ពលរដ្ឋ​ថៃ​ចំនួន ៥៦​នាក់​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​កម្ពុជា​ ខណៈ​៧​នាក់​ទៀត​ដែល​ជា​មេខ្លោង​នៃ​អំពើ​ឆបោក​តាម​អនឡាញ​កំពុង​ប្រឈម​មុខ​នឹង​វិធានការ​ផ្លូវ​ច្បាប់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។​ នេះ​បើ​តាម​អគ្គស្នងការ​នគរ​បាល​ជាតិ។

អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៥​ ខែ​មីនា​នេះ​ថា ​គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវ​ជ្រាវ ស៊ើប​អង្កេត និង​បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រភេទ​នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី២២ ខែមីនា​ បាន​ឃាត់​ខ្លួន​ជន​ជាតិ​ថៃ​សរុប​ចំនួន ៦៣​​នាក់​ ក្នុង​នោះ​មាន​ទាំង​កុមារ​ចំនួន​២​នាក់​​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ចំនួន​២​កន្លែង​ ដែល​លួច​លាក់​ប្រព្រឹត្ត បទ​ល្មើស​តាម​ប្រព័ន្ធ​អនឡាញ នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។

ក្នុង​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​រក​ឃើញ ​រក​ឃើញ​សម្ភារៈ​វត្ថុ​តាង​ដូចជា ​កុំព្យូទ័រ​ចំនួន ៣៣​គ្រឿង ទូរ​ស័ព្ទ​ដៃ​ចំនួន ៦៥​គ្រឿង ដែល​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​សកម្មភាព​បទ​ល្មើស​តាម​ប្រព័ន្ធ​អន​ឡាញ​ខុស​ច្បាប់ និង​អត្តសញ្ញាណប័ណ្ណ​ថៃ​ចំនួន ៦៥​ច្បាប់ និង​លិខិត​ឆ្លង​ដែន​ថៃ​ចំនួន​ ២​ច្បាប់។

អគ្គស្នងការ​នគរ​បាល​ជាតិ​បញ្ជាក់​ថា៖ «តាមរយៈ​ទិន្នន័យ​ក្នុង​វត្ថុ​តាង ​សមត្ថកិច្ច​កំណត់​បាន​ថា ក្រុម​នេះ​កំពុង​ត្រៀម​រៀបចំ​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ប្រើ​ប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​សកម្មភាព​ទៅ​ប្រទេស​ដទៃ​ផ្សេង​ទៀត»។

ក្នុង​ចំណោម​ពលរដ្ឋ​ថៃ​ទាំង ៦៣នាក់ ​មាន​ ១០​នាក់​កំពុង​ធ្វើ​រៀប​ចំ​ សម្ភារៈ​មធ្យោបាយ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អនឡាញ​ខុស​ច្បាប់​ដោយ​ស្ម័គ្រចិត្ត និង​ ៤៦​នាក់ កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ដោយ​បិទ​សិទ្ធិ​សេរីភាព​ដើរ​ហើរ ប៉ុន្តែ​មិន​មាន​សញ្ញាណ​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ទេ។​

អគ្គស្នងការ​នគរ​បាល​ជាតិ​បន្ត​ថា នគរបាល​ជាតិ​នឹង​​​ នឹង​ស្នើ​សុំ​កិច្ច​សហការ​ជាមួយ​នគរបាល​ភូមិន្ទ​ថៃ ​ដើម្បី​សម្រប​សម្រួល​រៀបចំ​បែប​បទ​បណ្តេញ​ចេញ​ជនជាតិ​ថៃ​ចំនួន ៥៦​នាក់​ពី​​កម្ពុជា ផ្អែក​តាម​សំណូមពរ​របស់​ពួក​គេ។ ដោយឡែក​ចំពោះ​ជន​សង្ស័យ ​៧នាក់​ផ្សេង​ទៀត​ដែល​ជា​មេខ្លោង​ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ៕