
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធអាគារសិក្ខានិងសមិទ្ធផលផ្សេងទៀតនៅខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមីនា។ FN
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់គោលដៅបោសសម្អាតបទល្មើសនៅខេត្តព្រះសីហនុឲ្យបានកាត់តែប្រសើរនៅឆ្នាំ២០២៥នេះ និងលាងសម្អាតកេរ្តិ៍ឈ្មោះអាក្រក់ដែលខេត្តនេះមាននៅក្នុងកែវភ្នែកអន្តរជាតិ។
«ខេត្តព្រះសីហនុនេះត្រូវបានគេវាយប្រហារជាអន្តរជាតិតែម្ដង។ គេវាយប្រហារខេត្តព្រះសីហនុជាខេត្តពាក់ព័ន្ធជាមួយរឿងអាក្រក់។ អីចឹង យើងត្រូវរៀបចំដើម្បីជំរុញលាងឡើងវិញ។ អាវ៉ៃប្រហារហ្នឹង តែមួយថ្ងៃ ប្រឡាក់ តែធ្វើ(សម្អាត)ពិបាកណាស់»។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៦ ខែមីនានេះ។
លោកបន្តថា៖ «អីចឹង សុំឲ្យសមត្ថកិច្ចនៅក្នុងខេត្ត គណៈបញ្ជាការឯកភាពខិតខំដើម្បីបន្តជំរុញគេថា ទប់ស្កាត់ សម្អាត និង ថែរក្សាសន្តិសុខនៅកន្លែងនេះ ដើម្បីជាសក្ដានុពលធំ ទាំងវិនិយោគ ទាំងទេសចរណ៍ ទាំងក្នុងស្រុកទាំងក្រៅស្រុក បន្ថែមទៅលើអ្វីដែលបងប្អូនបានខិតខំធ្វើរយៈពេលកន្លងទៅ»។
ខេត្តព្រះសីហនុ បានត្រូវបានរាយការណ៍ថាមានបទល្មើសច្រើនដែលប្រព្រឹត្តដោយជនបរទេស ដូចជាការឆបោកតាមអនឡាញ ឬការចូលលួចមកធ្វើការដោយខុសច្បាប់ និងបទល្មើសពាក់ព័ន្ធមួយចំនួន។ ខេត្តនេះក៏ធ្លាប់ត្រូវបានជនបរទេសយកជាកន្លែងថតសម្ដែងរឿងចាប់ជំរិតផងដែរ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាមានស្ថិរភាព បើទោះបីជាមានបទល្មើសតូចតាចដែលមិនខុសពីប្រទេសផ្សេងៗនោះទេ។ លោកចាប់អារម្មណ៍និងការលើកឡើងរបស់ជនជាតិពីប្រទេសលោកខាងលិចម្នាក់ដែលបានដើរថតសែលហ្វីនៅភ្នំពេញនៅម៉ោង១១យប់ ហើយថា នៅប្រទេសរបស់លោក មិនអាចធ្វើដូច្នេះបានទេ ដោយសារកត្តាសន្តិសុខ។

អគារនៅខេត្តព្រះសីហនុ។ ហុង រស្មី
លោកបន្តថា៖ «ខេត្តព្រះសីហនុដែលជាខេត្តមានសក្ដានុពល កត្តាសន្តិសុខនេះគឺដាច់ខាតត្រូវតែធ្វើ និងធានាឲ្យបាន។ យើងធ្វើបនល្អហើយ ប៉ុន្តែ នៅមានបញ្ហា ដូច្នេះយើងត្រូវខិតខំរួមគ្នាដើម្បីធ្វើបន្តទៀត ហើយសង្ឃឹមថា ២០២៥នេះ យើងនឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុជាកន្លែងដែលមានសុវត្ថិភាពល្អ។ យើងសង្ឃឹម ហើយយើងនឹងបន្តធ្វើ»។
កាលពីខែកុម្ភៈ រដ្ឋាភិបាលរបស់បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រធានផ្ទាល់តែម្ដង។
នៅក្នុងមួយរយៈពេលចុងក្រោយនេះ សមត្ថកិច្ចបង្ក្រាបបានករណីឆបោកតាមអនឡាញជាច្រើនករណី រួមមានទាំងជនសង្ស័យជាជនជាតិចិន ថៃ វៀតណាម និងជនជាតិពីប្រទេសអាស៊ីផ្សេងទៀត ដែលកើតឡើងនៅខេត្តមណ្ឌលគិរី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ កំពត និង ខេត្តស្វាយរៀង។
នៅក្នុងពិធីសម្ពោធអាគារសិក្សានៅថ្ងៃនេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ខេត្តក្រុងបន្តពង្រឹងកិច្ចការពារសន្តិសុខ និងទប់ស្កាត់បទល្មើសឲ្យកាន់តែខ្លាំងបន្ថែមទៀត។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ក្រុងព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយល្បីឈ្មោះរឿងអសន្តិសុខ សណ្ដាប់ធ្នាប់ ការឆបោក ការជួញដូរមនុស្ស និងការបំពុលបរិស្ថាន ដែលធ្វើខ្មែរនិងបរទេសមិនសូវពេញចិត្ត ហើយថែមប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។
លោកថា៖ «ខ្ញុំសាទរដែលបានឮការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រីនៅពេលនេះ ហើយសង្ឃឹមថា លោកនិងអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការតឹងរ៉ឹងនិងច្បាស់លាស់ដើម្បីកែលម្អស្ថានភាពនៅទីនោះឲ្យប្រសើរឡើងវិញ»៕