រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស សុខា និង​លោក​ វិល័យ ឡាខាំហ្វង (Vilay Lakham Phong)​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​ បាន​ជជែក​ពិភាក្សា​គ្នា​និង​ព្រម​ព្រៀង​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ទប់​ស្កាត់​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​សម្រាប់​ឆ្នាំ​២០២៥។

ការ​ពិភាក្សា​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​នៃ​ទស្សនកិច្ច​របស់​លោក ស សុខា ទៅ​ប្រទេស​ឡាវ​ជិត​ខាង​ពី​ថ្ងៃទី២៤ ដល់​ទី២៦ ខែមីនា​នេះ។

លោក រ៉េន រតនៈ អ្នក​នាំពាក្យ​ខុទ្ទកាល័យ​លោក​ ស សុខា ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២៦ ខែមីនា​នេះ​ថា ក្នុង​ជំនួប​ទ្វេ​ភាគី​នេះ ​រដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​ស្រាវជ្រាវ​ទៅ​លើ​មុខ​សញ្ញា​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ​ដូចជា ជួញដូរ​មនុស្ស និង​សភាព​ការ​នៅ​តាម​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

រដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​បាន​ដឹក​នាំ​វាយ​តម្លៃ​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ទាំង​ពីរ​នៅ​ឆ្នាំ​២០២៤ និង​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​២០២៥​បន្ត​ទៀត។​

ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ក៏​មាន​វត្តមាន​អភិបាល​ខេត្ត ​និង​ស្នងការ​នៃ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ឡាវ ដូចជា​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង និង​រតនគិរី ​ដើម្បី​ធានា​ដល់​ការ​អនុវត្ត​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។

លោក រ៉េន រតនៈ ថ្លែង​ថា៖ «ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​ថា អ្វី​ដែល​នៅ​សេស​សល់​យើង​នឹង​ខិតខំ​ជំរុញ​អនុវត្ត​ឲ្យ​បាន​​សកម្ម​ថែម​ទៀត រួម​ជាមួយ​នឹង​អ្វី​ដែល​បាន​ចុះ​នៅ​ក្នុង​កំណត់​ហេតុ​នៃ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០២៥»។

លោក​បន្ត​ថា៖ «កំណត់​ហេតុ​នេះ​មាន​ការងារ​សំខាន់ៗ​ពាក់​ព័ន្ធ​នឹង​ការ​ងារ​ថែ​រក្សា​សណ្ដាប់​ធ្នាប់ ស្ថិរភាព​សង្គម ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ការ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ កិច្ច​សហការ​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​តាម​ព្រំដែន ការ​ចេញ​ចូល​ឆ្លង​កាត់​ព្រំដែន ការ​ទប់ស្កាត់​និង​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​និង​បទ​ល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ការ​ងារ​ផ្ទេរ​ទណ្ឌិត ការ​ផ្លាស់​ប្ដូរ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​បណ្ដុះ​បណ្ដាល»។​

បទ​ល្មើស​ដែល​តែង​កើត​ឡើង​ឆ្លង​កាត់​ព្រំដែន​ឡាវ​ មក​កម្ពុជា គឺ​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន ដែល​ដឹក​ចូល​កម្ពុជា​ឆ្លង​កាត់​ខេត្ត​ស្ទឹង​ត្រែង​ ឬ ព្រះ​វិហារ។ កាល​ពី​ខែ​ពេល​ថ្មីៗ​នេះ គ្រឿង​ញៀន​ជាង​ ៤០០​គីឡូក្រាម​ត្រូវ​បា​សមត្ថកិច្ច​បង្ក្រាប​បាន​បន្ទាប់​ពី​បាន​ដឹក​ចេញ​ពី​ខេត្ត​ស្ទឹង​ត្រែង​​ឆ្ពោះ​ទៅ​ភ្នំពេញ៕