
សកម្មភាពជនសង្ស័យយកកាំភ្លើងខ្លីភ្ជង់អ្នកបើកបររថយន្តលុចស៊ីស លើផ្លូវល្បឿនលឿន ដើម្បីជិះគេខខ្លួន។
កណ្តាលៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបំភ្លឺថា ករណីពាក់ព័ន្ធ ជនសង្ស័យម្នាក់ធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿន កាលពីព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមីនានេះ គឺមិនមែនជាសកម្មភាពប្លន់នោះទេ។
នគរបាលខេត្តបានឱ្យដឹងថា ករណីនេះ គឺជាករណីឆក់ ដោយមានមុខសញ្ញា ចំនួន២នាក់ ជិះម៉ូតូ២គ្រឿង។ ពួកគេបានធ្វើសកម្មភាព ឆក់ ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ និងជនសង្ស័យ១នាក់ទៀតរត់គេចខ្លួន។
ក្នុងពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួននេះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ច ប៉ុន្តែមិនបណ្តាលឱ្យកងកម្លាំងរបួសនោះទេ។ កម្លាំងសមត្ថកិច្ចបានស្ទាក់ និងបានដេញមុខសញ្ញានេះត្រឡប់មកខាងផ្លូវជាតិលេខ៥១វិញ។

សកម្មភាពជនសង្ស័យយកកាំភ្លើងខ្លីភ្ជង់អ្នកបើកបររថយន្តលុចស៊ីស លើផ្លូវល្បឿនលឿន ដើម្បីជិះគេខខ្លួន។
ជនសង្ស័យបានគេចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជង់រថយន្តម៉ាកលុចស៊ីសរបស់ជនរងគ្រោះមួយគ្រួសារ ដើម្បីជិះគេចខ្លួន នៅពេលដែលជនរងគ្រោះកំពុងតែឈប់រថយន្តលើផ្លូវល្បឿនលឿន។ ក្នុងពេលនោះ ជនល្មើសក៏បានបាញ់១គ្រាប់ផងដែរ ដែលបង្ខំឱ្យអ្នកបើកបរឈប់ ដើម្បីដណ្តើមយករថយន្តជិះគេចខ្លួន។
បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចខ្លួន។

បក្សពួកជនសង្ស័យម្នាក់ ដែលត្រូវនគរបាលខេត្តកណ្តាលធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើកសម្មភាពឆក់នៅលើផ្លូវជាតិលេខ៤។ រូបថត ហ្វេសប៊ុក