុង Wuhan។

ដោយមានការដឹកនៃអ្នកជំនាញមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រប្រទេសចិន កិច្ចសហប្រតិបត្តិការស្នើសុំឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ការស្រាវជ្រាវថនិកសត្វទឹកដែលមានទំហំតូច។

បច្ចេកវិទ្យាដែលបង្កើតសម្រាប់ការអភិរក្សសត្វផ្សោតឥតព្រុសខ្នង ឥឡូវនេះកំពុងត្រូវបានកែសម្រួល និងប្រើប្រាស់សម្រាប់ការពារផ្សោតទន្លេមេគង្គរបស់កម្ពុជា។

លោកស្រី Frances Gulland ប្រធានគណៈកម្មការថនិកសត្វសមុទ្រអាមេរិក បានថ្លែងថា ពួកគេត្រូវធ្វើការរួមគ្នាដើម្បីគាំទ្រ និងសហការជាមួយសហគមន៍មូលដ្ឋាន ក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការចូលរួម ដើម្បីការពារធម្មជាតិ និងអភិរក្សសត្វព្រៃ។

លោកស្រីមានប្រសាសន៍ថា៖«ដូចដែលយើងបានដឹងរួចហើយពីបញ្ហាប្រឈមមួយចំនួន ប៉ុន្តែបញ្ហាខ្លះទៀតនៅតែមិនប្រាកដ។ ការស្លាប់របស់សត្វផ្សោត គឺជាកង្វល់ដែលទាមទារការយកចិត្តទុកដាក់បន្ថែម។ យើងសង្ឃឹមថានឹងចូលរួមទាំងអស់គ្នាក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើង តាមរយៈការសហការគ្នាជាបន្តបន្ទាប់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការគាំទ្រផ្នែកបច្ចេកទេស ភាពជាដៃគូប្រ​កបដោយប្រសិទ្ធភាព និងដំណោះស្រាយរយៈពេលវែង»។

លទ្ធផល​នៃ​សិក្ខាសាលា​នេះ​នឹង​ជួយ​រៀបចំ​យុទ្ធសាស្ត្រ​អភិរក្ស​ផ្សោត​ទន្លេមេគង្គ​ រយៈពេល​វែង​របស់​កម្ពុជា។ តាមរយៈការបន្តការដឹកនាំរបស់រដ្ឋាភិបាល ជំនាញវិទ្យាសាស្ត្រ និងការចូលរួមសហគមន៍ នឹងផ្តល់ក្តីសង្ឃឹមពិតប្រាកដ សម្រាប់អនាគតដែលសត្វផ្សោតទន្លេមេគង្គអាចលូតលាស់បានយ៉ាងប្រសើរ។

កូនផ្សោតទើបកើតថ្មី១ក្បាលទៀត ដែលមានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវ និងថតបានដោយក្រុមការងារស្រាវ​ជ្រាវនៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម និងអង្គការ WWF-កម្ពុជា កាលពីថ្ងៃទី១១ ខែមីនា នៅអន្លង់កាំពី  ក្នុងខេត្តក្រចេះ។ នេះគឺជាកូនផ្សោតទី៥ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ ដែលបានធ្វើឱ្យសត្វផ្សោតទន្លេមេគង្គកើនដល់១០៩ក្បាលនាពេលបច្ចុបប្បនេះ៕