
រថយន្តសាំយ៉ុងកែច្នៃដឹកឈើ ដែលមានតម្លៃប៉ាន់ស្មានទាបបំផុតជិត១ម៉ឺនដុល្លារ ត្រូវបានបង្រ្កាប នៅពេលកំពុងតែដឹកឈើទាំងថ្ងៃក្នុងទឹកដីខេត្តក្រចេះ។ រូបថត តាន់ គឹមសួរ
ក្រចេះ៖ រថយន្តសាំយ៉ុងកែច្នៃដឹកឈើប្រហែលជា២០ម៉ែត្រគូបដែលមានតម្លៃទាបបំផុតជិត១ម៉ឺនដុល្លារ ត្រូវបានបង្រ្កាប បើទោះបីជាមានឡានជួយរត់ការ ដើម្បីបើកផ្លូវឱ្យយ៉ាងណាក៏ដោយ។ ឈើមួយរថយន្តនេះ ត្រូវបានគេរកឃើញថា ជារបស់ឈ្មួញឈើ ដុះស្លែប្រចំាខេត្តក្រចេះម្នាក់ ដែលគ្មានអ្នកបង្រ្កាបនាពេលកន្លងមក។
បទល្មើសនេះត្រូវបាន ក្រុមការងាររបស់សមាគមយុវជនស្រលាញ់ធម្មជាតិ ដែលដឹកនាំដោយ លោកតាន់ គឹមសួរ ធ្វើទប់ស្កាត់កាលពីថ្ងៃចន្ទ ទី៣ ខែមីនានេះ ក្រោយពីក្រុមជនល្មើសបានធ្វើសកម្មភាពទាំងថ្ងៃ ចេញពីភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ប្រធាន សមាគមយុវជនស្រលាញ់ធម្មជាតិ លោកតាន់ គឹមសួរបានអះអាងថា រថយន្តដឹកឈើនេះ ត្រូវបានរថយន្តម៉ាកតាកូម៉ា ស្លាកលេខភ្នំពេញ 2BA-2719 ដែលបើកដោយឈ្មោះគៀង ធា រត់បើកផ្លូវឱ្យ ដើម្បីដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះ។
លោកបានធ្វើការប៉ាន់ស្មានថា ឈើ១រថយន្តនេះ មានប្រមាណជា២០ម៉ែត្រគូប ហើយក្នុង១ម៉ែត្រគូបមានតម្លៃប្រហែល៥០០ដុល្លារអាមេរិក។ ហេតុនេះ ឈើ១រថយន្តនេះ មានតម្លៃសរុបយ៉ាងហោចណាស់ក៏ជិត១ម៉ឺនដុល្លារដែរ។

លោកបាននិយាយថា៖«ឈើ១ឡាននេះ ប្រហែលជា២០ម៉ែត្រគូប។ បើវាយតម្លៃទាបបំផុត ១ម៉ែត្រគូប ៥០០ដុល្លារ។ ១ឡាននេះចង់១ម៉ឺនដុល្លារ។ រឿងអីមិនខំប្រឹង? ទោះបីបង់ឱ្យសមត្ថកិច្ចពាក់ព័ន្ធអីតាមផ្លូវ ច្រើនយ៉ាងណា ក៏នៅសល់លុយ ចំណេញច្រើនដែរ»។
លោកបានថ្លែងថា៖«តាមរកមេឈ្មួញម្នាក់នេះយូរខែណាស់មកហើយ។ ទីបំផុតយើងមាននិស្ស័យបានជួបគ្នាហើយ មេឈ្មួញឈើដ៏ធំប្រចាំខេត្តក្រចេះ...នេះឈើរបស់ឈ្មួញ ដុះស្នឹមរាប់សិបឆ្នាំ នៅខាងខេត្តក្រចេះ គ្មានអ្នក ណាគេធ្វើបែកទេ។ នេះសុទ្ធតែជាប្រភេទឈើល្អ តែម្តង»។
ក្រុមការងាររបស់សមាគមយុវជនស្រលាញ់ធម្មជាតិ បានស្វះស្វែងរកកិច្ចអន្តរាគមន៍បន្ថែមពីស្ថាប័នពាក់ព័ន្ធ ដោយ សង្ឃឹមថា ច្បាប់នឹងមិនមានការលើកលែងចំពោះឧក្រិដ្ឋជនបំផ្លាញធនធានធម្មជាតិរូបនេះនោះទេ។ លោកគឹមសួរបានអំពាវនាវ ឱ្យសាធារណជនចូលរួមជួយតាមដានករណីនេះទាំងអស់គ្នា។
នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តក្រចេះ លោក នួន ពៅរតនា បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី៤ ខែមីនាដោយខ្លីថា ក្រុមការងារកំពុងតែធ្វើការលើករណីនេះ។ លោកពៅរតនា សុំមិនធ្វើអត្ថាធិប្បាយបន្ថែមតាមទូរសព្ទនោះទេ ដោយសុំឱ្យអ្នកសារព័ត៌មាន ទៅជួបលោកផ្ទាល់នៅការិយាល័យធ្វើការរបស់លោក៕