
មន្ដ្រីក្រសួងចុះពិនិត្យការងារអន្តរាគមន៍ទឹក ដើម្បីស្រោចស្រពស្រូវរដូវប្រាំង ក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីខែកុម្ភៈ។ រូបថត សហការី
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសារាចរណែនាំម្តងហើយម្តងទៀត ដល់កសិករកុំធ្វើស្រែប្រាំង ដោយផ្អែកលើតំបន់ផ្សេងៗគ្នា។
អាស្រ័យលើលក្ខខណ្ឌតាមតំបន់ ក្រសួង មានពេលខ្លះ បានណែនាំកុំឱ្យប្រជាកសិករធ្វើស្រូវប្រាំងម្ដងជាពីរដង ដើម្បីការពារការខ្វះខាតទឹក និងខាតបង់ហិរញ្ញវត្ថុរបស់ពួកគេ។
លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា៖ «ការជូនដំណឹងអំពីការប្រកាសកុំឱ្យប្រជាកសិករធ្វើស្រែប្រាំងដើម្បីបង្កាកុំឱ្យប្រជាកសិករខាតបង់ទើបក្រសួងប្រកាសជាមុនថា ស្នើកុំធ្វើស្រូវប្រាំងលើកទីពីរចំពោះអ្នកនៅឆ្ងាយប្រភពទឹក មិនមែនជាការបិទសិទ្ធិនោះទេ»។
ដើម្បីលើកកម្ពស់ការសន្សំសំចៃទឹក ក្រសួងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រប្រកបដោយប្រសិទ្ធភាព ដូចជាការធ្វើទំនើប កម្មប្រព័ន្ធធារាសាស្ត្រដើម្បីកាត់បន្ថយការខ្ជះខ្ជាយទឹក ការកែ លម្អផែនការ និងការគ្រប់គ្រងធនធានទឹក និងកសាងសមត្ថភាព បន្ថែមលើសហគមន៍កសិករប្រើប្រាស់ទឹក។

ទោះបីជាមានការកែលម្អយ៉ាងសំខាន់ទៅលើប្រព័ន្ធប្រឡាយទឹក ការបង្កើនសមត្ថភាពស្តុកទឹកដល់ ៣ម៉ឺនម៉ែត្រគូបក្នុងមួយឆ្នាំក៏ដោយ ក៏ការផ្គត់ផ្គង់បច្ចុប្បន្នមានត្រឹមពាក់កណ្ដាលនៃផ្ទៃដីកសិកម្មចំនួន ៤ លានហិកតាប៉ុណ្ណោះ។
លោក ជេដ្ឋា បានថ្លែងថា៖ «យើងមានគោលការណ៍ណែនាំអំពីការប្រើប្រាស់ទឹកបែបសន្សំសំចៃ និងបែបបទបច្ចេកទេសផ្សេងៗ។ ក្រសួងធ្វើការកសាងប្រព័ន្ធ ធារាសាស្ដ្រ និងផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធ ធារាសាស្ដ្រ ដែលជាការងារកាត់បន្ថយការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងមានបច្ចេកទេសខ្ពស់»។
ការបន្តជួសជុល និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ រួមចំណែកដល់ការសន្សំសំចៃទឹក ដោយធានានូវប្រព័ន្ធបញ្ចេញបញ្ចូលទឹកដោយមិខ្ជះខ្ជាយ។
លោករដ្ឋមន្ដ្រីបានបន្ដថា លើសពីនេះ ក្រសួងផ្ដោតលើការពង្រឹងការគ្រប់គ្រងអាងទន្លេ និងការបង្កើតផែនការយុទ្ធសាស្ត្រការប្រែប្រួលអាកាសធាតុសម្រាប់ធនធានទឹក និងឧតុនិយម ដើម្បីបង្កើននិរន្តរភាពរយៈពេលវែង។

លោក ជេដ្ឋា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្ដទុកដាក់ស្ដាប់ការណែនាំ ជាពិសេសនៅចុងរដូវវស្សា ដើម្បីឱ្យប្រជាកសិករបានទទួលព័ត៌មានពីក្រសួងធនធានទឹក។
រដ្ឋាភិបាលកម្ពុជាក៏កំពុងផ្តោតលើយុទ្ធសាស្ត្រគ្រប់គ្រងទឹកក្នុងអាងទន្លេមេគង្គ ក្រោមកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥។
យុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គរយៈពេលដប់ឆ្នាំ (២០២១-២០៣០) បង្ហាញអំពីអាទិភាពសំខាន់ៗ៖ ការរក្សាមុខងារអេកូឡូស៊ី ការលើកកម្ពស់ការប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាព ការគាំទ្រកំណើនសេដ្ឋកិច្ច និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
បឹងទន្លេសាប និងទន្លេមេគង្គ រួមជាមួយដៃទន្លេ ដូចជា ទន្លេសេសាន សេកុង និងទន្លេស្រែពក នៅតែជាប្រភពទឹកដ៏សំខាន់សម្រាប់វិស័យកសិកម្ម និងនេសាទនៅក្នុងខេត្ត ដូចជា កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។

ខេត្តកំពុងប្រឈមនឹងការខ្វះខាតទឹករួមមាន ១៤ ខេត្តគី ខេត្តព្រៃវែង ស្វាយរៀង កណ្តាល កំពត តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ប៉ៃលិន។
លោក ជេដ្ឋា បានលើកឡើងថា៖ «ដើម្បីកាត់បន្ថយបញ្ហាប្រឈមទាំងនេះ ក្រសួងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកបន្ថែមតាមរយៈការសាងសង់អាងស្តុកទឹកថ្មីៗ និងស្តារ អាងទឹកដែលមានស្រាប់ ដើម្បីបង្កើនសម្ថភាពស្តុកទឹក និងបង្វែរទឹកមកតំបន់ខ្វះខាត»៕