អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បដិសេធ​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​របស់​ជនជាតិ​ចិន​ម្នាក់​ដែល​ថា ទិដ្ឋាការ​ចូល​មក​កម្ពុជា​មាន​តម្លៃ ១០០​ដុល្លារ ហើយ​ខ្លួន​ត្រូវ​បង់​កម្រៃ​ក្រៅ​ផ្លូវការ​២០​ដុល្លារ​ទៀត ដែល​ជា​ការ​បង្ខូច​កិត្តិយស​កម្ពុជា។

អគ្គនាយកដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែ​មីនា កន្លង​ទៅ​ អគ្គនាយកដ្ឋាន​ បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​ពាក់​ព័ន្ធ​ករណី​ថត​រូប​ក្រដាស​ប្រាក់ ​១០០​ដុល្លារ ដោយ​អះអាង​ថា​ជា​ថ្លៃ​សម្រាប់​ស្នើ​សុំ​ទិដ្ឋាការ​ចូល​ប្រទេស​កម្ពុជា​សម្រាប់​ជន​ជាតិ​ចិន។ ជនជាតិ​ចិន​នេះ បាន​ចូល​មក​ប្រទេស​កម្ពុជា​​ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

បន្ថែម​ពី​លើ​នេះ ជន​រូប​នេះ​ក៏​បាន​ថត​រូប​ក្រដាស​ប្រាក់​ ២០ដុល្លារ នៅ​បញ្ជរ​ត្រួត​ពិនិត្យ​លើ​លិខិត​ឆ្លង​ដែន​ដើម្បី​ស្នើ​សុំ​បិទ​ស្ទីកគ័រ​ ដោយ​អះអាង​ថា ​ជា​ថ្លៃ​សេវា​បន្ថែម​ទៀត។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៤ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​ការ​ទម្លាក់​តម្លៃ​ទិដ្ឋាការ​ទេសចរណ៍​ (e-Visa T) ដោយ​បញ្ចុះ​ពី​តម្លៃ ៣៦​ដុល្លារ​មក​នៅ ៣០​ដុល្លារ ហើយ​តម្លៃ​ទិដ្ឋាការ​ធម្មតា​ត្រូវ​បាន​បញ្ចុះ​ពី​ ៤២​ដុល្លារ​មក​នៅ​ត្រឹម ៣៥​ដុល្លារ។

អគ្គនាយកដ្ឋាន​បញ្ជាក់​ដូច្នេះ​ថា៖ «[សកម្មភាព​បែប​នេះ]​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា​ និង​បាន​ប៉ះ​ពាល់​ដល់​កិត្តិយស​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប្រចាំការ​នៅ​ច្រកទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ដែល​មិន​បាន​យក​តម្លៃ​លើស​ពី​ការ​កំណត់​របស់​រាជរដ្ឋាភិបាល​នោះ​ឡើយ»។

អគ្គនាយកដ្ឋាន​បន្ត​ថា មន្ត្រីន​គរបាល​អន្តោប្រវេសន៍ ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​រួប​នេះ​មក​សួរ​នាំ ជនជាតិ​ចិន​នោះ​ក៏​បាន​សារភាព​នូវ​រាល់​កំហុស​ទាំង​អស់​ ពាក់​ព័ន្ធ​នឹង​តម្លៃ​មិន​ត្រឹម​ត្រូវ​នៃ​ទិដ្ឋាការ​ចូល​ប្រទេស​កម្ពុជា។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ស្នើ​ធ្វើ​ការ​បណ្ដេញ​ជន​ជាតិ​ចិន​ខាង​លើ​ពី​ប្រទេស​កម្ពុជា និង​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​ ទៅ​តាម​កាល​កំណត់​របស់​ច្បាប់៕