
នារីម៉ូដែលដែលរងនូវសម្ដីប្រមាថ និងពិធីករ ដែលនិយាយលែបខាយ មិនដល់តម្លៃដល់ស្ដ្រី។ រូបថត សហការី
ភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់នៅលើបណ្ដាញសង្គមចំពោះការនិយាយលែបខាយរបស់ពិធីករប្រដាល់គុនខ្មែរទៅលើនារីលើស្លាកសញ្ញាឱ្យទឹកដោយមិនគោរពដល់សេចក្ដីថ្លៃថ្នូរ ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត និងលោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រតិកម្មចំពោះការបំពានស្ដ្រី ខណៈទិវានារីអន្ដរជាតិខិតជិតមកដល់។
លោក សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «ច្បាប់ធម្មជាតិ បានបង្កើតឱ្យសង្គមមនុស្ស មានភេទស្រី និងប្រុសជាធម្មតា ទោះអ្នកខ្លះមានអត្តចរិតធម្មជាតិផ្ទុយពីភេទជាក់ស្ដែងក៏ដោយ។ ម្នាក់ៗ មានសិទ្ធិ មានសេរីភាព និងសេចក្ដីថ្លៃថ្នូរស្មើៗគ្នាក្នុងសង្គម។ សម្រាប់កម្ពុជា យើងមានច្បាប់ និងបវេណីដូនតាដ៏ល្អ ដើម្បីការពារសេចក្ដីថ្លៃថ្នូរមនុស្សម្នាក់ៗ»។
លោកបានបន្ដថា ទង្វើទាំងឡាយណាដែលជ្រុលហួសព្រំដែននៃសិទ្ធិ បំពានលើប្រពៃណី និងសីលធម៌សង្គម ប្រាកដណាស់នឹងទទួលបានមកវិញនូវការប្រតិកម្មតប។
លោកនាយករដ្ឋមន្ដ្រី ម៉ាណែត បានសរសេរដែរថា ទោះចេតនា ឬអចេតនា ការប្រើប្រាស់ពាក្យសម្ដីទាំងនោះបានធ្វើឱ្យប៉ះពាល់ប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដទៃ។

លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន នេត្រ ភក្ដ្រា និងសារសម្ដែងការសោកស្ដាយ និងសុំទោសនារីរងការប្រមាថ។ រូបថត សហការី
លោកបានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជន ធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ»។
កញ្ញា មុនីរស្មី ជាមូដែលនៅក្នុងវីដេអូ បានសរសេរថា កញ្ញារំភើបចិត្ដនៅពេលមើលឃើញមហាជនបញ្ចេញមតិការពារ និងថ្កោលទោសចំពោះសម្ដីប្រមាថ។
កញ្ញាបានឆ្លើយតបទៅនឹងវីដេអូសុំទោសរបស់ពិធីករបង្ហោះលើហ្វេសប៊ុកដំបូងថា៖ «ការនិយាយបៀតបៀនជាសាធារណៈ និងការសុំទោសតាមវីដេអូមករូបនាងខ្ញុំដែលមាននូវអត្ថន័យ ទទួលកំហុសរបស់ពិធីករដែលខ្ញុំមិនសូវស្គាល់ដែរនោះ នៅមានលក្ខណៈមិនពេញលេញ នៅចំនុចខ្លះ»។
កញ្ញាបានរៀបរាប់ថា ពិធីកររូបនោះមិនសំពះសុំទោស ឥរិយាបថមិនចេញពីចិត្ត ជាពិសេសមិនបានបញ្ជាក់ថា ឈប់ពោលពាក្យបៀតបៀនមនុស្សស្រី ស្ត្រី និងក្មេងស្រី។
កញ្ញា មុនីរស្មី បានបន្ដថា៖«នាងខ្ញុំបានតាំងចិត្តមកសរសេរនៅទៅនេះដំបូង និងតែម្តងគត់ សម្រាប់រឿងរ៉ាវដែលបានកើតឡើងនេះ ព្រោះមិនចង់និយាយច្រើន គិតច្រើន។ តែក៏មានចិត្តមួយទៀតថា ខ្ញុំក៏មិនត្រូវអនុញ្ញាតឱ្យសកម្មភាពបែបនេះកើតឡើងទៀតចំពោះនាងខ្ញុំ ឬបុគ្គលណាម្នាក់បន្តទៀតឡើយ»។
កញ្ញាបន្ដថា៖ «តើអ្នកដែលមានម្តាយ ប្រពន្ធ បងប្អូនស្រី មិត្តស្រី ក៏នៅតែអាចមិនយល់ពីការផ្តល់តម្លៃស្ត្រីមែនទេ? តើស័ក្តិសមទេដែលមនុស្សស្រី ត្រូវបានកំណត់ដោយទស្សនៈផ្សេងៗ ថា ខ្សោយ ឬថា ជាទេសភាពសម្រាប់ទស្សនា ដូចដែលពាក្យពិធីករថា បានឃើញហើយ (ក្តក់មាត់) មនុស្សប្រុសយើងអាយុវែងនោះ?»។
លោក សុខា បានឱ្យដឹងថា៖ «វត្តមានស្ត្រីក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយយើង ភរិយាយើង កូនស្រីយើង ឬប្អូនស្រី ក្មួយស្រីយើង ដូច្នេះដែរ»។
លោកបានលើកឡើងថា មិនថាបុរស ឬស្ត្រី ការខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួននោះ គឺដើម្បីជីវភាពខ្លួនឯង និងក្រុមគ្រួសារនៅឯផ្ទះ ហើយសុទ្ធតែបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់សង្គមជាតិ។
យោងតាមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបង្ហាញថា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បានកោះហៅពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha ដែលប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទ សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
លោក នេត្រ ភក្ត្រា បានសរសេរនៅលើហ្វេសប៊ុកថា៖ «ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយនិងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី»។
លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក៏បានឆ្លើយតបទៅនឹងការប្រើប្រាស់ពាក្យសម្ដីមាក់ងាយ និងបានជេរប្រទេចរបស់លោក ផែ វណ្ណៈ ទៅលើស្ដ្រីម្នាក់ដែលត្អូញត្អែររឿងលូតម្លៃ ៤០ដុល្លារនៅក្នុងប៉ោយប៉ែតថា បុគ្គលគ្រប់រូបត្រូវទទួលទោសចំពោះមុខច្បាប់ដូចគ្នា។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ចាប់ពីម៉ោងនេះ ឱ្យតែមានការប៉ះពាល់ និងបំពានច្បាប់ នឹងអនុវត្តវិធានការដូចគ្នាទាំងអស់»៕