ភ្នំពេញៈ ផ្លូវជាតិសំខាន់ៗ ចំនួន១២៦ខ្សែ ប្រវែងជាង ៦ពាន់ គីឡូម៉ែត្រ នឹងលែងមានសំរាម ចាប់ពីចុងឆ្នាំ២០២៥នេះ ហើយសាលារៀន មណ្ឌលសុខភាព និងវត្តអារាមនីមួយៗ នៅទូទាំងប្រទេស​នឹងទទួលបានធុងសំរាមចំនួន៣ផងដែរ។

ទាំងនេះ គឺជាផែនការសកម្មភាពសំខាន់ៗ នៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដែលត្រូវបានក្រសួងបរិស្ថានប្រកាសដាក់ចេញ ហើយធ្វើការផ្សព្វផ្សាយ ដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ នាថ្ងៃទី២៧ ខែមីនានេះ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានថ្លែងថា យុទ្ធនាការយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដែលត្រូវបានប្រកាសបើកដំណើរការកាលពីខែមករាកន្លងមក គឺធ្វើឡើង ដើម្បីបំពេញ ឱ្យយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»។

យុទ្ធនាការទាំង២នេះកំពុងតែជំរុញឱ្យទៅជាសក​ម្មភាព រួមគ្នា ក្នុងពេលតែមួយ ដើម្បីសម្អាតបរិស្ថាន បរិ​វេណជុំវិញភូមិដ្ឋាន សាលារៀន វត្តអារាម និងនៅតាមទីសាធារណៈ។ ក្នុងនោះ គឺជំរុញឱ្យមានសកម្មភាពសម្អាត រើសសំរាម នៅតាមដងផ្លូវនានា ជាពិសេសនៅតាមផ្លូវជាតិ ដែលអ្នកពាក់ព័ន្ធទាំងអស់ សហការគ្នា ដើម្បីធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ «នៅចុងឆ្នាំ២០២៥»។

លោករដ្ឋមន្រ្តីបានលើកឡើងពីការគាំទ្រ និងងការលើកទឹកចិត្ត ដល់ការផ្តល់ការគាំទ្រ ជាធនធាន ឬជាសម្ភារផ្សេងៗ។ ក្នុងនោះក្រសួងគ្រោងផ្តល់ធុងសំរាមចំនួន៣ ដល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម នីមួយៗ ទូទាំងប្រទេស ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ជាអាទិភាព ដោយការដាក់ពង្រាយធុងសំរាម សម្រាប់ញែកសំណល់តាមបែបស្តង់ដារ នៅទូទាំងប្រទេស។

ការផ្តល់ធុងសំរាមនេះ គឺផ្តោតលើ ការញែក និងកែច្នៃសំណល់ ដែលអាចកាត់បន្ថយការបំពុលបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់ និងការបង្កើនចំណូលបន្ថែមនៅក្នុងសាលារៀន ក៏ដូចជាអាជីវកម្មកែច្នៃសំណល់។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ជាមួយគ្នានេះដែរ ក្រសួងនឹងយកចិត្តទុកដាក់កម្រិតខ្ពស់លើការ ញែកសំរាម និងការសាងសង់ទីលានទុកដាក់សំរាម ដែលស្របតាមស្តង់ដារ បច្ចេកទេស និងប្រកបដោយអនាម័យ។ ធ្វើយ៉ាងណា ឱ្យមានការញែកសំរាមប្លាស្ទិក សំណល់គ្រោះថ្នាក់ និងសំរាមធម្មតា និងទុកដាក់ឱ្យបានត្រឹមត្រូវ»។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ថ្លែង ក្នុងពិធីប្រកាសផែនការសកម្មភាពសំខាន់ៗ នៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នាថ្ងៃទី២៧ ខែមីនានេះ។ រូបថត ក្រសួងបរិស្ថាន

ក្នុងឱកាសនោះ ក្រសួងបរិស្ថាន ក៏បានផ្តល់រថយន្តដឹកសំរាមចំនួន៥គ្រឿងបន្ថែមទៀត ដល់មន្ទីរបរិស្ថានខេត្ត​ និងសមាគមផងដែរ។ ក្នុងនោះ សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ក៏ទទួលបានមួយគ្រឿងផងដែរ។

ប្រធានសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម លោកជុំ ហួត បានឱ្យដឹងថា សមាគមនឹងប្រើប្រាស់រថយន្តនេះ ក្នុងការចូលរួម យុទ្ធនាការរបស់ក្រសួង ក្នុងទិសដៅ អនុវត្តភាពស្អាតនៅកម្ពុជាឱ្យមាននិរន្តភាព។

លោកបានឱ្យដឹងថា សមាគមនឹងផ្តោតការរើសសំរាមនៅតាមផ្លូវជាតិលេខ៣ យ៉ាងហោចណាស់ឱ្យបាន៣ដងក្នុង១ខែ ដោយខិតខំស្វះស្វែងរកការចូលរួមគាំទ្រពីសិ​ស្សា​នុសិស្ស ប្រជាពលរដ្ឋ កម្មកររោងចក្រ សហគ្រាស និងអាជ្ញាធរមូលដ្ឋានជាដើម។

លោកបញ្ជាក់ថា៖«ឡាននេះ យើងនឹងប្រើក្នុងយុទ្ធនាការប្រមូលសំរាម យកទៅចាក់នៅកន្លែងសុវត្ថិភាព។ យើងប្រមូលហើយ មិនចាក់នៅកន្លែងណាផ្តេសផ្តាសទេ គឺយកទៅចាក់នៅកន្លែងចាក់សំរាមឱ្យបានត្រឹមត្រូវ កុំឱ្យនៅរាយប៉ាយទៀត។  បើប្រមូលហើយ មិនយកទៅដាក់នៅកន្លែងមានសុវត្ថិភាព គឺដូចជាដដែលទេ»។

ក្រសួងបានឱ្យដឹងថា ផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នឹងអនុវត្តនៅតាមបណ្តារាជធានី ខេត្តនៅទូទាំងប្រទេស ដោយផ្តោតលើកំណាត់ផ្លូវជាតិសំខាន់ៗ ចំនួន ១២៦ខ្សែ ដែលមានប្រវែងសរុប ៦ ៣០៩,៥៧គីឡូម៉ែត្រ។

សកម្មភាពទាំងនេះ មានដូចជា៖ ការបន្តការផ្សព្វផ្សាយ និងបំផុសចលនាសម្អាតនៅផ្លូវជាតិជាប្រចាំ និងចូលរួមសម្អាតមុខគេហដ្ឋាន ឬទីតាំងផ្ទាល់ខ្លួន ជាមួយនឹងកម្លាំងភូមិ ឃុំ សង្កាត់ ឱ្យបានយ៉ាងតិច ២ដង​ក្នុង១សប្តាហ៍។

ក្រៅពីនោះ មានការបន្តជំរុញបេ្តជ្ញាចិត្ត ពីសំណាក់សិស្សានុសិស្ស កម្មករ កម្មការនី បុគ្គលិកក្រុមហ៊ុន រោងចក្រ សហគ្រាស និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាកត្តាសំខាន់ ដើម្បីភាពស្អាតនៅប្រទេសកម្ពុជា។

ការរៀបចំផែនសកម្មភាពសម្អាតជាប្រចាំ និងជំរុញការទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ និងញែកសំរាម សំណល់រឹងនៅនឹងប្រភព ក៏នឹងត្រូវធ្វើឡើងផងដែរ។ បន្ថែមពីនោះ ក៏មាន ការជំរុញការអនុវត្តវិធានការច្បាប់ និងការលើកសរសើរ។ ក្នុងនោះ ក្រសួងនឹងផ្តល់ការលើកសរសើរ ចំពោះរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធ ដែលអនុវត្តផែនការសកម្មភាពនេះបានល្អ៕