កំពតៈ អ្នកសារព័ត៌មាន២នាក់ ក្នុងចំណោម៣នាក់ត្រូវបានតុលាការខេត្តកំពតសម្រេចឃុំខ្លួននៅពន្ធនាគារ ពាក់ព័ន្ធនឹងការ​កំហែងយក (គំរាមទារប្រាក់)២ពាន់ដុល្លារ ពី«កាស៊ីណូខ្ញុំ» ស្ថិតនៅក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច កាលពីថ្ងៃទី១៧ ខែមីនានេះ។

អ្នកសារព័ត៌មានទាំង៣នាក់នេះរួមមានលោកទន់ ម៉ូវ អាយុ៤១ ឆ្នាំ ជាចាងហ្វាងសារព័ត៌មានកំពតដេលី, លោកខ្មៅ មិថុនា អាយុ៣២ឆ្នាំ ជានិពន្ធនាយកសារព័ត៌មានកំពតដេលី និងជាអ្នកលក់ការហ្វេ និងចុងក្រោយ លោកស្រី ធី សុផល ហៅ ស្រស់ អាយុ៣៣ឆ្នាំ ជាពិធីការនី និងជាចាងហ្វាងសារព័ត៌មាន អធិរាជសម្លេងចៅកំសត់។ នេះបើយោងតាមសាលាដំបូងខេត្តកំពត។

អ្នកទាំង៣«ត្រូវបានចោទប្រកាន់ពីបទ កំហែងយក ប្រព្រឹត្តនៅចំណុចកាស៊ីណូខ្ញុំ នៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បទល្មើសមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ»។

បន្ទាប់ពីចៅក្រមស៊ើបសួរបានសួរចម្លើយលើជនត្រូវចោទខាងលើរួចមក និងរួមទាំងការពិនិត្យភស្តុតាងដែល បានដកហូតជាក់ស្តែង និងភស្តុតាងនានា ដែលមានក្នុងសំណុំរឿងនេះ ចៅក្រមស៊ើបសួរបាន សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ទន់ ម៉ូវ និងឈ្មោះ ខ្មៅ មិថុនា នៅពន្ធនាគារ ខេត្តកំពត ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។

ចំណែកឯជនត្រូវចោទឈ្មោះ ធី សុផល ហៅ ស្រស់ ត្រូវបានចៅក្រមស៊ើបសួរ បានសម្រេចមិនឃុំខ្លួន ដោយបានសម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។

កាលពីថ្ងៃទី១៨ ខែមីនានេះ តំណាងក្រុមហ៊ុន«កាស៊ីណូខ្ញុំ» (Casino Knhom) លោកញឹម វណ្ណឈុន អាយុ៤៦ឆ្នាំ បានប្ដឹង ទៅនគរបាលខេត្ត ដោយចោទប្រកាន់អ្នកទាំង៣ថាបានគំរាមទារប្រាក់ចំនួន ២ពាន់ ដុល្លារអាមេរិក ជាថ្នូរនឹងការបញ្ឈប់ចុះផ្សាយព័ត៌មាន នៅទីតាំងចាក់សំរាម និងកន្លែងបង្ហូរទឹក របស់«កាស៊ីណូខ្ញុំ»។

នៅរសៀល ថ្ងៃទី២០ ខែមីនា កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តកំពត បានធ្វើការបង្ក្រាបជាក់ស្តែង ក្នុងខណៈដែលជនរងគ្រោះកំពុងប្រគល់ប្រាក់ចំនួន ២ពាន់ដុល្លារ ឱ្យទៅជនសង្ស័យទាំង៣នាក់ នៅចំណុចហាងកាហ្វេកីឡា ស្ថិតនៅក្នុងភូមិស្លាបតាអោន ឃុំស្វាយទង ខាងត្បូង ស្រុកកំពង់ត្រាច។

វត្ថុតាង ដែលត្រូវបានដកហូត មានរថយន្ត១គ្រឿង ម៉ាកTOYOTA CAMRY ប័ណ្ណសារព័ត៌មាន ចំនួន៣ និងប្រាក់ចំនួន ២ពាន់ដុល្លារ ដែលជារបស់ជនរងគ្រោះ។

ក្រសួងបរិស្ថានបានពិនិត្យឃើញថា «កាស៊ីណូខ្ញុំ»បាន លួចបញ្ចេញសំណល់រាវកខ្វក់ស្អុយ ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ និងប្រពភពទឹកព្រែកចាក ក្នុងឃុំឫស្សីស្រុកខាងលិច។ រូបថត ក្រសួងបរិស្ថាន

ក្រោយពីមានការផ្សព្វផ្សាយពីការបង្ហូរទឹកកខ្វក់ របស់«កាស៊ីណូខ្ញុំ»នោះរួចមក មន្រ្តីក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យនៅទីតាំងរងការបំពុលពីការបង្ហូរសំណល់រាវរបស់កាស៊ីណូនេះ នៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច កាលពីថ្ងៃទី២៥ ខែមីនា។

ក្រុមការងារក្រសួងបានពិនិត្យឃើញថា កាស៊ីណូនេះ បានបញ្ចេញសំណល់រាវ ដែលបង្កជាកិ្លនស្អុយ ប៉ះពាល់ដល់ពលរដ្ឋ៩គ្រួសារ នៅភូមិលក ឃុំឫស្សីស្រុកខាងលិច។

ក្រសួងបញ្ជាក់ថា៖«ការបង្ហូរសំណល់ទឹកកខ្វក់របស់កាស៊ីណូបានបង្កផលប៉ះពាល់ដល់ទឹកព្រែកចាក ដោយស្ថានភាពទឹកព្រែកចាក ចាប់ពីខាងលើចំណុចប្រសព្វ រវាងប្រឡាយបង្ហូរសំណល់ទឹកកខ្វក់ជាមួយព្រែកចាក ប្រ​មាណ៥០ម៉ែត្រ និងខាងក្រោមប្រមាណ៤៥០ម៉ែត្រ ទឹកមានស្ថានភាពពណ៌ខ្មៅ និងមានក្លិនស្អុយ»។

ក្រៅពីនោះ កាស៊ីណូ ក៏មិនទាន់មានប្រព័ន្ធប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់នៅឡើយទេ ហើយក៏មិនទាន់បានរៀបចំទីតាំងទុកដាក់សំរាមសំណល់រឹងបានត្រឹមត្រូវនៅឡើយ។

លើសពីនោះ ការបញ្ចេញសំណល់រាវ សំណល់រឹងនោះ ពុំមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថានផងដែរ ហើយ ដំណើរការអាជីវកម្ម ដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងកិច្ចសន្យាការពារបរិស្ថាននោះដែរ។

ក្រសួងបានសម្រេច អនុវត្តវិធានការច្បាប់ ដោយបញ្ជាឱ្យក្រុមហ៊ុន ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវចេញពីទីតាំងកាស៊ីណូ ចូលទៅប្រភពទឹកសាធារណៈ (ព្រែកចាក) ជាបណ្តោះអាសន្ន រហូតបញ្ចប់ការសាងសង់អាងប្រព្រឹត្តិកម្ម និងទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។

ក្រសួងក៏បានអនុវត្តពិន័យអន្តរការណ៍ចំពោះកាស៊ីណូផងដែរ ដោយរួមទាំងមានការបង្គាប់ ឱ្យផ្តល់សំណងការខូចខាតផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ ទៅតាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ និងអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។

បន្ថែមពីនោះ ក្រុមហ៊ុន ក៏ត្រូវធ្វើការស្ដារសម្អាត ប្រព័ន្ធព្រែកចាក ដែលទទួលរងការបំពុល ឱ្យមានភាពល្អប្រសើរឡើងវិញផងដែរ៕