ភ្នំពេញៈ ភ្លើងឆេះព្រៃ មិនត្រឹមតែធ្វើ់ឱ្យគុណភាពខ្យល់មានការធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានធ្វើឱ្យមានការបាត់បង់ជីវៈចម្រុះ ព្រៃឈើ សត្វព្រៃ ជាពិសេសខូចខាតប្រព័ន្ធអេកូឡូស៊ីនៃតំបន់នោះផងដែរ។

នេះជាការបង្ហាញពីការព្រួយបារម្ភ និងរំលឹកដល់សាធារណជនជាថ្មី របស់ក្រសួងបរិស្ថាន ពីការចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលកំពុងកើតមាននៅស្ទើរគ្រប់ខេត្តក្នុងប្រទេស។

ជាពិសេស បន្ទាប់បានសង្កេតឃើញ និងបានសំដែងសោកស្តាយ ចំពោះឧបទ្ទេវហេតុគ្រោះមហន្តរាយកើតឡើងផ្ទួនៗនៅប្រទេសថៃ គឺគ្រោះរញ្ជួយដីដ៏ធំ និងភ្លើងឆេះព្រៃ នៅក្នុងខេត្តឡាំបាង ចាប់តាំងពីយប់ថ្ងៃទី ២៨ ខែមីនា។

នៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនានេះ មានភ្លើងឆេះព្រៃចំនួន៤៨២ករណី។ ក្នុងនោះ កើតឡើងក្នុងខេត្តរតនគិរីច្រើនជាងគេ គឺចំនួន១០៣ករណី និងខេត្តស្ទឹងត្រែងមាន៨៦ករណី និងខេត្តមណ្ឌលគិរីចំនួន៥៧ករណីផងដែរ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានឱ្យដឹងថា ករណីឆេះព្រៃនេះ ជាបញ្ហាចម្បង ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ និងត្រូវការការចូលរួមពីភាគីពាព័ន្ធទាំងអស់។

លោកបានអំពាវនាវថា៖«អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ចគ្រប់ប្រភេទ ដៃគូសហការជាតិ និងអន្តរជាតិ សហគមន៍និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងតំបន់និងក្បែរតំបន់ព្រៃឈើ ចុះទៅអន្តរាគមន៍ភ្លាមៗ ក្នុងករណីមានភ្លើងឆេះ ដើម្បីកុំឱ្យរីករាលដាលរហូតបង្កជាគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ តាមរយៈចំហេះ និងការកើនឡើងកំហាប់ភាគល្អិតនិចល សារធាតុពុលក្នុងផ្សែង ធ្វើឱ្យប៉ះពាល់ទៅដល់គុណភាពខ្យល់ ធ្វើឱ្យបាត់បង់ជីវៈចម្រុះ និងខូចខាតប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ជាដើម»។

កន្លងមក ជាការឆ្លើយតបនឹងការឆេះនេះ ក្រសួងបរិស្ថានបានសហការជាមួយអាជ្ញាធរខេត្ត ដែលមានតំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយ និងចុះអប់រំប្រជាពលរដ្ឋ ឱ្យមានយកចិត្តទុកដាក់ ចូលរួមក្នុងការទប់ស្កាត់ការដុតសំរាម ប្លាស្ទិក សម្ភារកសិកម្ម ការដុតគល់ជញ្ជ្រាំង ការដុតស្មៅ ឬដុតចំការជាដើម។

ក្នុងនោះ ជាពិសេសការអនុវត្តសារាចរលេខ០១ ស្តីអំពីការទប់ស្កាត់នឹងការបំពុលខ្យល់សាធារណៈ ព្រោះ ការដុត និងឆេះនោះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់បរិស្ថានទេប៉ុណ្ណោះទេ តែវាប៉ះពាល់ដល់គុណភាពខ្យល់ ប៉ះពាល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបង្កឱ្យមានការប្រែប្រួលគុណភាពខ្យល់ផងដែរ។

លោកអាទិត្យាបញ្ជាក់ថា៖«ព្រៃឈើគឺជាសម្បតិ្តធម្មជាតិរបស់យើងដែលត្រូវតែការពារឱ្យបាន អ៊‌ីចឹងប្រសិនជាមានករណីមានភ្លើងឆេះ យើងត្រូវតែការពារនិងទប់ស្កាត់ ព្រោះយើងការពារសុវត្ថិភាពព្រៃឈើ ដូចជាការពារសុវត្ថិភាពសត្វព្រៃ ជីវៈចម្រុះ មានន័យថាយើងការពារជីវិតរបស់យើងដែរ»។

ទាក់ទងនឹងគុណភាពខ្យល់ ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៨ ខែមីនា បានប្រកាសប្រាប់សាធារណជនថា ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួល ផ្ទៃមេឃមានសភាពអ័ព្ទអួ ដែលធ្វើឱ្យជនឆ្លៀតឱកាសមួយចំនួនយកព័ត៌មានពីប្រភព «មិនច្បាស់លាស់» ពីប្រភព ដែលមិនមានឧបករណ៍តាមដានក្នុងប្រទេសមកធ្វើការបកស្រាយផ្ទុយពីការពិត។

ក្រសួងបានលើកឡើងថា៖«រហូតមកទល់ពេលនេះ គុណភាពខ្យល់នៅកម្ពុជាមិនទាន់មាន ហានិភ័យដល់សុខភាពសាធារណជននៅឡើយ»។

ក្រសួងបានឱ្យដឹងថា ក្រសួងមានស្ថានីយ និងឧបករណ៍ចល័ត ពិនិត្យ តាមដានគុណភាពខ្យល់ទូទាំងប្រ​ទេស ហើយក្រសួងតែងតែផ្សាយជូនដំណឹងដល់សារធាណជន តាមប្រព័ន្ធផ្សព្វផ្សាយសង្គម តាមគេហទំព័ររបស់ក្រសួង និងកម្មវិធីទូរស័ព្ទដៃ (App) គុណភាពខ្យល់របស់ ក្រសួងបរិស្ថាន ដែលមានឈ្មោះ CGS SPA៕