កោះកុងៈ ដើមកោងកាងជិត៦ម៉ឺនដើម ត្រូវបានដាំនៅក្នុងខេត្តកោះកុង ចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់ថ្ងៃអាទិត្យ ទី២ ខែមីនានេះ ហើយកូនកោងកាងជាង២ម៉ឺនកូនទៀត កំពុងតែត្រូវបណ្តុះនៅដើមឆ្នាំ២០២៥នេះ ដើម្បីបន្តសកម្មភាពដាំបន្ថែមទៀត ក្នុងការការពារតំបន់ឆ្នេរ និងជីវៈចម្រុះ។

ក្នុងចំណោមកូនកោងកាងជិត៦ម៉ឺនដើមនោះ កូនដើមកោងកាងប្រមាណជា៥ពាន់ដើម ត្រូវបានដាំលើផ្ទៃដីចំនួន៣ហិកតា នៅក្នុងពិធី«បុណ្យកោងកាងសន្តិភាព» ដើម្បីជាផ្នែកមួយ នៃការពារឆ្នេរ ពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ ក្នុងតំបន់ឆ្នេររបស់ប្រទេសកម្ពុជា។

ពិធីបុណ្យនេះ ត្រូវបានរៀបចំធ្វើឡើងរយៈពេល៣ថ្ងៃ  ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ ថ្ងៃទី២ ខែមីនានេះ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃព្រៃកោងកាង។

ព្រៃកោងកាង ជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជា ការពារឆ្នេរ ពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានដឹកនាំមន្រ្តីរាជការក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកោះកុង អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន អង្គការមេត្តាធម្មជាតិ និងប្រជាសហគមន៍ ជាច្រើននាក់ ដាំដើមកោងកាងទាំងនេះក្នុងសហគមន៍កោះកាពិ។

លោករដ្ឋមន្រ្តី មានប្រសាសន៍ថា៖« ព្រៃកោងកាងជួយទប់លំនឹងដី និងការពារឆ្នេរសមុទ្រពីការហូរច្រោះ និងការបាក់ដី។ បន្ថែមពីនេះ វាបានជួយកាត់បន្ថយ និងការពារគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ»។

ក្រៅពីនោះ  ព្រៃកោងកាង ក៏​ដើរតួ ជាតម្រងធម្មជាតិ ដោយត្រងសារធាតុបំពុល និងកាកសំណល់ចេញពីទឹក។

វា​ជួយកែលម្អគុណភាពទឹក និងរក្សាលំនឹងបរិស្ថានទឹក ព្រមទាំងជាជម្រកដ៏សំខាន់ម្រាប់ពពួកមច្ឆាជាតិ និងសត្វសមុទ្រជាច្រើនប្រភេទ ជាពិសេសជាកន្លែងបន្តពូជពង កូន និងលូតលាស់ដ៏ល្អប្រសើរសម្រាប់ជីវិតសត្វសមុទ្រគ្រប់ប្រភេទ ដែលជាការទ្រទ្រង់ដល់សេដ្ឋកិច្ចប្រជានេសាទ និងសន្តិសុខស្បៀង។

ពិសេសជាងនេះទៅទៀតព្រៃកោងកាង មានសមត្ថភាពខ្ពស់ក្នុងការស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត (CO2) ពីបរិយាកាស ជាឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ។

លើសពីនេះទៀត បានដើរតួនាទីយ៉ាងសំខាន់ ជារបាំងទៅនឹងការប្រែប្រួលអាកាសធាតុ និងបានផ្តល់នូវប្រភពចំណូល និងការងារដល់សហគមន៍មូលដ្ឋាន តាមរយៈការងារកសិកម្ម ការនេសាទ ការចិញ្ចឹមសត្វ ការរៀបចំទេសចរណ៍ធម្មជាតិ និងផលិតផលព្រៃឈើផ្សេងៗទៀត។

ក្រសួងបរិស្ថានបានឱ្យដឹងថា ប្រទេសកម្ពុជា មានព្រៃកោងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ៦ម៉ឺនហិកតា ស្ថិតក្នុងខេត្តតំបន់ឆ្នេរ ដូចជាកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។

ក្នុងនោះខេត្តកោះកុងមានទំហំធំជាងគេ គឺប្រមាណជាង៤ម៉ឺនហិកតា ដែលស្មើនឹង៨០ភាគរយ នៃផ្ទៃដីព្រៃកោងកាងនៅកម្ពុជា។

អភិបាលខេត្តកោះកុង លោកស្រីមិថុនា ភូថងបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅ នៅទូទាំងខេត្តកោះកុង ព្រៃកោងចំនួន៥៤ ៨០០ដើម ត្រូវបានដាំស្ដារឡើងវិញ។

បន្ថែមពីនោះ នាពេលបច្ចុប្បន្ននេះ មន្ទីរបរិស្ថានខេត្ត បានកំពុងតែបន្តបណ្តុះដើមកោងកាងបានចំនួន២៨ ០០០ដើម សម្រាប់ត្រៀមទុកយកទៅដាំនៅកន្លែង​ផ្សេងៗទៀតផងដែរ។

ប្រធានអង្គការមេត្តាធម្មជាតិ លោកម៉េង ហេង បានសំណូមពរប្រជាសហគមន៍ និងអ្នកពាក់ព័ន្ធចូលរួមការពារនិងអភិរក្សធានធម្មជាតិ ដើម្បីប្រយោជន៍រួម សម្រាប់អនាគត។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏បំផុស គំនិតឱ្យមានការរួមគ្នា កែច្នៃ ដុំពេជ្រ ដែលជាភាពស្អាត ភាពបៃតង ដើម្បីបង្កើនការទាក់ទាញឱ្យមានការវិនិយោគ និងអ្នកទេសចរ មកកាន់ប្រទេសកម្ពុជាច្រើន។

កត្តានេះនាំឱ្យកម្ពុជាមានបរិស្ថាន សង្គមស្អាត និងមានគម្របបៃតង ដែលនាំឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិ​វឌ្ឍសង្គមជាតិមានចីរភាព។

លោករដ្ឋមន្រ្តី បានលើកឡើងពី សក្តានុពលកោះស្រឡៅ នៅក្នុងតំបន់រ៉ាមសារកោះកាពិ ក្នុងខេត្តកោះកុងនេះ។

តំបន់នេះ នឹងផ្តល់ការងារ និងផ្គត់ផ្គង់ផលនេសាទ ដល់ប្រជាសហគមន៍យ៉ាងសំខាន់ ប៉ុន្តែចាំបាច់ត្រូវធ្វើការរៀបចំផែនការច្បាស់លាស់ ដើម្បីធានាបានភាពសុខដុមរមនា រវាងមនុស្សនិងធម្មជាតិ ដើម្បីការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់៕