កំពង់ចាមៈ ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុ នៃស្រុកកងមាស ត្រូវបានបញ្ចប់តួនាទី កាលពីថ្ងៃពុធ ទី២៦ ខែមីនា ក្រោយពីរដ្ឋបាលខេត្ត រកឃើញថា ប្រធានការិយាល័យរូបនេះ បានយកប្រាក់ជាង៣០០ ដុល្លារ​អាមេរិក ពីប្រជាពលរដ្ឋមួយរូប សម្រាប់ការកែតម្រូវសំបុត្រកំណើត ដែលការកែនេះ មិនតម្រូវឱ្យបង់កម្រៃសេវានោះទេ។

លិខិតជូនដំណឹងរបស់អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដាបានឱ្យដឹងថា រដ្ឋបាលខេត្តបាន ទទួលបានពាក្យបណ្តឹងតាម បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly ដែលបានចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ករណី យកប្រាក់ចំនួន ៣៦០ ដុល្លារ កាលពីថ្ងៃទី២១ ខែមីនានេះ សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្មៅ ស្រុកកងមាស ខេត្តកំពង់ចាម។

បន្ទាប់មក រដ្ឋបាលខេត្តបាន ចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានអង្គភាព ច្រកចេញចូលតែមួយខេត្ត ចុះធ្វើការសិក្សា ស្រាវជ្រាវលើករណីនេះ។  លទ្ធផលបានរកឃើញថា គឺពិតជាមានករណីដូចក្នុង បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly ពិតប្រាកដមែន។

ដើម្បីអនុវត្តវិធានការ ទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ឱ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុកកងមាស «ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌ ផ្សេងៗទៀត»។

លោកអភិបាលខេត្ត ក៏បានណែនាំផងដែរថា រដ្ឋបាលស្រុកត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់ លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀត ត្រូវមានវិធានការតាម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។

លើសពីនោះ អភិបាលស្រុកត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួន តាមលិខិតបទដ្ឋានគតិយុត្ត និង សេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ ហើយត្រូវពង្រឹងកិច្ចការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍កំណត់ (ពេលវេលា និងតម្លៃសេវា) ដែលអាចទទួលយកបាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

បន្ថែមពីនោះ រដ្ឋបាលស្រុក ក៏ត្រូវរៀបចំកិច្ចប្រជុំ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពង្រឹងតួនាទី និងភារកិច្ចរបស់ ខ្លួនជារៀងរាល់ខែ។ ក្នុងករណីមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងនៅរដ្ឋបាលស្រុកបន្តទៀត រដ្ឋបាលខេត្តនឹងមានវិធានការតាមនីតិវិធីនៃច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់។

មន្រ្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា ទាំងការធ្វើសំបុត្រកំណើត និងការកែតម្រូវសំបុត្រកំណើត មិនតម្រូវឱ្យបង់កម្រៃសេវានោះទេ៕