
សពរបស់យុវជន ឈ្មោះ ហួយ ចុង អាយុ២៤ឆ្នាំ ដែលស្លាប់ដោយសារតែលង់ទឹក ហើយដឹកយកទៅមណ្ឌលសុខភាពសេដា។ រូបថត Facebook ប៉ា សុខហេង
រតនគិរីៈ មន្ទីរសុខាភិបាលខេត្តរតនគិរីបានច្រានចោលការចោទប្រកាន់តាមបណ្តាញសង្គមថា នៅមណ្ឌលសុខភាពសេដា ស្ថិតក្នុងឃុំសេដា ស្រុកលំផាត់ គ្មានគ្រូពេទ្យនៅប្រចាំការ ដែលបណ្តាលឱ្យអ្នកជំងឺម្នាក់ស្លាប់កាលពីដើមសប្តាហ៍នេះ។
ការបដិសេធន៍ការចោទប្រកាន់នេះ ធ្វើឡើង បន្ទាប់ពីគណនី Facebook ឈ្មោះ ប៉ា សុខហេង ដែលត្រូវជាអ្នកធ្វើការជាមួយក្រុមគ្រួសារនៃសព បានឡាយវីដេអូ មួយនៅវេលាម៉ោង១២:៤០នាទីថ្ងៃត្រង់ នៅថ្ងៃទី២៤ថា នៅមណ្ឌលសុខភាពសេដា មិនឃើញមានគ្រូពេទ្យប្រចាំការ នៅពេលដែល អ្នកជម្ងឺលង់ទឹកម្នាក់ ត្រូវបានបញ្ជូននៅ សង្គ្រោះនៅទីនោះ។
ម្ចាស់ហ្វេសប៊ុកនេះ បានអះអាងថា ពួកគេថែមទាំងបានទូរស័ព្ទទៅគ្រូទេព្យទៀតផង ប៉ុន្តែគ្មានការឆ្លើយតប ដែលទុកឱ្យអ្នកជំងឺស្លាប់ ទើបហ៊ានឡាយវីដេអូបែបនេះ។
ដើម្បីកុំឱ្យមានការភាន់ច្រឡំពីសំណាក់សាធារណជនទៅលើមូលដ្ឋានសុខាភិបាលសាធារណៈនោះ មន្ទីរសុខាភិបាល កាលពីថ្ងៃទី២៥ ខែមីនា បានបំភ្លឺថា ពិតជាមានករណី បញ្ចូនជនរងគ្រោះម្នាក់ទៅមណ្ឌលសុខភាពពិតមែន។ ប៉ុន្តែ ជនរងគ្រោះនោះបានស្លាប់រួចទៅហើយ មុនពេលទៅដល់មណ្ឌលសុខភាពសេដា។
មន្ទីរសុខាភិបាលបានអះអាងថា៖«ប៉ុន្តែនៅពេលនោះ ក៏មានគ្រូពេទ្យម្នាក់កំពុង ប្រចាំការនៅក្នុងបន្ទប់អគារខាងលើ។ តែដោយការភ័យស្លន់ស្លោរបស់ក្រុមគ្រួសារនៃសព មិនដឹងថាមាន គ្រូពេទ្យយាមប្រចាំការនៅបន្ទប់អគារខាងលើ ទើបម្ចាស់គណនី Facebook ឈ្មោះ ប៉ា សុខហេង បាន ឡាយវីដេអូភ្លាមៗ»។
បន្ទាប់ពីការឡាយវីដេអូចប់ ទើបម្ចាស់គណនី Facebook ឈ្មោះ ប៉ា សុខហេង បានដឹងថា មានគ្រូពេទ្យយាមប្រចាំការនៅបន្ទប់អគារខាងលើ។
ក្រោយពីដឹងថា នៅមណ្ឌលសុខភាពមានគ្រូពេទ្យយាម ប្រចាំការ ម្ចាស់គណនី Facebook ឈ្មោះ ប៉ា សុខហេង បានឡាយវីដេអូសុំទោសវិញភ្លាមៗផងដែរ។
ការបំភ្លឺបញ្ជាក់ថា៖«តាមការពិនិត្យរបស់គ្រូពេទ្យបានបញ្ជាក់ថា ឈ្មោះ ហួយ ចុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ បានស្លាប់ដោយសារលង់ទឹក មុនពេលយកមកដល់មណ្ឌលសុខភាពសេដា»។
ជនរងគ្រោះមានស្រុកកំណើតនៅក្នុងខេត្តតាកែវ ហើយបានទៅធ្វើកម្មករក្នុងចំការម្រេចមួយ ក្នុងខេត្តរតនគិរី។ ហ្វេសប៊ុកដដែលនេះបានអះអាងថា ឳពុកម្តាយជនរងគ្រោះគឺក្រីក្រ ដែលគ្មានទាំងលទ្ធភាពដឹកសពកូនយកទៅស្រុកកំណើតផង។
ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបាននិងកំពុងតែចុះពិនិត្យនៅតាមមណ្ឌលសុខភាព ជាពិសេសនៅតាមបណ្តាខេត្តនានា ដើម្បីឱ្យបានដឹងពីស្ថានភាពជាក់ស្តែង ក៏ដូចជាវត្តមានបុគ្គលិកសុខាភិបាល ថាតើ មានបម្រើសេវា ២៤ម៉ោងលើដែរឬយ៉ាងណា។ ពេលខ្លះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកឈាង រ៉ា ក៏បានឆ្មក់ចុះពិនិត្យ ដោយមិនឱ្យមណ្ឌលសុខភាពនោះដឹងជាមុនផងដែរ៕