សៀមរាបៈ សិក្ខាសាលា លើកកម្ពស់សមត្ថភាព ស្តីពីការគ្រប់គ្រងតំបន់ដីសើម និងផ្លូវហោះហើរសត្វស្លាបទេសន្តរប្រវេសន៍ បាននឹងកំពុងធ្វើឡើងក្នុងក្រុងសៀមរាប រយៈពេល៣ថ្ងៃ ដើម្បី ចែករំលែកបទពិសោធន៍ លើការងារអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍។

សិក្ខាសាលា ដែលបានចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនានេះ ត្រូវបានរៀបចំឡើងរួមគ្នា រវាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន, បណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ាន(AFN) នៃមជ្ឈ​មណ្ឌល​អាស៊ានស្តីពីជីវៈចម្រុះ (ACB) និង NParks នៃប្រទេសសិង្ហបុរី ដែលមានការគាំទ្រថវិកាពី មូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន​(JAIF)។

ក្រសួងបរិស្ថានបញ្ជាក់ថា៖«សិក្ខាសាលានេះ ធ្វើ​ឡើង​ក្នុងគោលបំណងបង្កើនចំណេះដឹង ចែករំលែកបទពិសោធន៍ និងលើកកម្ពស់សមត្ថភាពរបស់មន្ត្រីឧទ្យានុរក្ស អ្នកគ្រប់គ្រងតំបន់ដីសើម និងអ្នកពាក់ព័ន្ធ លើការអង្កេតតាមដានសត្វស្លាបទេសន្តរប្រវេសន៍ និងការគ្រប់គ្រងតំបន់ដីសើមប្រកបដោយប្រសិទ្ធភាព»។​

សត្វស្លាបទេសន្តរប្រវេសន៍ ជាប្រភេទសត្វស្លាបដែលធ្វើការផ្លាស់ទី ជារៀងរាល់ឆ្នាំទៅតាមផ្លូវហោះហើររបស់វាពីតំបន់មួយទៅតំបន់មួយទៀត ឬឆ្លងកាត់ប្រទេសជាច្រើនជុំវិញពិភពលោក។

ការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ គឺទាមទារឱ្យមានការចូលរួម និងសហការពីបណ្តាប្រទេសនានា ដែលស្ថិតនៅក្នុងផ្លូវហោះហើររបស់វា។

ផ្លូវហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់បង្ហាញពីតំបន់ភូមិសាស្ត្រមួយ ដែលសត្វស្លាបជាច្រើនធ្វើការផ្លាស់ទីពីជម្រកពងកូន ទីសំចត និងទីតាំងស្វែករកចំណី ក្នុងរដូវកាលជាក់លាក់មួយប្រចាំឆ្នាំ។

យ៉ាងហោចណាស់ មានផ្លូវហោះហើរសត្វសា្លបចំនួន៩នៅលើពិភពលោក។ ប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលីចាប់តាំងពីឆ្នាំ២០០៧ ដែលមានក្រសួងបរិស្ថានជាសេនាធិការ។

តំបន់ដីសើមសំខាន់ៗ ដែលត្រូវបានដាក់បញ្ចូលជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលីមានជាង១០០កន្លែង ដែលបង្កើតបានជាបណ្តាញដ៏ធំមួយក្នុងការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព លោកស្រី ស៊ុនលាង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ។ អ្នកចូលរួមសំខាន់ៗជិត៥០រូប រួមមាន លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក David Li មកពីNParks, លោក Amiel Same ប្រធានផ្នែកកម្មវិធីអភិរក្សរបស់មជ្ឈមណ្ឌលអាស៊ានស្តីពីជីវៈចម្រុះ (ASEAN Center for Biodiversity), មន្ត្រី និងឧទ្យានុរក្ស ដែលទទួលបន្ទុកការងារគ្រប់គ្រង និងអភិរក្សជីវៈចម្រុះ មកពីតំបន់ការពារធម្មជាតិដីសើមចំនួន ១១តំបន់ក្នុងប្រទេសកម្ពុជា។

តំបន់ទាំងនោះមានដូចជា តំបន់រ៉ាមសារព្រែកទាល់, រ៉ាមសារស្ទឹងត្រែង, រ៉ាមសារកោះកាពិ, រ៉ាមសារស្ទឹងសែន, ការពារទេសភាពអន្លង់ព្រីង, ការពារទេសភាពបឹងព្រែកល្ពៅ, ការពារទេសភាពអាងត្រពាំងថ្ម, ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ , ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេ, ការពារទេសភាពបាកាន និងតំបន់ការពារទេសភាពទំនាបទន្លេសាបខាងជើង។

សិក្ខាសាលានេះ ក៏មានបទបង្ហាញពីវាគ្មិន អំពីអនុសញ្ញារ៉ាមសារ កិច្ចផ្តួចផ្តើមរ៉ាមសារថ្នាក់តំបន់ដូចជា ភាពជាដៃគូ នៃផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត អូស្ត្រាលី មជ្ឈមណ្ឌលរ៉ាមសារថ្នាក់តំបន់អាស៊ីខាងកើត បណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ាន។

ក្រៅពីនោះ ក៏មានវិធីសាស្ត្រក្នុងការវាយតម្លៃរហ័ស លើសេវាកម្មប្រព័ន្ធអេកូឡូស៊ី ការរៀបចំផែនការគ្រប់គ្រងតំបន់ដីសើម ការធ្វើអត្តសញ្ញាណកម្មសត្វស្លាបទឹក, ការធ្វើអត្តសញ្ញាណកម្ម និងអង្កេតតាមដានសត្វស្លាបតំបន់ឆ្នេរ, វិធីសាស្ត្រ នៃការអង្កេតតាមដានសត្វស្លាបទឹក, ការដាក់កងជើងតាមដានសត្វស្លាប និងការធ្វើជំរឿនសត្វស្លាបទឹកប្រចាំអាស៊ី។ល។

ក្នុងអំឡុងសិក្ខាសាលានេះ ក៏មានការរៀបចំទស្សនកិច្ចសិក្សាទៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីសិក្សា និងអនុវត្តជាក់ស្តែង នៅទីវាល ក្នុងការកំណត់អត្តសញ្ញាណ និងការអង្កេតតាមដានសត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រវេសន៍ ដែលមានវត្តមាននៅតំបន់ដីសើមនោះ។

បណ្តាប្រទេស ដែលជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលីបានសិក្សា និងដាក់តំបន់ដីសើម ដែលមានសារៈសំខាន់ដល់សត្វស្លាបទេសន្តរប្រវេសន៍ជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។

តំបន់ទាំងនោះត្រូវបានជ្រើសរើសផ្អែកលើលក្ខណៈវិនិច្ឆ័យ ដូចជាសារៈសំខាន់នៃកត្តាជីវៈចម្រុះ និងមុខងារអេកូឡូស៊ីរបស់តំបន់នោះ ជាពិសេសផ្តល់ជាទីជម្រកដ៏សំខាន់ដល់សត្វស្លាបទេសន្តរប្រវេសន៍ក្នុងវដ្តជីវិតរបស់ពួកវា៕