ភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុងបាងកក​ មាន​ការ​ប្រុង​ប្រយ័តុ្ន​ខ្ពស់​ចំពោះ​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​ខ្លាំង ​និង​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ និង​មន្ត្រី​បច្ចេកទេស​របស់​ថៃ​។​

យោង​តាម​ក្រសួង​ការងារ​បាន​ឱ្យ​ដឹងថា៖ «​គ្រោះ​រញ្ជួយ​ដី​ខ្លាំង​មួយ​កើតឡើង​នៅក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​ ​នៅ​ម៉ោង​ ១:៣០​នាទី​រសៀល​នេះ»។

ក្រសួង​បាន​បន្ដថា៖​ «គិត​ត្រឹម​ម៉ោង ៣:១៥​នាទី​រសៀល ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៥​នេះ គឺ​នៅ​ការដ្ឋាន​ដែល​បាក់​រលំ​អគារ​មួយកន្លែង​មាន​ពលករ​បរទេស​ចំនួន​ប្រមាណ​ជា ៣០​នាក់ អាច​នៅជាប់​គាំង​ក្នុង​អគារ។ ប៉ុន្តែ​មិនទាន់​អាច​បញ្ជាក់បាន​ថា​មាន​ជនជាតិ​ណាខ្លះ​។ អាជ្ញាធរ​ថៃ​កំពុងធ្វើការ​សង្គ្រោះ និង​ជម្លៀស»​។​

ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រនាពេលថ្មីៗនេះ ដែលបានអង្រួនប្រទេសមីយ៉ាន់ម៉ា ត្រូវបានផ្សារភ្ជាប់ទៅនឹងស្នាមប្រេះ Sagaing Fault ​ជាខ្សែបន្ទាត់ប្រេះ​សកម្មដ៏សំខាន់បំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

មានចម្ងាយប្រហែល ១២០០ គីឡូម៉ែត្រពីទីក្រុង Myitkyina ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា បន្ទាត់ប្រេះ​រត់​កាត់​ខាងជើងទៅខាងត្បូងនេះឆ្លងកាត់ទីក្រុងសំខាន់ៗដូចជា Mandalay, Taunggyi, Naypyidaw, Bago និង Yangon មុនពេលលាតសន្ធឹងចូលទៅក្នុងសមុទ្រ Andaman​។

ក្រសួង​​ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក បាន​កំពុង​តាមដាន​ករណីនេះ និង​បានធ្វើ​ការទាក់ទង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ថៃ ដើម្បី​ស្វែងរក​ព័ត៌មាន​លម្អិត​អំពី​ផលប៉ះពាល់ និង​ជនរងគ្រោះ​នៅ​ទីតាំង​ដែលមាន​ការបាក់​រលំ​។

ប្រជាពលរដ្ឋ​ខ្មែរ​​ដែល​កំពុង​ស្ថិតនៅ​ទីក្រុង​បាងកក អាចទាក់ទង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ដើម្បី​សុំ​ជំនួយ​តាមរយៈ ទូរ​ស័ព្ទ​ 094 092 5905, 094 416 558, ​083 545 7788 (​លោក ឈឹម វិបុល​) 062 089 8918 (​លោក សម្ផស្ស​) និង​092 299 0133 (​កញ្ញា ចន្ថា​)៕