សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកនៅភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែមីនា​​ម្សិល​មិញ​ ​ បានរៀបចំពិធីប្រគល់អដ្ឋិធាតុ ដែលត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះអាមេរិក និងបានបាត់នៅខេត្តរតនគិរី កាលពី ៥៥ ឆ្នាំមុន នៅក្នុងសម័យសង្គ្រាមវៀតណាម។

ពិធី​នេះ​ធ្វើ​ឡើង​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក រវាង​លោកស្រីភារធារី​នៃស្ថានទូតអាមេរិក​នៅភ្នំពេញ Bridgette Walker និងលោក សៀង ឡាប្រេស អនុប្រធាននៃគណៈកម្មាធិការកម្ពុជា ទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម។

យោង​តាម​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក អង្គភាពទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនរបស់ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក (DPAA) ទទួល​បានការ​ជួយគាំទ្រ​ក្នុង​ការរុករក​អដ្ឋិធាតុ​នេះ ដោយក្រុមគាំទ្រ មក​ផ្នែកក្រុមបូរាណវិទ្យា ដែលមានឈ្មោះថា Ohio Valley Archaeology  និងក្រុមហ៊ុន Golden West។

DPAA សង្ឃឹមថា អដ្ឋិធាតុនេះ​ នឹង​ជួយ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​​អាចកំណត់អត្តសញ្ញាណ នៃសមាជិកកងទ័ពពីររូបដែលបានបាត់ខ្លួន និងផ្តល់ជាចម្លើយចុងក្រោយ ដល់គ្រួសាររបស់ពួកគេ។

ស្ថាន​ទូត​បញ្ជាក់​ថា នេះគឺជាពិធីប្រគល់អដិ្ឋធាតុដំបូង​នៅកម្ពុជា គិតតាំងពីឆ្នាំ ២០១៥ មក។ វា​ជាព្រឹត្តិការណ៍​​សំខាន់​ក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើស្ថានភាពនៃការធ្លាក់យន្ត​ហោះ និងទីតាំងបាត់ខ្លួន​នៃសមាជិកកងទ័ពទាំងពីរនាក់​នោះ។

អដ្ឋិធាតុ ដែលបានរកឃើញ នឹងត្រូវបានដឹកយកទៅមន្ទីរពិសោធន៍របស់ DPAA នៅទីក្រុង Honolulu ដើម្បីគេធ្វើការវិភាគបន្ថែម នៅក្នុងមន្ទីរពិសោធន៍​ដ៏ទំនើបរបស់ DPAA។

យោង​តាម​ស្ថានទូត​សហរដ្ឋ​អាមេរិក អង្គភាព DPAA បានធ្វើសកម្មភាពរុករកសមាជិកនៃកងទ័ពសហរដ្ឋអាមេរិកចំនួន ៤៨ នាក់ដែលនៅស្ថិត​ក្នុងបញ្ជីបាត់ខ្លួននៅឡើយ នៅប្រទេសកម្ពុជា ដែល​ការ​រុក​រក​នេះ​ទទួល​បាន​ការគាំទ្រយ៉ាងខ្លាំងពីគណៈកម្មាធិការទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួន (POW/MIA) កម្ពុជា។

នៅ​លើ​ពិភពលោក​លោក អង្គភាព DPAA ធ្វើការស៊ើបអង្កេត និងរុករកជាប្រចាំ និង​ផ្តល់ការគាំទ្រដល់ការខិតខំក្នុងការរុករកយុទ្ធជនអាមេរិកចំនួនជាង ៨២ ០០០ នាក់ ដែលនៅបាត់ខ្លួននៅឡើយ នៅក្នុងសង្គ្រាម ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក៕