ភ្នំពេញ៖ បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ប្រព័ន្ធ​ព្យាករ​ឧតុនិយម​ (រ៉ាដា) តែមួយ​គត់​នៅ​រាជធានី​ភ្នំពេញ​ក្នុង​បរិវេណ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ ដែល​ធ្វើ​ការ​ព្យាករ​អាកាសធាតុ​ កម្ពស់​ទឹក​ និង​បាតុភូមិ​ផ្សេងៗ ដោយ​គួប​ជាមួយ​ស្ថានីយ​ឧតុនិយម​តូចៗទាំង​ស្វ័យប្រវត្ដិ និង​មិនទាន់​ស្វ័យ​ប្រវត្ដិ​​ជាង ៣៨០ស្ថានីយ​​ទៀត​។

សមត្ថភាព​នៃការ​ព្យាករ​ទឹកភ្លៀង និង​អាកាសធាតុ​ ត្រូវបាន​ប្រជាពលរដ្ឋ​មើល​ឃើញ​ពី​ភាព​ប្រសើរ​ឡើង​ ដែល​ប្រជាកសិករ និងពលរដ្ឋ​ទូទៅ​អាច​ទុក​ចិត្ដបាន​។

លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ថ្លែងក្នុងវេទិកា​សារព័ត៌មាន ស្តីពី «​ការគ្រប់គ្រង​សក្តានុពល​ទឹក និង​ស្ថានភាព​ប្រព័ន្ធធារាសាស្ត្រ​កម្ពុជា​» ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ ថ្ងៃទី​១ ខែមីនា ថា​៖ «​យើង​មាន​ប្រព័ន្ធ​រ៉ាដា​ (តេជោ​ សែន) ធំនៅ​រាជធានីភ្នំពេញ​ និង​ស្ថានីយ​ឧតុនិយ​ម​តាម​បណ្ដា​ខេត្ដ»។

លោក​បាន​បន្ដថា ការ​ព្យាករ​នេះ​បាន​ផ្ដល់​សុក្រឹត​ភាព​គួរ​ជា​ទុក​ចិត្ដ​ដល់​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​រដូវប្រាំង និង​រដូវ​វស្សា​ ពេលណា​មាន​ភ្លៀវ​ និង​កម្ពស់​ទឹក​ភ្លៀង​កម្រិត​ណា​ជាដើម​។

ការពង្រឹង និង​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​ផ្តល់ និង​ព្យាករ​សេវា​ជលសាស្ត្រ និង​ឧតុនិយម ក៏ដូចជា​ប្រព័ន្ធ​ផ្តល់ដំណឹង​ជាមុន (Early Warning System) ដល់​សាធារៈណជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យបាន​ទាន់ពេលវេលា។

លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រី​ក្រសួងធនធាន និង​ឧតុនិយម និង​លោក ពុយ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា បានថ្លែង​​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោម​ប្រធានបទ «​ការគ្រប់គ្រងសក្ដានុពល​ទឹក និង​ស្ថានភាព​ប្រព័ន្ធធារាសាស្ត្រ​កម្ពុជា« នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី​១ ខែមីនា។ រូបថត ហុង រស្មី​

វាបាន​​គាំទ្រ​ដល់​អន្តរ​វិស័យ រួមមាន ​វិស័យ​កសិកម្ម ឧស្សាហ កម្ម សំណង់ អាកាសចរណ៍​ស៊ីវិល ទេស​ចរណ៍ និង​នាវាចរណ៍ ក៏ដូចជា ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​ផ្សេងៗ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ការប្រែប្រួល​អាកាសធាតុ។

យ៉ាងណាមិញ ដើម្បី​សុក្រឹតភាព​នៃការ​ព្យាករ​កាន់តែជាក់​ច្បាស់ លោក​រដ្ឋមន្ដ្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​លើកឡើងថា យ៉ាងតិច កម្ពុជា​ត្រូវការ​ប្រព័ន្ធ​រ៉ាដា​ចំនួន ៣​ គ្រឿង​។

លោក ជេដ្ឋា បាន​ថ្លែងថា៖ «យើង​បាន​សិក្សា​រួច​ហើយថា នៅ​ទូទាំង​ប្រទេស យើង​គួរ​តែមាន​ប្រព័ន្ធ​រ៉ាដា​ព្យាករ​យ៉ាងហោចណាស់ មាន ៣។ ចំណែក​ឯ​ស្ថានីយ​តូចៗ​ ៣៨០​ នោះ ត្រូវបន្ថែម​ដល់​ជាង ១​ពាន់​ផង​ដែរ​»។

លោក​បាន​បញ្ជាក់ថា នៅក្នុង​អាណត្ដិ​រាជរដ្ឋាភិបាល​នេះ កម្ពុជា​នឹង​ពង្រឹង និង​ពង្រីកបន្ថែម​នូវ​ប្រព័ន្ធ​រ៉ាដា រួមទាំង​ស្ថានីយ​តាម​បណ្ដា​ខេត្ដ​។

កន្លងមក ក្រសួងធនធាន​ទឹក និង​ឧតុនិយម ធ្វើការ​ព្យាករ​អាកាសធាតុ កម្ពស់​ទឹក​រៀងរាល់​មួយ​សប្ដាហ៍​ម្ដង តែ​បច្ចុប្បន្ន​នេះ ក្រសួង​បង្ហាញ​លទ្ធផល​នៃការ​ព្យាករ​រៀង​រាល់​ថ្ងៃ​ ដែល​ជា​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​ព័ត៌មាន​ទាំង​នេះសម្រាប់​ប្រជាពលរដ្ឋ។

លោក​បន្ដថា ប្រជាកសិករ​ត្រូវ​ការ​ចាំបាច់​ណាស់​នូវការ​ព្យាករ​មួយ​ដ៏​ត្រឹម​ត្រូវ ដោយ​អំឡុង​ពេល​មួយ​សប្ដាហ៍​ខាង​មុខ​មាន​ភ្លៀង ពួកគេ​អាច​ធ្វើ​ការ​ដាំដុះ​ដំណាំ​របស់​ពួកគេ​ យោង​តាម​ការ​ព្យាករ​ ហើយ​លោក​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់  (MOWRAM Weather App)  ដែល​ត្រូវបាន​ធ្វើ​បច្ចុប្បន្ន​ភាព​រៀងរាល់​ព្រឹក៕