
ក្រសួងបរិស្ថាន កំពុងតែរៀបចំអភិវឌ្ឍ រមណីយដ្ឋានធម្មជាតិ «ទេ ទឹកពុះ» ឱ្យក្លាយទៅជាតំបន់សហគមន៍ការពារធម្មជាតិ និងជារបៀងទេសចរណ៍ធម្មជាតិថ្មីមួយទៀត ក្នុងខេត្តកំពង់ស្ពឺ។ រូបថត រដ្ឋបាលខេត្តកំពង់ស្ពឺ
កំពង់ស្ពឺៈ រមណីយដ្ឋានធម្មជាតិ«ទេ ទឹកពុះ»កំពុងតែត្រូវបានរៀបចំអភិវឌ្ឍ ឱ្យក្លាយជាតំបន់សហគមន៍ការពារធម្មជាតិ និងជារបៀងទេសចរណ៍ធម្មជាតិ ដែលបន្ថែមទៅលើសហគមន៍ ដែលមានស្រាប់ជិត២០០ ក្នុងខេត្តចំនួន១៥ របស់ក្រសួងបរិស្ថាន។
ការរៀបចំនេះ គឺជាផ្នែកមួយនៃ គម្រោងអភិវឌ្ឍនៅតំបន់ទេសចរណ៍ខ្នងផ្សារ ទៅតាមការណែនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាសហគមន៍មូលដ្ឋាន និងសាធារណជន ក្នុងទិសដៅធានាឱ្យបាន នូវការអភិវឌ្ឍប្រកបដោយចីរភាព។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត នាថ្ងៃចន្ទ ទី២៤ ខែមីនា បានកោះប្រជុំក្រុមការងារពាក់ព័ន្ធរបស់ក្រសួងបរិស្ថាន ដើម្បីរៀបចំអភិវឌ្ឍតំបន់«ទេ ទឹកពុះ» ឱ្យក្លាយជាតំបន់សហគមន៍ការពារធម្មជាតិ និងជារបៀងទេសចរណ៍ធម្មជាតិ។
ក្រសួងបរិស្ថានបានឱ្យដឹងថា លោករដ្ឋមន្រ្តីបានដាក់ចេញការងារអាទិភាពសំខាន់ៗចំនួន៣ ដើម្បីពន្លឿនការងាររៀបចំតំបន់ទេទឹកពុះនេះ។
ក្នុងនោះរួមមាន ការរៀបចំក្រុមការងារចុះត្រួតពិនិត្យ និងសិក្សាជាបន្ទាន់មួយ ដើម្បីសម្រេចបានលទ្ធផលនៅក្នុងសប្តាហ៍នេះ និងរៀបចំកន្លែងលក់ដូរ ជូនប្រជាសហគមន៍ ដោយចុះស្រង់ស្ថិតិអ្នកលក់ដូរ នៅជុំវិញតំបន់ «ទេ ទឹកពុះ» ដើម្បីរៀបចំកន្លែងលក់ប្រកបដោយអនាម័យ និងសោភ័ណភាពស្អាត។
ចំណុចចុងក្រោយ គឺការពិនិត្យ និងដោះស្រាយ កំណត់ប្លង់រៀបចំទីតាំង«ទេ ទឹកពុះ» ដើម្បីធានាថា តំបន់នេះ ជាសម្បត្តិរដ្ឋ សម្រាប់បម្រើឱ្យប្រយោជន៍សាធារណជន និងជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រមុខរដ្ឋាភិបាល។
សហមន៍តំបន់ការពារធម្មជាតិ សរុបចំនួន ១៩៣សហគមន៍ហើយ ត្រូវបានបង្កើត ដែលមានផ្ទៃដី ៣៣២ ១០៨ ហិកតា គិតត្រឹម ឆ្នាំ២០២៤។ សហគមន៍ទាំងនោះ មានសមាជិកសរុបជាង៧ម៉ឺនគ្រួសារ នៅក្នុង១៥ខេត្ត។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត (រូបកាន់ផែនទី) និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យតំបន់«ទេ ទឹកពុះ» នាពេលថ្មីៗនេះ ដើម្បីរៀបចំគម្រោងអភិវឌ្ឍ ដែលស្របគ្នានឹងគម្រោងនៅតំបន់ទេសចរណ៍ខ្នងផ្សារ។ រូបថត មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹងថា ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺដើម្បីជំរុញឱ្យសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិនោះ យល់ដឹងទាំងការ ប្រើប្រាស់ និងការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព។
ក្រៅពីនោះ ផ្ទៃដីតំបន់ការពារធម្មជាតិមានជាង៧លានហិកតា ដែលស្មើនឹងជាង៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា ប៉ុន្តែមានមន្រ្តីឧទ្យានុរក្សតែជាង១ពាន់នាក់ (ស្ត្រី ៣៤នាក់)ប៉ុណ្ណោះ។
ហេតុនេះ វាចាំបាច់ត្រូវមានការចូលរួមពីសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ដើម្បីរួមគ្នាការពារ។
បន្ថែមពីនោះ ការបង្កើតនេះ ក៏ជាការផ្តល់នូវភាពជាម្ចាស់ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សម្រាប់ការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិផងដែរ។
សហគមន៍ គឺជារនាំងការពារធនធានធម្មជាតិ ដែលពួកគាត់បានប្រែក្លាយពីការពឹងផ្អែកទាំងស្រុងទៅលើធនធានព្រៃឈើ ទៅជាចូលរួមអភិវឌ្ឍជីវភាពគ្រួសារ និងសហគមន៍វិញ តាមរយៈការបង្កើតមុខរបរចិញ្ចឹមសត្វ ដាំន្លែ លក់ដូរ ឬផ្តល់សេវាទេសចរណ៍ជាដើម។
លោកមានប្រសាសន៍ថា៖«សហគមន៍ ដែលយើងគ្រោងបង្កើតនៅ ទេ ទឹកពុះនេះ ពលរដ្ឋនឹងទទួលបានការគាំទ្រការការពារ ទៅលើសិទ្ធិ ជីវភាព ការផ្តល់ជំនួយឧបត្ថម្ភ ការកសាងហេដ្ឋារចនាសម្ព័ន្ធពីរដ្ឋាភិបាលជាដើម»។
លោកបានលើកឡើងថា ក្រៅពីនោះ ជនជាតិដើមភាគតិច «សួយ» ក្នុងតំបន់នេះ ក៏មានឱកាសថែរក្សានូវ វប្បធម៌ប្រពៃណីរបស់ពួកគាត់បន្ថែមទៀតផងដែរ។
រមណីយដ្ឋានធម្មជាតិ«ទេ ទឹកពុះ» គឺស្ថិតក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដែលមានចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីទីរួមខេត្ដកំពង់ស្ពឺ ឬប្រមាណ១១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
«ទេ ទឹកពុះ» មានបាតុភូតធម្មជាតិចម្លែក ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ។ ទឹកនេះ ចេញមកពីប្រភព៦ និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ។
ផ្ទៃទឹក មានទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា ដែលពោរពេញដោយស្មៅខ្ពស់ៗ កក់(ប្រភេទត្រែងម្យ៉ាង) និងថ្មក្រហម។
រដ្ឋបាលខេត្តកំពង់ស្ពឺបានលើកឡើងថា «ទេ ទឹកពុះ» ជាតំបន់ធម្មជាតិដ៏កម្រមួយ នៅក្នុងប្រទេសកម្ពុជា។ ប្រជាជនក្នុងតំបន់ ដែលជាជនជាតិ សួយ មានជំនឿថា វាជាតំបន់សក្ដិសិទ្ធ ហើយអ្នកដែលទៅកម្សាន្តនៅទីនោះហើយ នឹងនាំសំណាងត្រឡប់ទៅវិញ ជាពិសេសអ្នកមានជំងឺ អាចទៅលុបលាងមុខដោយទឹកថ្លាឈ្វង់នៅទីនោះ នឹងអាចជាសះស្បើយពីជម្ងឺផងដែរ។
កាលពីប្រមាណជា២ទសវត្សរ៍មុន តំបន់«ទេ ទឹកពុះ»ត្រូវបានរាជរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនអចលនទ្រព្យចិនមួយឈ្មោះ New Cosmos Development (Cambodia) Co., Ltd ដើម្បីអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍ លើផ្ទៃដី ៩០០ ហិកតា រយៈពេល៧០ឆ្នាំ។ ក្នុងនោះ ក៏មានការសាងសង់អគារខ្ពស់ៗផងដែរ។ ប៉ុន្តែក្រោយមក រាជរដ្ឋាភិបាលបានលុបចោលគម្រោងនោះវិញ ដោយសារតែក្រុមហ៊ុនដែលមិនបានធ្វើការអភិវឌ្ឍ៕