ករណី​ជំងឺ​មិន​ឆ្លង​សុទ្ធ​តែ​មាន​និន្នាការ​កើន​ឡើង​ ដោយ​ក្នុង​នោះ​ករណី​ថ្មី​ជំងឺ​ទឹក​នោម​ផ្អែម​ជាង​ ២៣​ម៉ឺន​ករណី ​កើន​ឡើង​​ជាង ៥៩​ភាគ​រយ ចំណែក​អ្នក​ជំងឺ​មហារីក​បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ មាន​ចំនួន​ជាង ៣ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០២៤។

បើ​តាម​ក្រសួង​សុខាភិបាល នៅ​ឆ្នាំ​២០២៤ ករណី​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ចំនួន ២៣ ០២៧៩​ករណី ​ដែល​ក្នុង​នោះ​មាន​អ្នក​សម្រាក​ពេទ្យ​មាន​ចំនួន ១ម៉ឺន​៧ពាន់​នាក់ (១៧ ​៥៣៤) កើន​ឡើង​ ៤៣,២៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២៣។

ចំណែក​ករណី​ជំងឺ​មហារីក​មាន​អ្នក​ជំងឺ ៣១ ៥១៨​នាក់ កើន​ឡើង​ ៨៧,៤២​ភាគរយ ហើយ​មាន​អ្នក​ស្លាប់​ ១២៧​នាក់។ ករណី​មហារីក​ច្រើន​ជាង​គេ​គឺ​មហារីក​ដោះ ដែល​មាន​២០,៤​ភាគរយ និង​មហារីក​មាត់​ស្បូន ជាង ១១​ភាគរយ។

ករណី​ពិនិត្យ​ជំងឺ​ផ្លូវ​ចិត្ត​មាន​ចំនួន​ជាង ២៨ម៉ឺន​ករណី (២៨ ២​៦១៥) កើន​ឡើង​ជិត​២ដង (១៩៧,៨២​ភាគរយ) ដែល​មាន​អ្នក​ជំងឺ​សម្រាក​ព្យាបាល​មាន​ចំនួន ៨៧៩២​នាក់ កើន​ឡើង​ ២៨,៥២​ភាគរយ។

ក្រៅ​ពី​នេះ​ជំងឺ​មិន​ឆ្លង​ផ្សេង​ទៀត​ក៏​មាន​ការ​កើន​ឡើង​ដែរ ដូចជា​ ជំងឺ​ឡើង​សម្ពាធ​ឈាម​ដែល​មាន​ជាង​៤០ម៉ឺន​ករណី (៤០១​៩៣៦) កើនឡើង​២១,៤៤​ភាគរយ និង​មាន​អ្នក​ជំងឺ​សម្រាក​ព្យាបាល​ចំនួន​ជាង ៣ម៉ឺន​នាក់ (៣៤៧៩២) កើន​ឡើង​ ២៩,៥៣​ភាគរយ។

លោក ឈាង រ៉ាង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី៣ ខែមីនា​នេះ​ថា ការ​កើន​ឡើង​នៃ​តួលេខ​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​មិន​ឆ្លង​ដោយសារ​តែ​ប្រជាពលរដ្ឋ​យល់​ដឹង​កាន់​តែ​ច្រើន​លើ​ជំងឺ​ទាំង​នេះ សេដ្ឋកិច្ច​របស់​ពលរដ្ឋ​កើន​ឡើង ហើយ​​ភាព​ជឿជាក់​លើ​ការ​ផ្ដល់​សេវា​របស់​រដ្ឋ​ក៏​កើន​ឡើង។

លោក​ថ្លែង​ថា៖ «ជំងឺ​មិន​ឆ្លង​កើត​ឡើង​នៅ​ពេល​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់​តែ​កើន​ឡើង ហើយ​ជួប​នៅ​គ្រប់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​បែប​នេះ។ ដូច្នេះ​ការ​កើន​ឡើង​នៃ​ជំងឺ​មិន​ឆ្លង​គឺជា​ជំងឺ​រ៉ាំរ៉ៃ ដែល​ទាមទារ​ឲ្យ​ការ​បម្រើ​សេវា​ជំងឺ​នេះ​កាន់តែ​មាន​កម្រិត​លម្អិត​ខ្ពស់ ហើយ​កាន់​តែ​ស្មុគ​ស្មាញ​ទៅ»។

លោក​វេជ្ជបណ្ឌិត​ នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម នៃ​រាជបណ្ឌិត​សភា​កម្ពុជា ថ្លែង​ថា ជំងឺ​មិន​ឆ្លង​កំពុង​តែ​កើន​ឡើង​នៅ​លើ​ពិភព​លោក ដោយសារ​តែ​ការ​រីក​ចម្រើន​ផ្នែក​ឧស្សាហកម្ម។

ភាពរីក​ចម្រើន​នៃ​ឧស្សាហកម្ម ធ្វើ​ឲ្យ​មនុស្ស​មិន​សូវ​បញ្ចេញ​ពលកម្ម ការ​បរិភោគ​អាហារ​រហ័ស (fast food) និង​ការ​ប្រើ​ភេសជ្ជ​ផ្អែម។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​រីក​ចម្រើន​នៃ​វិទ្យាសាស្ត្រ​ក៏​ធ្វើ​ឲ្យ​បញ្ហា​ផ្លូវ​ចិត្ត​របស់​មនុស្ស​កាន់​តែ​កើន​ឡើង​ផង​ដែរ ជា​ពិសេស​ក្នុង​ពេល​មាន​បញ្ហា​សេដ្ឋកិច្ច ដូចជា​កង្វះ​លុយ​កាក់​ជាដើម ដែល​ធ្វើ​ឲ្យ​ជំងឺ​មិន​ឆ្លង​កើន​ឡើង៕