
«ខ្យងឧទយាទិត្យ» ដែលត្រូវបានគេដាក់ឈ្មោះឱ្យ តាមព្រះនាម ព្រះបាទឧទយាទិត្យវរ្ម័នទី២ ត្រូវបានទទួលស្គាល់ថា ជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត។ រូបថត Fauna & Flora និងក្រសួងបរិស្ថាន
បាត់ដំបងៈ «ខ្យងឧទយាទិត្យ» (Clostophis udayaditinus) ត្រូវបានទទួលស្គាល់ថា ជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត បន្ទាប់ពីត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង កាលពីឆ្នាំ២០២៤។
ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថា «ខ្យងឧទយាទិត្យ» គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេ ដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។
ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (Fauna & Flora - Cambodia Programme) សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ Chulalongkorn, សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaen ដែលគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming។
អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងក្រសួងបរិស្ថានបញ្ជាក់ថា៖«តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus)ចំនួន៥។ ក្នុងនោះក៏មិនទាន់មានពួក “Clostophis” នេះដែរ។ ដូចនេះការសិក្សារបស់យើងក៏បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់ប្រទេសកម្ពុជាផងដែរ»។
ខ្យងគោកពួក Clostophis ជាពួកខ្យងដែលមានទំហំតូច ដែលជាទូទៅតូចជាង២មីលីម៉ែត្រ ហើយខ្យងឧទយាទិត្យ Clostophis udayaditinus គឺជាខ្យងទី២០នៃពួក Clostophis ដែលត្រូវបានគេរកឃើញ។

ភ្នំបាណន់ ក្នុងខេត្តបាត់ដំបង ដែលក្រុមអ្នកស្រាវជ្រាវ រកឃើញ«ខ្យងឧទយាទិត្យ» កាលពីឆ្នាំ២០២៤។ រូបថត Fauna & Flora និងក្រសួងបរិស្ថាន
តំបន់ទេសភាពភ្នំថ្មកំបោរនៅប្រទេសកម្ពុជាសម្បូរទៅដោយប្រភេទសត្វ ដែលមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ (Endemic) ។ ការរកឃើញនេះមានសារសំខាន់ណាស់ ព្រោះវាជាកំណត់ត្រាដំបូងនៃពួកខ្យង Clostophis នៅកម្ពុជា បានបង្ហាញពីលក្ខណ:ពិសេសនៃលក្ខខណ្ឌភូមិសាស្រ្ត និងប្រព័ន្ធអេកូឡូស៊ី នៃតំបន់ថ្មកំបោរកម្ពុជា ដែលមានសារសំខាន់សម្រាប់ការអភិរក្ស។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹងថា ការរកឃើញនេះ គឺពិតជាការផ្តល់តម្លៃដល់ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវទៅលើធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖«ការកើនឡើងនូវប្រភេទជីវៈចម្រុះថ្មីៗនេះ វាបង្ហាញឱ្យឃើញពី ភាពសុខដុមរមនា រវាងមនុស្ស និងធម្មជាតិ ក៏ដូចជាការថែរក្សាបាននូវ ធនធានធម្មជាតិ និងការថែរក្សាបាននូវការអភិរក្សបរិស្ថានបានល្អ ធ្វើឱ្យការរកឃើញជីវៈចម្រុះមានជាបន្តបន្ទាប់»។
ក្រសួងបរិស្ថាននឹងបន្តការសិក្សា ក៏ដូចជាលើកទឹកចិត្តដល់ការសិក្សាបន្ថែមទៀត នៅក្នុងតំបន់ការពារធនធានម្មជាតិ ដើម្បីកំណត់ឱ្យបានកាន់តែល្អប្រសើរនូវប្រភេទជីវៈចម្រុះផ្សេងៗទៀត៕