
ភ្នំពេញ៖ បុណ្យភូមិត្រលប់មកវិញហើយ ដែលមហាជនទន្ទឹងរងចាំនូវការលេងល្បែងប្រជាប្រិយខ្មែរ សប្បាយៗ ស្លៀកក្បិន ក្រាលកន្ទេល មើលល្ខោន ពេលនេះនឹងរៀបចំចំនួន២លើក ដោយលើកទីមួយរៀបចំនៅថ្ងៃទី០៥ ដល់ ថ្ងៃទី០៦ ខែមេសា នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ លើកទីពីររៀបចំនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមេសា នៅវត្តស្វាយអណ្តែត។
កញ្ញា រិទ្ធី លំអរពេជ្រ (YoKi) ជាសហស្ថាបនិកបុណ្យភូមិ បុណ្យភូមិឆ្នាំនេះ បាននិយាយថា៖ «យើងផ្ដោតលើសរសរស្ដម្ភទាំង ៥ គឺល្បែងប្រជាប្រិយខ្មែរ ដោយមានការវិវត្ដន៍ទៅមួយកម្រិតទៀត ដោយមាន branding ត្រឹមត្រូវ។ ជាក់ស្ដែង យើងបានសាកល្បងពីឆ្នាំទៅម្ដងហើយ ដោយដាក់ឈ្មោះការវ៉ៃក្អមទៅជាការវ៉ៃក្អមប្រជាប្រិយ ជាមួយល័ក្ខខន្ដិកៈ មានដាក់លេខ មានពិធីករ និងតន្ដ្រីអម»។
កញ្ញានិយាយថា ឆ្នាំ២០២៥នេះ វ៉ៃក្អមប្រជាប្រិយ នឹងត្រូវបានដាក់ឱ្យលេងម្ដងទៀតដោយប្រើប្រាស់ក្អមចំនួន ១១២ ដែលលេខ ១២ ចុងក្រោយតំណាងឱ្យបុណ្យភូមិឆ្នាំទី ១២។
ការល្បែងទាញព្រ័ត្របុរាណ ត្រូវបានប្រើប្រាស់វល្លិ៍ពីខេត្ដកំពង់ធំ និងសៀមរាបទៅតាមលំនាំពីបុរាណ។ ល្បែងប្រជាប្រិយថ្មីមួយ គឺបង្វិលកងទាំង ១២ ឬបង្វិលកងផ្សងសិរី។

សសរស្ដម្ភទីពីរគឺការក្រាលកន្ទេលមើលល្ខោន ដែលផ្ដោតលើប្រធានបទ «សម្បត្តិបេតិភណ្ឌអរូបីដែលត្រូវការការពារជាបន្ទាន់» ជាទម្រង់ទស្សនីយភាពដែលប្រជាជនខ្មែរកម្របានទស្សនា ដោយសារវាសឹងតែបាត់បង់។
YoKi បាននិយាយថា៖ «សិល្បៈបុរាណទាំងនោះ រួមមាន ក្រុមល្ខោនយីកេអ្នកភូមិនិពេជ្រ ខេត្តកំពង់ធំ ល្ខោនបុរាណវត្តកៀនស្វាយក្រៅ ល្ខោនខោលវត្តស្វាយអណ្តែត និងល្ខោនពោលស្រី»។
សសរស្ដម្ភទីបី គឺជាកម្មវិធីរាត្រីក្បិន ដែលអ្នកចូលរួមអាចស្លៀកក្បិនពីផ្ទះ ឬតុបតែងក្បិននៅក្នុងពិធីបុណ្យភូមិ និងចូលរួមក្រាលកន្ទេលមើលល្ខោន។
ចលនាវប្បធម៌មួយទៀតគឺផ្ទះសិល្បៈ ដែលមានការបង្រៀនធ្វើគោមផ្កាយបុណ្យចូលឆ្នាំខ្មែរ ធ្វើប្រទីបផ្កា ធ្វើក្ដាផ្សងសំណាង បត់រូបសត្វទាំង ១២ ជាដើម។

សសរស្ដម្ភទី ៤ គឺជាការតម្លើងស្នាដៃសិល្បៈ ឬ (art installation) ដោយមានការតាំងបង្ហាញផ្កាយទ្រង់គ្រឿង ទៅតាមបែបផែន និងប្រធានបទសម្រាប់ឆ្នាំនេះ។
នៅមានការតម្លើងសិល្បៈបែបសហសម័យ «ខ្លែងជោគ ខ្លែងជ័យ» ខ្នាតយក្សនៅលើជញ្ជាំងពីសិល្បករ កិត្យា និងម៉ារីណា ជាមួយការបង្កប់ន័យ «ក្ដីសង្ឃឹម» ដោយប្រើខ្លែងខ្មែរ គូរពីទម្រង់សិល្បៈទំនើប។
YoKi បានបង្ហាញក្ដីសង្ឃឹមថា បុណ្យភូមិឆ្នាំ២០២៥ ដែលរៀបចំនៅពីរទីតាំង និងរយៈពេល ៤ថ្ងៃ នឹងទទួលបានអ្នកចូលរួម ១២ម៉ឺននាក់ ដែលតំណាងឱ្យឆ្នាំទី ១២ របស់កម្មវិធី។
ក្រៅពីសកម្មភាពទាំងអស់នេះក៏មានការប្រគុំតន្ត្រីសម័យដែលមានតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាចូលរួមកម្សាន្តទៀតផង។

មហោស្រពបុណ្យភូមិបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ និងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង។ ការរៀបចំបុណ្យភូមិ មានគោលបំណងពាំនាំនូវបរិយាកាសអបអរសាទរទៅកាន់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តាមទម្រង់បែបបទរបស់អ្នកស្រុកអ្នកភូមិពីជំនាន់ដើមរបស់ខ្មែរ ក៏ដូចជាចូលរួមលើកស្ទួយ ផ្សព្វផ្សាយ អភិរក្សទម្រង់សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ រួមជាមួយនឹងសិល្បៈបុរាណខ្មែរ។
មហោស្រពសិល្ប:បុណ្យភូមិរៀបចំដោយ ភ្លើងគប់ PlerngKob នាំមកជូនដោយ Cambodia Water សហការឧបត្ថម្តដោយ Chip Mong Bank, KIZZ, IZE ដៃគូផ្សព្វផ្សាយ: Kampucheers, VAYO FM Radio, Fast News Daily, Popular Magazine, The Phnom Penh Post, គំនិត-Komnit Solution , EAC News, Troryorng - ត្រយង, MUDH, 123 Creative House, NEXT Digital Media - Cambodia, អារម្មណ៍ Studio៕

ការជួបជុំក្រុមអ្នករៀបចំបុណ្យភូមិ និងសិល្បករជាច្រើនរួបនៅបរិវេណវត្ដស្វាយអណ្ដែត។ រូបថត សហការី
