​ភ្នំពេញ៖ ទោះបីជា​ប្រទេស​កម្ពុ​ជាមាន​ធនធានទឹក​ដ៏​ច្រើនសន្ធឹក​សន្ធាប់ រួមទាំង​បឹង​ទន្លេសាប និង​ប្រព័ន្ធ​ទន្លេ​សំខាន់ៗ​ក៏ដោយ ក៏​ដំណាំ​កសិកម្ម​នៅតែ​បន្ត​ប្រឈម​នឹង​ការខ្វះខាតទឹក​ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធធារាសាស្ត្រ​មិន​គ្រប់គ្រាន់ និង​តម្រូវ​ការកើនឡើង​។​

​លោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានលើកឡើង​ពី​គម្លាត​ដ៏​លំបាក​មួយ គឺ​ប្រព័ន្ធធារាសាស្ត្រ​របស់​ប្រទេស​នេះ​អាច​គ្របដណ្តប់​បានតែ​ពាក់កណ្តាល​នៃ​ផ្ទៃដី​កសិកម្ម​របស់ខ្លួន​។​

​លោក ជេដ្ឋា បានថ្លែង​​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោម​ប្រធានបទ «​ការគ្រប់គ្រងសក្ដានុពល​ទឹក និង​ស្ថានភាព​ប្រព័ន្ធធារាសាស្ត្រ​កម្ពុជា« នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី​១ ខែមីនា ថា៖ «នៅលើ​ផ្ទៃដី​កសិកម្ម​ប្រមាណ ៤​លាន​ហិកតា ​ប្រព័ន្ធ​ធារាសាស្ដ្រ​របស់​​ក្រសួង​ធនធាន​ទឹក អាច​ផ្គត់ផ្គង់​ត្រឹមតែ​ពាក់​កណ្ដាល​ គឺត្រឹមតែ​ ២​លាន​ហិកតា​ប៉ុណ្ណោះ»​។

លោក​បាន​អះអាងថា៖ «​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ ក្រសួង​ពង្រីក​ផ្ទៃដី​ស្រោច​ស្រប​ប្រមាណ​ ៣ម៉ឺន​ហិកតា​ ហើយ​នៅឆ្នាំ​២០២៧ ក្រសួង​ទំនងជា​ត្រូវ​បង្កើន​សមត្ថភាព​លើស​ពី​បរិមាណ​នេះ​ទៀត​»។

ប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែងជំហាន១ ក្នុងភូមិសាស្ត្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ រូបថត សហការី 

លោក​បាន​និយាយថា ក្រៅពីការ​ប្រើ​ប្រាស់​ទឹក​ស្រោច​ស្រប​ដំណាំ​កសិកម្ម​ ផ្នែក​ឧស្សាហកម្ម ដូចជា រោងចក្រ​ក៏​ត្រូវការ​ប្រើ​ប្រាស់​ទឹក​ជាច្រើន​ផង​ដែរ។

ជាក់ស្ដែង លោកបាន​លើក​ឧទាហករណ៍​ថា រោងចក្រ​មួយ​ត្រូវការ​ទឹក​មួយ​ម៉ឺន​ម៉ែត្រ​គូប​ក្នុង​មួយ​ឆ្នាំ ចុះ​មួយ​ពាន់​រោងចក្រ​?

គិត​មកដល់​បច្ចុប្បន្ន​នេះ ប្រព័ន្ធធារាសាស្ត្រ​មាន​ចំនួន ២៣៥២ ប្រព័ន្ធ ក្នុងនេះ​ប្រព័ន្ធធារាសាស្ត្រ​ខ្នាត​ធំ​ចំនួន ៥៦ ប្រព័ន្ធ ធារាសាស្ត្រ​ខ្នាត​មធ្យម​ចំនួន ១១៦៦ និង​ប្រព័ន្ធធារាសាស្ត្រ​តូច​ចំនួន ១១២២ និង​អាងទឹក​ចំនួន​ខ្នាត​ធំ​ចំនួន ៨ ដែលអាងនីមួយៗ​មាន​ទំហំ​ចាប់ពី ២៥​លាន​ម៉ែត្រគូប រហូតដល់​ ៣០០​លាន​ម៉ែត្រ​គូប​​។​

បច្ចុប្បន្ន ប្រព័ន្ធ​ធា​រាស្ត្រ​មាន​ចំនួន ២៣៥២ ដូចជា ​ធំ​ចំនួន ៥៦ ​​ខ្នាត​មធ្យម​ចំនួន ១១៦៦ និង​ខ្នាត​​តូច​ចំនួន ១១២២ ហើយ​​អាងទឹក​​ខ្នាត​ធំ​ចំនួន ៨ និង​ប្រឡាយ​ប្រវែង​ប្រហែល ៧ម៉ឺន​គីឡូម៉ែត្រ​។

លោក​បាន​ថ្លែងថា​៖ «ការ​កសាង​អាង​ទឹក និង​ប្រព័ន្ធធារាស្ដ្រ គឺ​សម្រាប់ប្រើប្រាស់​នៅ​រដូវ​ប្រាំង​​ប្រមាណ ៤០០០ លាន​ម៉ែត្រគូបដោយ​មិន​រាប់​បញ្ចូល​ទន្លេធំ និងបឹង​ទន្លេ​សាប​ ហើយ​រដូវ​វស្សា យើង​មាន​ទឹក​គ្រប់​គ្រាន់​នៅ​គ្រប់​ទីកន្លែង​»។

គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ។ រូបថត សហការី 

យ៉ាងណាមិញ សម្រាប់​រដូវ​ប្រាំង​​​ឆ្នាំ២០២៥ នេះ ប្រជាកសិករធ្វើស្រែជាង ៩០ម៉ឺនហិកតា ដែលលើស​ការ​ផ្គត់ផ្គង់ទឹករបស់​ក្រសួង​ដែលមានសមត្ថភាព​ត្រឹមតែ​ជិត​ ៦០ម៉ឺនហិកតា​។

លោករដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ថ្លែងថា​៖ «គិត​ត្រឹម​ឆ្នាំ​២០២៤ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បង្កើន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ចំនួន ១ ៩៦៩ ៨៤៣ ហិកតា ក្នុងនោះ​ស្រូវ​រដូវវស្សា ១ ៣៨៧ ០៥១​ហិកតា និង​ស្រូវ​រដូវប្រាំង ៥៨២ ៧៩២​ហិកតា​»។

ជាលើកដំបូង អាង​ទឹក​នៅ​តំបន់​ខ្ពង់រាប​នៃ​ភាគ​ឦសានក្នុង​ខេត្ដ​មណ្ឌលគិរី​​​ត្រូវបាន​ដាក់​ឱ្យ​ដំណើរ​ការ​ចំនួន ៣ សម្រាប់​ផ្គត់ផ្គង់​ទាំង​ដំណាំ​កសិកម្ម និង​ជា​ប្រភព​ទឹក​ស្អាត​។

ការ​កសាង​ប្រឡាយ​ទឹក​ជាង ២៦០គីឡូម៉ែត្រ​ដើម្បី​រំដោះទឹក​ចេញពី​រាជធានី​ភ្នំពេញ​ វាក៏បាន​ក្លាយជា​ប្រភព​ទឹក​សម្រាប់​ស្រោច​ស្រប​ដំណាំ​កសិកម្ម ក៏ដូចជា​ឧស្សាហកម្ម​។

​ក្នុង​រយៈពេល ៥​ឆ្នាំទៅ ១០​ឆ្នាំ​​ខាងមុខ កម្ពុជា​​អាច​ត្រូវការ​ស្តុក​ទឹក​ពី ១៥០០​លាន​ ទៅ​ ២០០០ លាន​ម៉ែត្រគូប​បន្ថែមទៀតដើម្បី​បម្រើ​ទាំង​កសិកម្ម និងទឹកស្អាត​​។

លោក ជេដ្ឋា បាន​ឱ្យដឹងថា​៖ «​ការពឹងផ្អែក​របស់​ក​ម្ពុ​ជា​លើ​ការនាំចេញ​អង្ករ​ធ្វើឱ្យ​ស្ថានការណ៍ត្រូវការ​ទឹកកាន់តែ​ច្រើន​។ ក្នុងនាម​ជា​ប្រទេស​នាំចេញ​អង្ករ​ដ៏​សំខាន់​មួយ តម្រូវការ​ទឹក​នៅតែ​បន្ត​កើនឡើង ដោយ​ដាក់​សម្ពាធ​លើ​ធនធាន​ដែលមាន​ភាព​តានតឹង​រួចហើយ​»​៕