
សិស្សសាលាបឋមសិក្សាវត្តបូព៌ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ជាមួយកុមារមកពីប្រទេសអាស៊ានដទៃទៀត។ រូបថត សហការី
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានច្រានចោលការចាត់ចំណាត់ថ្នាក់នៃការអប់រំឆ្នាំ ២០២៥ នាពេលថ្មីៗនេះ ពីសំណាក់ World Population Review ដែលបានដាក់ប្រទេសកម្ពុជាឱ្យស្ថិតនៅលំដាប់ទី ១២០ ក្នុងចំណោម ២០៣ ប្រទេសជុំវិញពិភពលោក។
ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់នៃការអប់រំ។
ក្រសួងបានបង្ហាញឱ្យដឹងថាក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៣១ ខែមីនានេះថា៖ «ការចាត់ចំណាត់ថ្នាក់អប់រំរបស់ World Population Review បានធ្វើឡើងតាមរយៈការស្ទង់មតិ មនុស្សរាប់ពាន់នាក់នៅទូទាំង ៧៨ ប្រទេស បន្ទាប់មកដាក់ចំណាត់ថ្នាក់ប្រទេសទាំងនោះ ដោយផ្អែកលើការឆ្លើយតបនៃការស្ទង់មតិនេះ»។
ក្រសួងបានបន្ដថា៖ «ការស្ទង់មតិផ្នែកអប់រំបានផ្តោតលើចំណុច ៣ រួមមាន៖ ប្រព័ន្ធអប់រំសាធារណៈដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ ការចូលរៀននៅសកលវិទ្យាល័យនៅទីនោះ និងការអប់រំ ប្រកបដោយគុណភាពខ្ពស់»។

ការផ្លាស់ប្តូរឌីជីថលគឺជាការផ្តោតសំខាន់មួយ ដោយរដ្ឋាភិបាលបានតម្រឹមកំណែទម្រង់អប់រំជាមួយនឹងគោលនយោបាយសេដ្ឋកិច្ចសង្គមឌីជីថលរបស់ខ្លួនសម្រាប់ឆ្នាំ ២០២១-២០៣៥។ រូបថត ភ្នំពេញប៉ុស្ដិ៍
ការវាយតម្លៃរបស់ World Population Review ដែលប្រើប្រាស់វិធីសាស្ត្រនៃការចាត់ចំណាត់ថ្នាក់អប់រំផ្អែកលើការស្ទង់មតិ និងយល់ឃើញជាសាធារណៈ បានបង្ហាញថា ប្រទេស ទីម័រខាងកើត មានចាត់ចំណាត់ថ្នាក់អប់រំប្រសើរជាងប្រទេសម៉ាឡេស៊ី ឡាវប្រសើរជាង ប្រទេសថៃ។
ក្រសួងអប់រំ យុវជន និងកីឡារបស់កម្ពុជា បានឱ្យដឹងថា ការវាយតម្លៃផ្អែកលើការស្ទង់មតិ និងការយល់ឃើញរបស់សាធារណៈជន កំពុងត្រូវបានពិនិត្យ និងច្រានចោលដោយក្រុមជំនាញរបស់ប្រទេសមួយចំនួន ផងដែរ។
ប្រទេសឡាវមិនទាន់បានចូលរួមក្នុងរង្វាយតម្លៃអន្តរជាតិ PISA ហើយប្រទេសថៃ បានចូលរួមពេញលេញ និងមានសាកលវិទ្យាល័យជាច្រើនដែលមានការទទួលស្គាល់ទាំងកម្រិតតំបន់ និងអន្តរជាតិ។
ក្រសួងបានបញ្ជាក់ថា៖ «ប្រទេសឡាវ និងទីម័រខាងកើត មិនមានភាពល្អប្រសើរជាងប្រទេសកម្ពុជា និងប្រទេសថៃ នៅឡើយទេ ទាំងការអប់រំចំណេះទូទៅ និងឧត្តមសិក្សា»។

សិស្សសាលាបឋមសិក្សាស្វាយជ្រំសិក្សាក្នុងថ្នាក់រៀននៅខេត្តស្វាយរៀង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ Yousos Apdoulrashim
ការចាត់ចំណាត់ថ្នាក់អប់រំរបស់ប្រទេសកម្ពុជានេះ ផ្ដោតលើទិន្នន័យឆ្នាំ២០២២ ដែលមានអត្រាអក្ខរកម្មជាង ៨០ភាគរយ។
យោងតាមក្រសួងអប់រំកម្ពុជា បានបង្ហាញថា ជាលក្ខណៈវិទ្យាសាស្ត្រ ការចំណាត់ថ្នាក់អប់រំជាលក្ខណៈអន្តរជាតិ ត្រូវធ្វើឡើងដោយពិនិត្យលើកត្តាជាច្រើន។
បន្ទាប់ពីការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនៅឆ្នាំ ២០១៤ ជាមួយលទ្ធផលប្រឡងជាប់រង្វង់ ៤០ភាគរយ សិស្សនៅគ្រប់កម្រិតបានខិតខំប្រឹងប្រែងរៀនសូត្រ និងលទ្ធផលនៃការប្រឡង បានល្អប្រសើរជាបន្តបន្ទាប់ ដោយនៅឆ្នាំ ២០២៤ បេក្ខជនប្រឡងជាប់បានកើនដល់ ៧៩ភាគរយ និងទទួលបាននិទ្ទេស A មានចំនួន ២២២៥ នាក់។
កម្ពុជាសម្រេចបានអត្រាពិតនៃការសិក្សានៅបឋមសិក្សាកើនឡើងពី ៩៨,២ភាគរយ ក្នុងឆ្នាំសិក្សា២០១៣-២០១៤ ដល់ ៩៩,៦ភាគរយ ក្នុងឆ្នាំសិក្សា២០២៣-២០២៤។
អត្រារួមនៃការសិក្សានៅមធ្យមសិក្សាបឋមភូមិបានកើនពី ៥៥.១ភាគរយ ក្នុងឆ្នាំសិក្សា ២០១៣-២០១៤ ដល់ ៧៥,២ភាគរយ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។
អត្រារួមនៃការសិក្សានៅមធ្យមសិក្សាទុតិយភូមិបានកើនពី ២៦ភាគរយ ក្នុងឆ្នាំសិក្សា ២០១៣-២០១៤ ដល់ ៤៤,៣ភាគរយក្នុងឆ្នាំសិក្សា ២០២៤-២០២៥។ អត្រារួមនៃការសិក្សានៅ ឧត្តមសិក្សាបានកើនឡើងពី ៩,៩ភាគរយ ក្នុងឆ្នាំ ២០១៣ ដល់ ១៩,១ភាគរយ ក្នុងឆ្នាំ ២០២៤។

សិស្សានុសិស្សនៃអនុវិទ្យាល័យមោងឬស្សី ខេត្តបាត់ដំបង ប្រមូលផ្ដុំគ្នានៅក្រៅកន្លែងថ្មី ដើម្បីគោរពភ្លេងជាតិ។ រូបថត សហការី
ក្រសួងអប់រំបានឱ្យដឹងថា៖ «បច្ចុប្បន្ន ប្រទេសមួយចំនួន ដែលជាសមាជិកអាស៊ានមានអត្រារួមនៃការសិក្សានៅបឋមសិក្សាទាបជាង ១០០ភាគរយ និងមានអត្រារួមនៃការសិក្សានៅមធ្យមសិក្សាទាបជាង ៧០ភាគរយនៅឡើយ»។
បច្ចុប្បន្ន សាលារៀនជំនាន់ថ្មី និងវិទ្យាល័យធនធាន បាននិងកំពុងដើរតួនាទីយ៉ាង សកម្មក្នុងការជំរុញការអប់រំស្គម (STEM) តាមរយៈការអនុវត្តពិសោធន៍វិទ្យាសាស្ត្រ នៅក្នុងបន្ទប់ ពិសោធន៍វិទ្យាសាស្ត្រ បន្ទប់ ICT បន្ទប់ពហុបំណង និងបណ្ណាល័យសតវត្សទី២១ និងការជួយគាំទ្រ វិទ្យាល័យបណ្តាញដទៃទៀត។
ក្រសួងបានដកស្រង់ប្រភព៖ មូលទិន្នន័យស្តុបពីស ដោយបានឱ្យដឹង ក្នុងចំណោមប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក ចំនួន៣៣ ប្រទេសកម្ពុជាឈរនៅលេខរៀងទី ២៣ ខណៈថៃឈរនៅលេខរៀងទី ១០ មីយ៉ាន់ម៉ា លេខរៀង២៤ និងឡាវលេខរៀងទី ២៨។
ករណីសន្ទស្សន៍នវានុវត្តន៍សកលកម្ពុជាឈរនៅលេខរៀងទី ២១ ក្នុងចំណោមប្រទេសមានចំណូលទាបចំនួន ៣៨ ប្រទេស ខណៈឡាវឈរនៅលេខរៀងទី ២៥ និងមីយ៉ាន់ម៉ាឈរនៅលេខរៀងទី ៣៦។ ដោយឡែក ថៃឈរនៅលេខរៀងទី៥ ក្នុងចំណោមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (៣៤ ប្រទេស)។
ក្រសួងបានបញ្ជាក់ថា៖ «ជារួម ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ វិស័យអប់រំសម្រេចបានវឌ្ឍនភាពទាំងបរិមាណ និង គុណភាព។ ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមានដែលទាមទារឱ្យភាគីពាក់ព័ន្ធគ្រប់រូបធ្វើការរួមគ្នា ដើម្បីបន្តពង្រឹងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាបន្ថែមទៀត»។
ប្រទេសមានវិស័យល្អបំផុតចេញពីការស្ទង់មតិនេះ បានបង្ហាញថា ប្រទេស កូរ៉េខាងត្បូង ដាណឺម៉ាក ហូឡង់ បែលហ្សិក ស្លូវេនី ជប៉ុន អាល្លឺម៉ង់ ហ្វាំងឡង់ ន័រវេស និងអៀរឡង់ ខណៈប្រទេសអន់បំផុតទាំង ៣ គឺ អាន់ដូរ៉ា ស៊ូដង់ខាងត្បូង និងសូម៉ាលី៕

សិស្សានុសិស្សក្នុងថ្នាក់រៀននៅសាលាជំនាន់ថ្មី ក្នុងបរិវេណវិទ្យាល័យស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ។ រូបថត ភ្នំពេញប៉ុស្ដិ៍