ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ពួក​គាត់​មិន​អាច​ចុះ​ឈ្មោះ​ធ្វើ​ប័ណ្ណ​សុខភាព​ ប.ស.ស.​ នៅ​ក្នុង​ដំណើរ​លើក​ទីមួយ​ទៅ​កាន់​ស្នាក់​ការ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ដោយសារ​មិន​បាន​​ធ្វើ​វិញ្ញាបនបត្រ​នៃ​​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ជា​លក្ខខណ្ឌ​តម្រូវ​ថ្មី។

ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​ដែល​មិន​បាន​តាម​ដាន​អំពី​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ការ​ចុះ​ឈ្មោះ​ប្រើប្រាស់​ប.ស.ស.​ បាន​ប្រមូល​ឯកសារ​ពាក់​ព័ន្ធ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទីស្នាក់ការ​កណ្ដាល​របស់​ប.ស.ស. នៅ​ខណ្ឌ​សែនសុខ​ ក្នុង​នាម​ជា​បុគ្គល​ស្វ័យ​និយោជន៍។

ប៉ុន្តែ ដំណើរ​លើក​ទី​១​បាន​ត្រឹម​ទទួល​ការ​ណែនាំ​ឲ្យ​ចុះ​ឈ្មោះ​នៅ​លើ​កម្មវិធី​ទូរស័ព្ទ​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ជា​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ជា​លក្ខខណ្ឌ​តម្រូវ​ថ្មី ដោយ​ត្រូវ​បញ្ចូល​ឯកសារ​អត្តសញ្ញាណប័ណ្ណ រូបថត​កាត និង​ទីតាំង​អាជីវកម្ម និង​ព័ត៌មាន​បន្ថែម​ទៀត។ កិច្ច​ការ​នេះ​មិន​ពិបាក​សម្រាប់​អ្នក​ដែល​ចេះ​ប្រើ​ប្រាស់​ទូរស័ព្ទ ប៉ុន្តែ នៅ​តែ​ជា​បញ្ហា​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន។

អ្នក​ដែល​បំពេញ​លើ​កម្មវិធី​ទូរស័ព្ទ​នេះ​រួច​ដោយ​ជោគជ័យ​ ត្រូវ​រង់​ចាំ​​ការ​ត្រួត​ពិនិត្យ​រហូត​ដល់​មាន​សញ្ញា​យល់​ព្រម។ បន្ទាប់​មក​ អ្នក​ស្នើ​សុំ​ត្រូវ​ព្រីន​ឯកសារ​នេះ​ ហើយ​យក​ទៅ​កាន់​ស្នាក់​ការ​ប.ស.ស.​ ដើម្បី​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវា​ ប.ស.ស.។

ការ​វិវិត្ត​ថ្មី​នេះ ខុស​ពី​ឆ្នាំ​មុនៗ​ដែល​បុគ្គល​ស្វ័យ​និយោជន៍​គ្រាន់​តែ​កាន់​ឯកសារ​ពាក់​ព័ន្ធ និង​ឆ្លើយ​សំណួរ​ពាក់​ព័ន្ធ​នឹង​អាជីវកម្ម ហើយ​អាច​ចុះ​ឈ្មោះ​បាន​ភ្លាមៗ​តែ​ម្ដង។

លោក ហេង សុផាន់ណារិទ្ធ ​អគ្គនាយករង​បេឡា​ជាតិ​សន្តិ​សុខ​សង្គម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​លំបាក​បន្តិច​នៅ​ដំណាក់​កាល​ដំបូង​នៅ​ពេល​មាន​ការ​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​ដើម្បី​បាន​វិញ្ញាបនបត្រ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​យក​វិញ្ញាបនបត្រ​នេះ​អាច​ធ្វើ​បាន​តាម​កម្មវិធី​ទូរស័ព្ទ​ដៃ ឬ ធ្វើ​តាម​រយៈ​ភ្នាក់ងារ​នៅ​តាម​ធនាគារ​ដៃគូ​ចំនួន​ ៦ រួម​មាន​ធនាគារ​អភិវឌ្ឍន៍ជនបទ​និង​កសិកម្ម ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា ធនាគារ​អេស៊ីលីដា ធនាគារ​អេប៊ីអេ ធនាគារ​វីង និង​ធនាគារ​វឌ្ឍនៈ ដែល​ផ្ដល់​សេវា​នេះ។

បន្ទាប់​ពី​បាន​វិញ្ញាបនបត្រ​ហើយ អ្នក​ស្នើ​សុំ​អាច​យក​ទៅ​កាន់​ប.ស.ស. និង​ឆ្លើយ​សំណួរ​ពី​បុគ្គលិក​ប.ស.ស. អំពី​អាជីវកម្ម​របស់​អ្នក​ស្នើ​សុំ។

ពាក់​ព័ន្ធ​ការ​តម្រូវ​ឲ្យ​អ្នក​ស្នើ​សុំ​ប.ស.ស.​ដែល​ជា​បុគ្គល​ស្វ័យនិយោជន៍​ត្រូវ​បង្ហាញ​អាជីវកម្ម​ច្បាស់​លាស់ លោក សុផាន់ណារិទ្ធ បញ្ជាក់​ថា ប.ស.ស. មិន​ហាម​សាធារណជន​មិន​ឲ្យ​ស្នើ​សុំ​ប្រើប្រាស់ ប.ស.ស.​នោះ​ទេ គ្រាន់​តែ​ចង់​ឲ្យ​មាន​ភាព​ច្បាស់​លាស់​ថា​តើ​អ្នក​ស្នើ​សុំ​មាន​មុខ​របរ​អ្វី​ពិត​ប្រាកដ។

មួយ​វិញ​ទៀត គឺ​ដើម្បី​ចៀស​វាង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​ថៅកែ​ក្រុមហ៊ុន ដូចជា​ករណី​ក្រុមហ៊ុន​មិន​បង់​ប.ស.ស. ឲ្យ​បុគ្គលិក ហើយ​តម្រូវ​ឲ្យ​បុគ្គលិក​បង់​ដោយ​ខ្លួន​ឯង។​

បច្ចុប្បន្ន​នេះ ប.ស.ស. ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ មាន​សមាជិក​សរុប​ជាង​ ២,៧៧​លាន​នាក់៕