
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រីមាស ច័ន្ទធីតា ពិនិត្យមើលថង់សំណាញ់ពណ៌ខ្មៅមួយ ក្នុងពេលដឹកនាំកិច្ចប្រជុំ ពិភាក្សា ស្តីពីគំនិតផ្តួចផ្តើមថ្មី ក្នុងការណែនាំឱ្យប្រើប្រាស់ ប្រភេទថង់សំណាញ់ (Net Bags) ជំនួសថង់ប្លាស្ទិក។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ក្រសួងបរិស្ថានបានផ្តួចផ្តើម និងលើកទឹកចិត្ត ឱ្យផ្សារទំនើបក្នុងរាជធានីភ្នំពេញ ប្រើប្រាស់ប្រភេទ ថង់សំណាញ់ (Net Bags) ជំនួសការប្រើប្រាស់ថង់ប្លាស្ទិកវិញ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផលប៉ះពាល់ចំពោះបរិស្ថាន និងសុខភាពសាធារណៈ។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រីមាស ច័ន្ទធីតា នាថ្ងៃចន្ទ ទី៣ ខែមីនានេះ បានដឹកនាំកិច្ចប្រជុំ ពិភាក្សា ស្តីពីគំនិតផ្តួចផ្តើមថ្មីមួយ ក្នុងការណែនាំប្រភេទថង់សំណាញ់ (Net Bags) ជំនួសការប្រើប្រាស់ថង់ប្លាស្ទិកបានតែម្តង សម្រាប់ច្រកបន្លែ និងផ្លែឈើនៅតាមផ្សារទំនើប។ ជាជំហានដំបូង គំនិតផ្តួចផ្តើមនេះ នឹងអនុវត្តនៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងផ្សារទំនើបនានា នៅក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារទំនើបឡាក់គី ម៉ាក្រូ បាយ័ន ថៃហួត និងប៊ីកស៊ី (BigC) និងពីតំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ដើម្បីប្រមូលមតិយោបល់ កិច្ចសហការ និងការចូលរួមចំណែករបស់ផ្សារទំនើប មុននឹងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថង់សំណាញ់នេះ។
ក្រសួងបរិស្ថានបញ្ជាក់ថា៖«ថង់សំណាញ់ជាប្រភេទថង់ ដែលអាចប្រើបានច្រើនដង ស្រាល ថ្លា និងរឹងមាំ គឺជម្រើសមួយដើម្បី ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ប្រើបានតែម្តង និងជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលនឹងផ្តល់គុណប្រយោជន៍សម្រាប់បរិស្ថានទាំងមូល»។
ក្នុងកិច្ចប្រជុំនោះ ក៏មានការធ្វើបទបង្ហាញ ពីតំណាងក្រុមការងារGIZ អំពីថង់សំណាញ់ ប្រព័ន្ធប្រើប្រាស់ និងអត្ថប្រយោជន៍ចំពោះផ្សារ ការគាំទ្រ និងជម្រើសនានាផងដែរ។
ក្រសួងបានលើកឡើងថា ផ្សារទំនើបបានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះការណែនាំឱ្យមានថង់សំណាញ់ សម្រាប់ដាក់តាំង ច្រកបន្លែ និងផ្លែឈើនៅតាមផ្សារទំនើប។ ផ្សារទំនើបនឹងធ្វើការពិចារណា និងពិភាក្សាបន្ថែមជាមួយក្រុមការងាររបស់ខ្លួនបន្តទៀត។
សំរាមជាង១ម៉ឺនតោនក្នុងមួយថ្ងៃៗត្រូវបានបង្កើតឡើងនៅកម្ពុជា។ ក្នុងនោះរាជធានីភ្នំពេញមាន សំរាមប្រមាណចន្លោះពីជាង៣ពាន់តោន ទៅ៥ពាន់តោនក្នុងមួយថ្ងៃ។
កាកសំណល់ទាំងនោះរួមមាន ម្ហូបអាហារមានចំនួន៦០ភាគរយសំណល់ថង់ប្លាសស្ទិកមានប្រមាណ២០ភាគរយ ហើយក្រៅពីនេះគឺជាសំណល់ផ្សេងៗដូចជាកៅស៊ូក្រដាសកំណាត់ឈើជាដើម។
ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»កាលពីខែកញ្ញា ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ សោភ័ណភាពទីក្រុង និងមូលដ្ឋាន ឱ្យបានប្រសើរឡើងបន្ថែមទៀត ព្រមទាំងលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ តាមរយៈការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសថង់ប្លាស្ទិក។
ក្រៅពីនេះ យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ក៏ត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពី ខែឧសភា ឆ្នាំ២០២៤កន្លងមកនេះផងដែរ។ ក្រសួង នៅដើមឆ្នាំ២០២៥នេះ ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់យុទ្ធនាការ«ផ្លូវជាតិគ្មានសំរាមប្លាស្ទិកផងដែរ។ ក្រសួងបានសំដែងការជឿជាក់ថា ពលរដ្ឋជាង៨០ភាគរយនឹងចូលរួមប្តេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក អាចនៅត្រឹមចុងឆ្នាំ២០២៥ ឬក៏ពាក់កណ្តាលអាណត្តិនេះ តាមរយៈយុទ្ធនាការទំាងនេះ។
ក្នុងពិធី«បុណ្យកោងកាងសន្តិភាព»កាលពីចុងសប្តាហ៍មុន ក្នុងខេត្តកោះកុង រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានជំរុញឱ្យមានការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីកុំឱ្យបរិស្ថានកម្ពុជាមានការបំពុល ដោយសំណល់ប្លាស្ទិកទាំងនៅលើគោក អាកាស និងក្នុងទឹក។
លោករដ្ឋមន្រ្តីបានណែនាំឱ្យនាំគ្នាសម្អាត ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹត្រូវ ហើយទាញយកចំណូលពីការប្រើប្រាស់សំរាម ដូចជារៀបចំជាធនាគារប្លាស្ទិក ដើម្បីប្រមូលទុក និងលក់ប្លាស្ទិក បង្កើនចំណូលជួយសហគមន៍ ជួយគ្រួសារប្រជាពលរដ្ឋ ដែលខ្វះខាតជីវភាពជាដើម។
លោកក៏បានឱ្យដឹងផងដែរថា ក្រសួងបរិស្ថាន កំពុងសិក្សាលើការបំពាក់ឡដុតសំរាម ដើរដោយថាមពលព្រះអាទិត្យ នៅតាមសហគមន៍ ដើម្បីដោះស្រាយបញ្ហាសំរាម សំណល់ប្លាស្ទិកនៅពេលខាងមុខនេះ។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីក៏បានសំណូមពរដល់ប្រជាពលរដ្ឋ កុំដុតប្លាស្ទិកនៅតាមទីចំហ ដែលបង្កដល់បរិស្ថាន ប៉ះពាល់អាយុជីវិត មនុស្ស សត្វផងដែរ៕