ពោធិ៍សាត់ៈ ចាប់ពីថ្ងៃទី១ ខែមេសា សប្តាហ៍ក្រោយនេះទៅ រដ្ឋបាលក្រុងពោធិ៍សាត់ នឹងក្លាយជាម្ចាស់គ្រប់​គ្រង​ការប្រមូលថ្លៃសេវាសម្អាត ដឹកជញ្ជូនសំរាមសំណល់រឹងទីប្រជុំជន តាមបែបឌីជីថល សាកល្បង ក្នុងក្រុង​ពោធិ៍សាត់ ដើម្បី បង្កើនប្រសិទ្ធភាព នៃការប្រមូលសេវានេះ និងធ្វើឱ្យប្រសើរឡើងនូវអនាម័យ និងសុខភាពសាធារណៈ។

ការអនុវត្តនូវការប្រមូលសេវាបែបឌីជីថលរបស់រដ្ឋបាលក្រុងពោធិ៍សាត់ នេះគឺជាការសាកល្បងលើកទី១។ នៅក្នុងការអនុវត្តនេះ ពលរដ្ឋអាចធ្វើការបង់ថ្លែ សេវាតាមរយៈ QR code ដែលមាននៅលើវិក្កយបត្រ ដោយមិនចាំបាច់ទៅបង់ផ្ទាល់នៅរដ្ឋបាលក្រុងនោះទេ។ លើសពីនោះ ក៏មានការរៀបចំប្រព័ន្ធ គ្រប់គ្រងលើការប្រមូលសំរាមតាមខ្នងផ្ទះផងដែរ។

រដ្ឋបាលក្រុងពោធិ៍សាត់បានព្រមានទុកជាមុនថា «នឹងចាត់វិធានការតាមផ្លូវច្បាប់ សម្រាប់ខ្នងផ្ទះពលរដ្ឋ ទីតាំងអាជីវកម្ម សេវាកម្មណា ដែលព្យាយាមគេចវេសមិនព្រមចូលរួមប្រើប្រាស់ និងបង់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង»។

រដ្ឋបាលក្រុង បានជូនដំណឹង ដល់ប្រជាពលរដ្ឋជាម្ចាស់លំនៅដ្ឋាន ម្ចាស់ទីតាំងអាជីវកម្ម អង្គភាព និងសេវាកម្មគ្រប់ប្រភេទទាំងអស់ នៅក្នុង ភូមិសាស្ត្រក្រុងពោធិ៍សាត់ ពីការគ្រប់គ្រង និងប្រមូលថ្លៃសេវាសម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជននេះ ចាប់តាំងពីថ្ងៃទី១០ ខែមីនានេះ។

សម្រាប់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលបានចូលរួមប្រើប្រាស់សេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹងរួចរាល់ ហើយ នឹងត្រូវពិនិត្យកែប្រែ តម្លៃសេវាឡើងវិញ ដើម្បីឱ្យការបង់ថ្លៃសេវានេះសមស្របទៅតាមដីការបស់ក្រុមប្រឹក្សាក្រុង ពោធិ៍សាត់ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

រដ្ឋបាលក្រុង ក៏បានចាត់តាំងក្រុមការងារ ឱ្យចុះស្រង់ទិន្នន័យទីតាំងបង្កើតសំរាម នៅក្នុងភូមិសាស្ត្រក្រុង ពោធិ៍សាត់ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

ទោះយ៉ាងណា លោកសុខ សុវណ្ណ នាយករដ្ឋបាលសាលាក្រុងពោធិ៍សាត់ បានះអាងថា លោកមិនបានដឹងពីចំនួនខ្នងផ្ទះ និងទីតាំងអាជីវកម្ម ដែលត្រូវបង់ថ្លៃសេវាប្រ​មូល​សំរាមនេះទេ។ លោកក៏ពុំទាន់អាចបញ្ជាក់ប្រាប់បានផងដែរ ពីការកែប្រែតម្លៃសេវានេះ។

លោកបានឱ្យដឹងដោយខ្លីថា ក្រុមហ៊ុនឯកជនមួយ នៅតែទទួលខុសត្រូវលើការប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងក្រុងពោធិ៍សាត់។ ប៉ុន្តែគ្រាន់តែប្តូរការគ្រប់គ្រង ការប្រមូលសេវាថ្លៃសេវាសម្អាត ដឹកជញ្ជូនសំរាមនោះមករដ្ឋបាលក្រុងវិញតែប៉ុណ្ណោះ។

ក្រុងពោធិ៍សាត់ មានទីលានទុកដាក់សំរាម សំណល់​រឹងមួយ ស្ថិត ក្នុង​ភូមិទួលម្កាក់ សង្កាត់រលាប។ ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា)បានទទួលសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង​នៅតាម​សង្កាត់​ទាំង​៧ ក្នុងក្រុងពោធិ៍សាត់ ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤មក។ ក្នុងសង្កាត់ទាំង៧នេះ មានប្រជាពលរដ្ឋសរុប ជាង ៧ម៉ឺននាក់ ហើយការប្រមូលសំរាមមានចន្លោះពី ២៨ ទៅ ៣០ តោនក្នុងមួយថ្ងៃ។

រដ្ឋបាលក្រុង ក៏បានចេញកាលវិភាគប្រមូល និងដឹកជញ្ជូនសំរាម ឱ្យបានល្អប្រសើរជាងមុនផងដែរ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការបែងចែកវេនដឹកជញ្ជូនសំរាមច្បាស់លាស់ ហើយក៏បានហាមឃាត់ជាដាច់ខាតនូវការបោះចោល ឬការដុតសំរាម-សំណល់រឹងនៅទីប្រជុំជន តាមដងផ្លូវ ទីសាធារណៈទីវាល តាមប្រព័ន្ធទឹកលូ ឬប្រភពទឹកសាធារណៈ ឬក្នុងដីកម្មសិទ្ធិឯកជនផងដែរ។

រដ្ឋបាលក្រុងកាលពីថ្ងៃទី២៧ ខែមីនាបានរំពឹងថា ការអនុវត្តការប្រមូលថ្លៃសេវាគ្រប់គ្រងសំណល់រឹងរបស់ខ្លួន ចាប់ពីថ្ងៃទី១ ខែមេសាខាងមុខ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍។

ការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ នឹងជួយកាត់បន្ថយហានិភ័យ នៃជំងឺ ដែលបណ្តាលមកពីសំរាមកកកុញ ដូចជាជំងឺគ្រុនឈាម និងជំងឺផ្លូវដង្ហើម។ ការ​គ្រប់​គ្រង​សំរាម​បាន​ត្រឹម​ត្រូវ​អាច​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​កែ​ច្នៃ​ និង​ជីកំប៉ុស​ដោយ​កាត់​បន្ថយ​សំណល់​កន្លែង​ចាក់​សំរាមផងដែរ។

បន្ថែមពីនោះប្រជាជន​នឹង​កាន់តែ​យល់​ដឹង​ពី​ការ​បែងចែក​សំរាម និង​ការ​ចោល​ឱ្យបានត្រឹមត្រូវ ហើយតាមរយៈកម្មវិធីអប់រំផ្សេងៗ ក៏អាចលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព ដូចជាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការកែច្នៃឡើងវិញ៕