តុលាការ​ខេត្ត​កំពង់​ធំ បាន​សម្រេច​ផ្ដន្ទា​ទោស លោក ហេ គឿន ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍​ក្រុង​ស្ទឹង​សែន ​ឲ្យ​ជាប់​ពន្ធនាគារ ​៧ ឆ្នាំ និង​កសិករ​ឈ្មោះ ​សែ សុងហេង ​ត្រូវ​​ពន្ធនាគារ ៦ឆ្នាំ ករណី​បំផ្លាញ​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប។ នេះ​បើ​តាម​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU)។

នៅ​ក្នុង​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ថ្ងៃ​ទី២៤ ខែ​មីនា បាន​ឲ្យ​ដឹង​ថា អង្គភាព​នេះ​មិន​ទាន់​សម្រេច​ថា​តើ​ត្រូវ​បន្ត​នីតិវិធី​លើ​ការ​លើក​ឡើង​របស់​ភរិយា​លោក ហេ គឿន ឈ្មោះ ប៉ិច ឆេងអ៊ីម និង កូន​ស្ត្រី​ឈ្មោះ ​សុខ គន្ធា និង​អ្នក​សារព័ត៌មាន​បី​រូប គឺ​លោក គង់ កាន, លោក ហ៊ុយ ឧត្តម និង​លោក កែវ សាវី ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​លើ​ករណី​នេះ ដែល​ ACU ចោទ​ថា​ជា​ករណី​ញុះញង់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៤ ​លោក ហេ គឿន ត្រូវ​បាន​បញ្ជូន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​តុលាការ​ខេត្ត​កំពង់​ធំ ពាក់​ព័ន្ធ​នឹង​អំពើ​បំផ្លាញ​ដោយ​ចេតនា​ និង​ការ​គៃ​បំបាត់​ដោយ​ទុច្ចរិត ក្នុង​ការ​បំបាត់​ដី​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​កំពង់​ធំ។ សំណុំ​រឿង​នេះ ក៏​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​កសិករ​ម្នាក់​ ឈ្មោះ សែ សុងហេង ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សំ​គំនិត​នៃ​បទ​ល្មើស​ទាំង​ពីរ។

កាល​ពី​កន្លង​ទៅ អ្នកស្រី ប៉ិច ឆេងអ៊ីម បាន​លើក​ឡើង​ថា ករណី​ឈូស​ឆាយ​ព្រៃ​លិចទឹក​នៅ​តំបន់​៣ ដែល​ជា​តំបន់​អភិរក្ស​ក្នុង​បឹង​ទន្លេ​សាប​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ដែល​មាន​អំណាច​​លើ​លោក ហេ គឿន នៅ​ខេត្ត​កំពង់​ធំ។

លោក ហ៊ុយ ឧត្តម មក​ពី​សារព័ត៌មាន​ Oudom TV និង​គ្រួសារ​លោក ហេ គឿន។ ហ្វេសប៊ុក

អ្នក​ស្រី​ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា សំណុំ​រឿង​នេះ​មាន​​ឧកញ៉ា​ពីរ​រូប​ជាប់​ពាក់​ព័ន្ធ​ ប៉ុន្តែ អ្នក​ស្រី​មិន​អាច​បញ្ចេញ​ឈ្មោះ​បាន។ អ្នកស្រី​ថា ថៅកែ​ដី​ធំៗ​ទាំង​ពីរ​នេះ​ធ្លាប់​មាន​ជម្លោះ ហើយ​ឲ្យ​ប្ដី​អ្នកស្រី​ទៅ​សម្រប​សម្រួល។ បន្ទាប់​មក​ភាគី​ម្ខាង​នៃ​គូ​ជម្លោះ​នេះ​បាន​ជោគជ័យ ចំណែក​ប្ដី​អ្នកស្រី​ត្រូវ​គេ​​«គេ​គុំ​ធ្វើ​ស៊ី»។

លោក សយ ច័ន្ទវិចិត្រ អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​«ញុះញង់» ដោយ​ប្រពន្ធ, កូនស្រី ហេ គឿន និង អ្នកសារព័ត៌មាន ឈ្មោះ គង់ កាន (Kong Kan TV) ឈ្មោះ ហ៊ុយ ឧត្តម (Oudom Tv) និងឈ្មោះ គង់ សាវី ដែល​បាន​អត្ថាធិប្បាយ​ថា ACU បាន​ឃុំ​ខ្លួន​លោក ហេ គឿន ៦​ខែ គឺ​ជា​ព័ត៌មាន​មិន​ពិត ព្រោះ ACU មិន​មាន​សិទ្ធិ​ក្នុង​ការ​ឃុំ​ខ្លួន​ទេ។

លោក​បន្ត​ថា ការ​លើក​ឡើង​របស់​អ្នក​ខាង​លើ​ថា លោក ហេ គឿន ជា​បុគ្គល​ស្អាត​ស្អំ​មិន​បាន​ប្រព្រឹត្តិ​ល្មើស​ជាដើម គឺ​ការ​លើក​ឡើង​ដែល​គ្មាន​មូលដ្ឋាន​ មិន​ស្រប​នឹង​ច្បាប់។​

លោក​ថ្លែង​ថា៖ «បន្ថែម​លើ​នេះ សវនាការ​នៅ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​កន្លង​ទៅ​នេះ តុលាការ​បាន​សម្រេច​ផ្តន្ទទោស ហេ គឿន ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ និង ឈ្មោះ សែ សុងហេង ដាក់​ពន្ធនាគារ​ ៦ឆ្នាំ ការ​សម្រេច​នេះ​បញ្ជាក់​ថា ហេ គឿន ពិត​ជា​បាន​ប្រព្រឹត្តិ​ល្មើស ស្រប​តាម​ភស្តុតាង​ក្នុង​សំណុំ​រឿង​ដែល​អង្គភាព​បាន​កសាង និង​បញ្ជូន​ទៅ​តុលាការ។​ ដូចនេះ​ការ​លើក​ឡើង​របស់​ពួក​គាត់​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ឡើយ ​អង្គភាព​នឹង​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់ វិធានការ​នេះ​ក៏​ជា​ការ​គាំទ្រ និង​ការ​ពារ ដល់​អ្នកសារព័ត៌មាន​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​ដ៏​ទៃ​ផង​ដែរ»។

ពាក់​ព័ន្ធ​នឹង​សំណួរ​ថា​តើ ករណី ហេ គឿន និង សែ សុងហេង នៅ​មាន​ជន​សង្ស័យ​បន្ថែម​ទៀត​ឬ​យ៉ាង​ណា លោក ច័ន្ទវិចិត្រ​បញ្ជាក់​ថា លោក​មិន​ទាន់​ផ្តល់​ព័ត៌មាន​បាន​ មូលហេតុ​ប៉ះ​ពាល់​ដល់​ការ​សម្ងាត់​នៃ​ការ​ស៊ើប​អង្កេត៕