ពោធិ៍សាត់ៈ ក្រសួងយុត្តិធម៌បានរកឃើញថា ដីរបស់លោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំង (ភ្នំ១៥០០)មិនមានប្លង់រឹងស្របច្បាប់ ដូចដែលបានអះអាងនោះទេ ហើយលោកស្រីមានដីយ៉ាងតិចចំនួន ៦កន្លែងផ្សេងទៀតនៅក្រៅពីតំបន់អន្ទង់អាំង(ភ្នំ១៥០០)។

នេះគឺជាលទ្ធផលអង្កេតស្រាវជ្រាវរបស់ក្រសួងយុត្តិធម៌ បន្ទាប់ពីបានទទួលបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា កាលពីថ្ងៃទី១៤ ខែមីនានេះ ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង។

បន្ទាប់ពី បានទទួលបណ្តឹងនេះ, ក្រសួងយុត្តិធម៌បានចាត់ក្រុមការងារមួយ ចុះទៅអង្កេតស្រាវជ្រាវស្វែងរកការពិត ជុំវិញរឿងនេះ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការពិនិត្យ និងដោះស្រាយបណ្តឹងអន្តរាគមន៍របស់លោកស្រីសុខគា។

ក្រសួងយុត្តិធម៌ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនាថា ក្នុងការស្រាវជ្រាវស្វែងនេះ ក្រុមការងារបានអញ្ជើញ លោកស្រីសុខគា រហូតដល់ទៅ ៣លើក ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមទៀត។

លើសពីនេះ ក្រសួង បានធ្វើលិខិតទៅប្រធានសាលាដំបូងខេត្តពោធិ៍សាត់ និងព្រះរាជអាជ្ញាអម សាលាដំបូងខេត្តពោធិ៍សាត់ ស្នើសុំឱ្យបង្អង់នីតិវិធី ដើម្បីផ្តល់នូវការធានា និងបង្កលក្ខណៈល្អប្រសើរឱ្យលោកស្រីសុខគា អាចចូលមកបំភ្លឺលើបណ្ដឹងស្នើសុំអន្តរាគមន៍របស់ខ្លួន។

ទោះយ៉ាងណា លោកស្រី សុខគា នៅតែមិនបានចូលទៅផ្តល់ព័ត៌មានបន្ថែម តាមការអញ្ជើញរបស់ក្រសួងយុត្តិធម៌ ចំពោះការស្រាវជ្រាវស្វែងរក ការពិតនៅក្នុងបណ្ដឹងសុំអន្តរាគមន៍នេះឡើយ។

ក្រសួងបញ្ជាក់ថា បន្ទាប់ពីបានចុះស្រាវជ្រាវដល់ទីតាំងដីដោយផ្ទាល់ និងបានជួបសួរព័ត៌មានលម្អិតពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធរួចមក ក្រុមការងារបានរកឃើញថា ទីតាំងដីដែលលោកស្រីសុខគា កំពុងកាន់កាប់ ហើយដែលអះអាងថា មានប្លង់រឹងនោះ គឺជារឿងមិនពិត ព្រោះថា ដីនេះស្ថិតនៅក្នុងតំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ (តំបន់អន្ទង់អាំង)។ នៅក្នុងតំបន់នេះ ពុំមានដីណាមួយមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) នោះទេ។

ចំពោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៥០៦០៣០៥-០៨៤១ មានក្បាលដីលេខ ៨៤១ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ដែលត្រូវបានធ្វើឡើងតាមរយៈការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដែលលោកស្រីសុខគា បានលើកបង្ហាញនៅ ក្នុងបណ្តាញសង្គម គឺជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៃដីផ្សេង ដែលស្ថិតនៅចម្ងាយ ២ ៧៦៩ ម៉ែត្រ ពីទីតាំងដីដែលលោកស្រីកំពុងកាន់កាប់ក្នុងតំបន់ការពារ។

ក្រសួងបានលើកឡើងថា លោកស្រីសុខគា បានដឹង រឿងនេះតាំងពីអំឡុងឆ្នាំ២០១៧ មកម៉្លេះ ប៉ុន្តែ លោកស្រី នៅតែលើកឡើងអំពីរឿងប័ណ្ណនេះខុសពីការពិត តាមបណ្តាញសង្គម ដែលធ្វើឱ្យមានការភាន់ច្រឡំជាសាធារណៈ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌បានសរសេរថា៖«លោកស្រី សែម សុខគា មិនមែនមានដីតែមួយកន្លែងនេះទេ ប៉ុន្តែ លោកស្រីមានដី យ៉ាងតិចចំនួន ៦កន្លែងផ្សេងទៀត នៅក្រៅពីតំបន់ការពារនេះ ហើយប្លង់ដីទាំងនោះ ត្រូវបានលោកស្រីសុខគា យកទៅដាក់ធានាបំណុលធនាគារជាង ១០ម៉ឺនដុល្លារអាម៉េរិក។ ទន្ទឹមនេះ ទីតាំងផ្ទះ ដែលលោកស្រីសុខគា កំពុងរស់នៅ ក៏មិនស្ថិតនៅក្នុងតំបន់អន្ទង់អាំងនេះដែរ»។

ប្រជាពលរដ្ឋប្រមាណជា៩៨​គ្រួសារ បានទៅចាប់ដី និង​រស់នៅ​តំបន់​អន្ទង់អាំង ដោយមិនស្របច្បាប់។ ក្រោយ​ពីមានការណែនាំ ក៏ដូចជាការព្រមានប្រើប្រាស់វិធានការច្បាប់ ពលរដ្ឋភាគច្រើន បានយល់​ព្រម​ចាក​ចេញ​ទៅ​កាន់​ទីតាំង​ថ្មី​មួយ ដែលអាជ្ញាធរបាន​រៀបចំឱ្យ។ ​ទីតាំង​ថ្មីនោះ មាន​ទំហំ​ជាង ១៥០​ហិកតា មាន​ចម្ងាយ​ប្រមាណ​ជា​ ៦​គីឡូ​ម៉ែត្រ​ពី​រង្វង់​មូលដំរី ទីរួម​ស្រុក​វាលវែង ដែល​នៅជិត​ទី​ប្រជុំជន។

អាជ្ញាធរបានចាប់ផ្តើមរុះរើលំនៅដ្ឋានរបស់ពលរដ្ឋ ដែលមិនព្រមចាកចេញ​ប្រមាណជា១៩គ្រួសារ កាលពីថ្ងៃទី១៨ ខែមីនានេះ ដើម្បីរៀបចំតំបន់នោះ ឱ្យទៅជាតំបន់បៃតងឡើងវិញ។

ក្រសួង បានលើកឡើងថា ដីស្ថិតនៅក្នុងតំបន់សហគមន៍ នៃតំបន់ការពារ ធម្មជាតិ តំបន់អន្ទង់អាំង គឺជាដីរបស់រដ្ឋ។ រដ្ឋបានសម្រេចដកហូតដីដែលត្រូវបានកាន់កាប់ដោយ ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនេះយកមកវិញ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនទូទាំងប្រទេស គឺ«មិនមែនសម្រាប់ជាប្រយោជន៍របស់បុគ្គលឯកជនណាមួយនោះទេ»។

ក្រសួងបន្តថា បើតាមផ្លូវច្បាប់ ការកាន់កាប់ ឬការតាំងទីលំនៅនៅលើដីរដ្ឋ មិនត្រឹមតែមិនអាចទទួលបានកម្មសិទ្ធិ នោះទេ។ ប៉ុន្តែ ថែមទាំងជាអំពើខុសច្បាប់។

ទន្ទឹមនេះ អ្នកកាន់កាប់ដីរដ្ឋដោយខុសច្បាប់នេះ មិនត្រឹមតែត្រូវរុះរើ ចេញដោយមិនទទួលបានសំណងនោះទេ តែត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌតាមការកំណត់របស់ច្បាប់ ជាធរមាន។

ទោះជាយ៉ាង ជាការគិតគូរដល់ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនៅតែសម្របសម្រួល ផ្តល់ដំណោះស្រាយជាគោលនយោបាយសមស្របដល់ប្រជាពលរដ្ឋដែលចាកចេញដោយស្ម័គ្រចិត្ត។

ដោយឡែក ចំពោះអ្នកនៅបន្តរឹងទទឹងកាន់កាប់ដីរដ្ឋដោយខុសច្បាប់ មិនព្រមចាកចេញ ត្រូវប្រឈមនឹងចំណាត់ការតាម នីតិវិធីច្បាប់ជាធរមាន។

ទោះជាយ៉ាងណា ដើម្បីបន្តធានាឱ្យមានបរិយាកាសល្អប្រសើរក្នុងការដោះស្រាយចំពោះករណី សំណុំរឿងរបស់លោកស្រីសុខគា ក្រសួងយុត្តិធម៌ នឹងស្នើសុំឱ្យសាលាដំបូងខេត្តពោធិ៍សាត់ បន្តបង្អង់នីតិវិធីរបស់ខ្លួន ឬបង្កលក្ខណៈឱ្យសាមីខ្លួនអាចចូលឆ្លើយបំភ្លឺនៅ ចំពោះមុខតុលាការតាមនីតិវិធីច្បាប់ ដោយគ្មានការឃាត់ខ្លួន។

បន្ថែមពីនេះ ក្រសួងយុត្តិធម៌ នៅបន្តស្វាគមន៍ ចំពោះការចូលរួមបំភ្លឺរបស់លោកស្រីសុខគា ចំពោះករណីបណ្ដឹងរបស់សាមីខ្លួនដាក់មកក្រសួងយុត្តិធម៌។

ក្រសួងយុត្តិធម៌ បានលើកទឹកចិត្តឱ្យលោកស្រីសុខគា ជួបជាមួយអាជ្ញាធរ ដើម្បីស្នើសុំដំណោះស្រាយជាគោលនយោបាយ ដូចដែលត្រូវបានអនុវត្តចំពោះប្រជាពលរដ្ឋដែល បានតាំងទីលំនៅដោយខុសច្បាប់នៅតំបន់អន្ទង់អាំង និង ដែលបានចាកចេញដោយស្ម័គ្រចិត្ត។

ភ្នំពេញប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទី ទី៣១​ ខែមីនា មិនអាចទាក់ទងអភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា ដើម្បីសុំប្រសាសន៍បន្ថែមទាក់ទងនឹងករណីលោកស្រីសុខគា ក៏ដូចជាដំណើរការរៀបចំតំបន់អន្ទង់អាំងឡើងវិញផងដែរ៕