
អភិបាលរងខេត្តកំពង់ស្ពឺ លោក ទិត វុទ្ធី ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ រូបថត សហការី
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានលាតត្រដាងករណីអភិបាលរងខេត្ដកំពង់ស្ពឺ និងបក្ខពួកពីរនាក់ដែលបានប្រើប្រាស់តួនាទី និងមុខងារដោយបំពាន ដើម្បីទទួលបានអត្ថប្រយោជន៍ដោយខុសច្បាប់ក្នុងការស្នើសុំអាជ្ញាបណ្ណរុករករ៉ែ ទទួលបានប្រាក់សរុប ១,២លានដុល្លារ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាព (ក.ជ.ប.ព.) ស្តីពី កិច្ចប្រជុំលើកទី៤៥ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
(ក.ជ.ប.ព.) បានឱ្យដឹងថា៖ «ករណីអភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត វុទ្ធី និង ឈ្មោះ ហ៊ាវ ខន មន្ត្រីយោធា “ក២” នៃកងទ័ពជើងគោក ពាក់ព័ន្ធលើអង្គហេតុចំនួន៣ ក្នុងនោះអង្គហេតុប៉ៃលិនទី១ ទទួលបាន ៤០ ម៉ឺនដុល្លារ អង្គហេតុរ៉ែមាសខេត្តព្រះវិហារ (ទារប្រាក់ ៥លានដុល្លារ តែមិនជោគជ័យ) និងអង្គហេតុប៉ៃលិនទី២ ទទួល បានប្រាក់ ៨០ ម៉ឺនដុល្លារ ដែលជាចេតនាទុច្ចរិតពិតប្រាកដនៃការរំលោភអំណាច ហើយមានឈ្មោះ អ៊ុន សាវឿន អ្នកប្រែភាសាចិន ជាអ្នកចូលរួមធ្វើសកម្មភាព ដែលទង្វើនេះជាការសមគំនិត»។
ជាមួយគ្នានេះអ្នកទាំង៣ បាន បង្កើត រៀបចំតាក់តែង ឯកសារមិនប្រក្រតី និងឯកសារក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើន ដើម្បីប្រើប្រាស់បង្កើត សិទ្ធិក្នុងការបន្លំសុំអាជ្ញាបណ្ណរុករករ៉ែនៅក្នុងអង្គហេតុទាំង៣។
គួរបញ្ជាក់ថា លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារ។
សម្រាប់ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥៕