ភ្នំពេញៈ ប្រាក់បញ្ញើរបស់ពលករខ្មែរពីក្រៅប្រទេសបានកើនឡើងដល់ប្រមាណ២,៩៥ពាន់លានដុល្លារអាម៉េរិកត្រឹមឆ្នាំ២០២៤ ខណៈពេលដែលពលករប្រមាណ១,៣៨លាននាក់បានចេញទៅធ្វើការ និងកំពុងស្នាក់នៅបន្តការនៅក្រៅប្រទេស។

សេចក្តីប្រកាសព័ត៌មានពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៨ ខែកុម្ភៈបានឱ្យដឹងថា ក្រសួងបានស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេសចំនួន៤៤៨៦២នាក់ ដែលក្នុងនោះ មានស្រី១៧២៧០នាក់។

ក្នុងឆ្នាំ២០២៤ដដែលនោះផងដែរ ក៏មានពលករកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ចំនួន១៨៥៦១នាក់ (ស្រី៦៩៣៤នាក់)។

ក្រសួងបញ្ជាក់ថា នេះបានធ្វើឱ្យពលករកម្ពុជាដែលបានចេញទៅធ្វើការ និងកំពុងស្នាក់នៅធ្វើការនៅបរទេសបានកើនឡើងពីប្រមាណ១,៣៥លាននាក់នៅឆ្នាំ២០២៣ដល់ប្រមាណ១,៣៨លាននាក់នៅឆ្នាំ២០២៤ ហើយធ្វើឱ្យប្រាក់បញ្ញើត្រឡប់មកប្រទេសវិញបានកើនពីប្រមាណ២,៩៤ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៣ដល់ប្រមាណ២,៩៥ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៤។

អតីតពលករខ្មែរម្នាក់អាយុ៤០ឆ្នាំ បានឱ្យដឹងថា លោកបានចេញទៅធ្វើការនៅក្នុងរោងចក្រសាច់មាន់មួយស្ថិតក្នុងខេត្តនគររាជសីមា (ខេត្តកូរ៉ាត់) នៃប្រទេសថៃបានប្រមាណជា១១ឆ្នាំ តាមរយៈក្រុមហ៊ុនស្របច្បាប់។

អតីតពលករ ដែលកំពុងតែរស់នៅក្នុងខេត្តតាកែវរូបនេះ បានអះអាងថា ស្ថានភាពការងារនៅក្នុងរោងចក្ររបស់លោកគឺល្អ ដែលរួមទាំងការបើកប្រាក់ខែ និងការថែទាំសុខភាពផងដែរ។ ប៉ុន្តែលោកបានផុតអាណត្តិការងារប្រមាណជា២ខែកន្លងមក និងបានវិញត្រឡប់មកស្រុកកំណើតវិញ។

លោកបញ្ជាក់ថា៖«កន្លែងធ្វើការនៅរោងចក្រខ្ញុំ គ្រាន់បើដែរ។ ការងារគឺស្រួលជាងនៅខ្មែរ។បើកលុយអីក៏ស្រួលដែរ មិនដែលបាត់ទេ។ តែខ្ញុំមិនដឹងថា នៅកន្លែងផ្សេងយ៉ាងម៉េចទេ។ ទៅធ្វើការនៅថៃហ្នឹង ខ្ញុំសល់លុយបានគួរសមដែរ គឺមានលុយទិញស្រែ ទិញដី និងបានលុយឱ្យកូនរៀន»។

លោកបានឱ្យដឹងថា លោកមានបំណងចង់បន្តការងារនៅប្រទេសថៃទៀតដែរ ប៉ុន្តែកូនៗរបស់លោកទាំង២បានឃាត់លោក កុំឱ្យទាន់បន្តការងារភ្លាមៗ។ ពួកគេចង់មានពេលវេលារស់នៅជួបជុំគ្រួសារបានខ្លះ ព្រោះលោកបានចេញទៅធ្វើការនៅបរទេសនេះតាំងពីកូននៅតួចៗម៉្លេះ។

ក្រសួងក៏បានបន្តពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាពគុណភាពនិងប្រសិទ្ធភាពព្រមទាំងគាំទ្រនិងការពារសិទ្ធិនិងផលប្រយោជន៍ក៏ដូចជាសម្រាលបន្ទុករបស់បងប្អូនពលករកម្ពុជាដែលធ្វើការនៅបរទេសផងដែរ។ ក្នុងនោះបានចុះអនុស្សរណៈនៃការយោគយល់គ្នា​(MoU)ជាមួយធនាគារចំនួន៨។

ការចុះMoUនេះជួយសម្រួលដល់ការទទួលបានប្រាក់កម្ចីផ្លូវការតាមការស្ម័គ្រចិត្តនិងកាត់បន្ថយបន្ទុកចំណាយការប្រាក់របស់ពលករទេសន្តរប្រវេសន៍ពីអត្រាកម្ចី១៨% មកត្រឹម៨.៥%ក្នុងមួយឆ្នាំឬ០.៧១% ក្នុងមួយខែដើម្បីឱ្យបងប្អូនពលករមានស្ថិរភាពសេដ្ឋកិច្ចគ្រួសារនិងកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុនិងបានបង្កើតក្រុមតេឡេក្រាមដើម្បីជាជំនួយដល់បងប្អូនពលករទេសន្តរប្រវេសន៍ផងដែរ។

ក្រៅពីនោះ ក្រសួងក៏បានកំណត់តម្លៃសេវាបញ្ជូនអតិបរមាសម្រាប់ការធ្វើទេសន្តរប្រវេសន៍ការងារទៅប្រទេសថៃតម្លៃ៥០០ដុល្លារអាម៉េរិកនិងប្រទេសជប៉ុនតម្លៃ៥០០០ដុល្លារអាមេរិកផងដែរ ហើយបានរៀបចំកិច្ចប្រជុំទ្វេភាគីស្តីពីការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសជាមួយក្រសួងស្ថាប័ននៃប្រទេសទទួលដូចជាថៃនិងជប៉ុនផងដែរ។

បន្ថែមពីនោះ ក៏បានសម្របសម្រួលជាមួយភាគីថៃកាត់បន្ថយតម្លៃស្នើសុំទិដ្ឋាការការងារថ្មីពី២ ០០០បាតនិងតម្លៃស្នើសុំបន្តសុពលភាពឡើងវិញពី១ ៩០០បាតមកត្រឹម៥០០បាតដូចគ្នាសម្រាប់រយៈពេល៤ឆ្នាំចាប់ពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៣ដល់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៧ដើម្បីសម្រួលដល់ប្រជាពលរដ្ឋខ្មែរនិងពលករកម្ពុជាដែលមានបំណងទៅធ្វើការនិងកំពុងធ្វើការនៅប្រទេសថៃ។

ដើម្បីពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាពគុណភាពនិងប្រសិទ្ធភាព ក្រសួងបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។

ក្នុងនោះបានធ្វើអធិការកិច្ចហត្ថពលកម្មបរទេសបានចំនួន៤ ៦៥២សហគ្រាសដើម្បីកាត់បន្ថយការជួញដូរមនុស្សនិងការឆបោកមកធ្វើការនៅក្នុងប្រទេស។

បន្ថែមពីនោះ ក៏បានរៀបចំខិតបណ្ណស្តីពីនីតិវិធីសម្រាប់ជនបរទេសចូលមកធ្វើការនៅកម្ពុជាចំនួន៦ភាសាដូចជាខ្មែរ អង់គ្លេស ចិន ជប៉ុន ហិនឌី និងបង់ក្លាដេស ព្រមទាំងបានជូនដំណឹងអំពីខិតមណ្ណនេះទៅដល់គ្រប់ស្ថានទូតពាក់ព័ន្ធដើម្បីផ្សព្វផ្សាយទៅដល់ប្រជាជនរបស់ខ្លួន។

ក្រសួងកំពុងតែបន្តពង្រឹងយន្តការគ្រប់គ្រងហត្ថពលកម្មបរទេសដោយជំរុញការផ្សព្វផ្សាយនិងការលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីធ្វើការដោយស្របច្បាប់របស់ជនបរទេសនៅកម្ពុជាដល់ម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថាននិងភាគីពាក់ព័ន្ធនិងបានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសតាមបណ្តាសហគ្រាសគ្រឹះ​ស្ថានគោលដៅដោយបានដាក់កំហិតនិងផាកពិន័យចំពោះការប្រើប្រាស់ហត្ថពលកម្មបរទេសខុសនីតិវិធី៕