
ជនសង្ស័យម្នាក់ (អាវស) ក្នុងចំណោមជនសង្ស័យទាំង៣។ នគរបាលជាតិ
មុននឹងបង្ហាញថា«រឿងសម្ងាត់»នោះជារឿងអ្វី សមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យទី៣ ករណីឃាតកម្មលើស្ត្រីខ្មែរឈ្មោះ ហេង សៀវលី មានសង្សារជាជនជាតិចិន ដែលសាកសពរបស់នាងត្រូវបានជនល្មើសយកទៅកប់នៅដីខ្សាច់នៅក្បែរផ្សារទំនើបអ៊ីអន៣។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣ ខែមីនា បានឃាត់ខ្លួនបុរសជនជាតិចិនពីរនាក់ឈ្មោះ Chen Cong អាយុ៣០ឆ្នាំ និងឈ្មោះ Li Haohao អាយុ៣៤ឆ្នាំ ក្នុងសំណុំរឿងឃាតកម្មទៅលើជនរងគ្រោះហេង សៀវលី រួចយកសពរបស់នាងទៅកប់នៅក្បែរផ្សារអ៊ីអន៣ ខណៈដែលមេខ្លោងកំពុងរត់គេចខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌទទួលបានពាក្យបណ្ដឹងពីអ្នកស្រី ទឹម សុភី ដែលជាម្ដាយរបស់ជនរងគ្រោះកាលពីថ្ងៃទី១ ខែមីនា សមត្ថកិច្ចបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតប្រទះឃើញសាកសពនារីម្នាក់ដែលមានភិនភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃាតកម្ម ដែលត្រូវបានគេកប់ដីខ្សាច់ក្បែរផ្សារទំនើបអ៊ីអន៣ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។
បើតាមសមត្ថកិច្ច នារីរងគ្រោះ ហេង សៀវលី គឺជាសង្សាររបស់ជនសង្ស័យ Chen Cong។ ក្នុងពេលសាកសួរ នាក់ទាំងពីរបានសារភាពថា ពួកគេពិតជាបានចូលរួមក្នុងសកម្មភាពសម្លាប់នារីរងគ្រោះខាងលើពិតមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ។
ការសម្លាប់នេះធ្វើឡើងដោយមានឈ្មោះ Yang Kaizin ភេទប្រុស អាយុ២៦ឆ្នាំ ជានជាតិចិន ដែលកំពុងរត់គេចខ្លួន ជាអ្នករៀបចំគម្រោងសម្លាប់នារី ដោយមូលហេតុនារីរងគ្រោះ«បានដឹងរឿងសម្ងាត់របស់ពួកខ្លួន»។
ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំសុំមិនទាន់បង្ហាញថារឿងសម្ងាត់នោះជារឿងអ្វីទេ ដោយសារតែយើងកំពុងតាមចាប់ជនសង្ស័យម្នាក់ទៀត»។
ជនសង្ស័យទាំងពីរ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕