
ពលរដ្ឋវៀតណាមដែលប្រព្រឹត្តបទល្មើស ឬនិងចូលមកធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបានបណ្ដេញចេញកាលពីឆ្នាំ២០២៤។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
អំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទនៅកម្ពុជាបានកើនឡើងនៅឆ្នាំ២០២៤ ដោយសមត្ថកិច្ចបង្ក្រាបបានសរុប ១៩៧ករណី កើនចំនួន ៣៣ករណី ខណៈដែលចំនួនជនល្មើសដែលត្រូវបានបណ្ដេញចេញពីកម្ពុជាកើនឡើងជាង ១០០ភាគរយធៀបនឹងឆ្នាំ២០២៣។
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស បានអានរបាយការណ៍ប្រចាំឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែមីនានេះ ដែលបង្ហាញថា សមត្ថកិច្ចបង្ក្រាបបានករណីជួញដួរមនុស្សនិងអាជីវកម្មផ្លូវភេទ ១៩៧ករណី និងបានចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ២៧៣នាក់។ ចំនួនបង្ហាញពីការកើនឡើង ៣៣ករណីពី ១៦៤ករណីនៅឆ្នាំ២០២៣ និងកំណើននៃជនសង្ស័យចំនួន ៧៩នាក់ពី ១៩៤នាក់នៅឆ្នាំ២០២៣។
នៅឆ្នាំ២០២៤ សមត្ថកិច្ចកម្ពុជាក៏បានឃាត់ខ្លួន និងបណ្ដេញចេញជនបរទេសល្មើសច្បាប់ ពីកម្ពុជាចំនួន ៩២២លើក កើនឡើងពី ៥១២លើក នៅឆ្នាំ២០២៣ ដែលមានមនុស្សសរុបចំនួន ៥៨៥២នាក់ កើនឡើងជាង១០០ភាគរយធៀបទៅនឹងចំនួនបណ្ដេញចេញសរុបឆ្នាំ២០២៣ ដែលមាន ២១៥៩នាក់។
ក្នុងចំណោមជនបរទេសដែលត្រូវបណ្ដេញចេញ មានជនជាតិចិន ២៦៩៥នាក់ កើនឡើងជាង ១០០ភាគរយពី ១០១១នាក់ នៅឆ្នាំ២០២៣។ ចំណែកវៀតណាមមានចំនួន ១១៩៨នាក់ ឥណ្ឌេស៊ី ៨៦១នាក់។
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា កម្ពុជាជាប្រទេសមួយដែលរងគ្រោះដោយការគំរាមកំហែងពីបទល្មើសឆ្លងដែន ដូចជាបទល្មើសជួញដូរមនុស្ស ជួញដូរគ្រឿងញៀន អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកថា ក្រៅពីពលរដ្ឋកម្ពុជាដែលត្រូវរងគ្រោះនៅបរទេស ដូចជានៅក្នុងឧស្សាហកម្មនេសាទសមុទ្រ ក៏មានប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ បានហូរចូលមកប្រទេសកម្ពុជា ទាំងដោយស្របច្បាប់ និងមិនស្របច្បាប់ ហើយបានបង្កើតមូលដ្ឋានប្រព្រឹត្តបទល្មើសដោយសម្ងាត់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធ។ ក្នុងចំណោមអ្នកដែលចូលមកកម្ពុជានេះ មានទាំងជនល្មើស និងជនរងគ្រោះក្នុងបណ្ដាញនៃបទល្មើសនេះ។
លោកបញ្ជាក់ថា កម្ពុជាបានសហការជាមួយស្ថានទូត ឬស្ថានតំណាង បេសកកម្មនៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្លួន ដែលត្រូវបានរកឃើញនៅកម្ពុជា និងចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ៕