ករណីបុរសជនជាតិចិនម្នាក់ ដែលព្យាយាមលោតចេញពីរថយន្តម៉ាក Prius គឺជាករណីចាប់ជំរិត ក្រោយ​ចាញ់​បោក​ការ​លួង​លោម​របស់​មិត្ត​ភ័ក្តិដែល​បោក​ប្រាស់​ឲ្យ​មក​រកស៊ី​នៅ​កម្ពុជា ​ខណៈសមត្ថកិច្ច កំពុងតាមប្រមាញ់ក្រុមជនល្មើស។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅថ្ងៃទី៤ ខែមីនានេះ បានឱ្យដឹងថា ក្រោយពីមានការបង្ហោះ វីដេអូមួយដែលបង្ហាញពីសកម្មភាពបុរសជនជាតិចិនម្នាក់ បានព្យាយាមលោតចេញពីរថយន្តម៉ាក Prius ពណ៌ក្រហម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវដោយរកឃើញថា ករណីនេះ គឺជាករណីចាប់ជំរិត ដែលកើតឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥:១០ នាទី ត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន រស់នៅប្រទេសអូស្រ្តាលី និងត្រូវបានបុរសជនជាតិចិនម្នាក់ឈ្មោះ FENG ZHIYE លួងលោម ឱ្យមករកស៊ីនៅប្រទេសកម្ពុជា ដោយ​សន្យា​ថា នឹង​ផ្ដល់​ប្រាក់​ចំណូល​ខ្ពស់ ប៉ុន្តែ មិន​បាន​ប្រាប់​ថា ជា​មុខ​របរ​អ្វី​នោះ​ទេ។

ឈ្មោះ LIU SEN បានចាកចេញពីប្រទេសអូស្រ្តាលី និងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០នាទី តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយបុរសឈ្មោះ FENG ZHIYE បានរៀបចំរថយន្ត ១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ក្រហម ដោយមានអ្នកបើកបរជាជនជាតិខ្មែរម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស បានមកយកឈ្មោះ LIU SEN ដើម្បីទៅជួបជនជាតិចិនម្នាក់ទៀត។

ដំណើរដល់ចំណុចមួយនៅលើកំណាត់ផ្លូវក្រវាត់ក្រុងទី៣ ក៏មានបុរសជនជាតិខ្មែរចំនួន ៣នាក់ កំពុងឈរចាំ និងលើកដៃហៅ ពេលនោះអ្នកបើករថយន្តបានឈប់ចតឡាននៅលើចិញ្ចើមផ្លូវ  ស្រាប់តែបុរសជនជាតិខ្មែរទាំង៣នាក់ បានរត់ឡើងលើរថយន្ត ដោយបុរសជនជាតិ ខ្មែរចំនួន២នាក់ បានចាប់ដៃឈ្មោះ LIU SEN ទាំងសងខាង និងម្នាក់ទៀតបានធ្វើការសង្កត់ពីលើដោយបានចាប់ក ព្រមទាំងបានប្រើអំពើហិង្សា និងដកហូតយកទូរស័ព្ទរបស់ឈ្មោះ LIU SEN។

នៅពេលនោះ ឈ្មោះ LIU SEN បានរើបម្រះ​តបត ជាមួយបុរសជនជាតិខ្មែរទាំង៣នាក់នោះ និងបានចុចបើកកញ្ចក់រថយន្ត ដោយព្យាយាមគេចខ្លួនតាមបង្អួច ហើយក៏បានធ្លាក់ពីលើរថយន្តតែម្តង។

ជនរងគ្រោះ បានគេចខ្លួនបានសម្រេច និងរត់ចូលហាងបាយមួយកន្លែង ដើម្បីឱ្យប្រជាពលរដ្ឋជួយ បន្ទាប់មកក៏មានសមត្ថកិច្ចមកដល់ និងនាំខ្លួនមកសាកសួរ៕