
លោកយាយ ទុន លន់ បង្ហាញស្នាមញញឹមពេលអាចអានអក្សរតូចៗលើក្រដាសបាន ក្រោយទទួលវែនតាដែលត្រូវនឹងភ្នែករបស់លោកយាយ៕ រូបថត ហុង រស្មី
ភ្នំពេញ៖ អង្គការមូលនិធិ OneSight EssilorLuxottica បានផ្ដល់ក្ដីសង្ឃឹមថ្មីរបស់ប្រជាជនកម្ពុជាជាច្រើននាក់ តាមរយៈការពិនិត្យភ្នែកដោយឥតគិតថ្លៃ ក៏ដូចជាផ្ដល់វែនតាតាមវេជ្ជបញ្ជាដល់អ្នកចាំបាច់ត្រូវប្រើ។
លោកយាយ ទុន លន់ អាយុ ៧៩ឆ្នាំ អាចអានអក្សរឡើងវិញជាលើកដំបូង បន្ទាប់ពីទទួលបានការពិនិត្យភ្នែក និងវែនតាវេជ្ជបញ្ជាពីមូលនិធិ ដែលផ្ដល់ការពិនិត្យភ្នែក និងវែនតាដល់មនុស្សជាង ១ពាន់នាក់នៅអនុវិទ្យាល័យសម្តេច ហ៊ុន សែន ព្រៃវែង ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកយាយបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្រោមស្នាមញញឹមរីករាយបន្ទាប់ពីបានអានអក្សរតូចៗថា៖ «មើលឃើញច្បាស់ណាស់កូន! ខ្ញុំពាក់វែនតានេះសម្រាប់មើលនៅផ្ទះ មើលមុខកូន មុខចៅ»។

បុរសចំណាស់ដែលមានពិការភាពទទួលការពិនិត្យភ្នែកពីអ្នកជំនាញនៅអនុវិទ្យាល័យសម្តេច ហ៊ុន សែន ព្រៃវែង ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថត ហុង រស្មី
អស់ជាច្រើនឆ្នាំ ភ្នែកខ្សោយបានរារាំងលោកយាយ លន់ មិនអាចមើលអ្វីឃើញច្បាស់ ហើយការទិញវែនតាពាក់កន្លងមក បានត្រឹមធ្វើឱ្យលោកយាយវិលមុខ។
ការគាំទ្ររបស់មូលនិធិបានធ្វើឱ្យលោកយាយមើលឃើញច្បាស់ជាថ្មីម្ដងទៀត ក្រោមជំនួយមូលនិធិ ដែលមានបេសកកម្មធានាថា អ្នកគ្រប់គ្នាមានលទ្ធភាពទទួលបានការថែទាំភ្នែកប្រកបដោយគុណភាព។
នៅទូទាំងពិភពលោក មនុស្ស ២,៧ ពាន់លាននាក់រស់នៅជាមួយកែវភ្នែកមិនល្អ ដែលរារាំងសមត្ថភាពរបស់ពួកគេក្នុងការរៀន ធ្វើការ និងចូលរួមយ៉ាងពេញលេញនៅក្នុងសង្គម។

អ្នកស្រី កោះ ផាទ្រីកា ប្រធានមូលនិធិ OneSight EssilorLuxottica ប្រចាំអាស៊ីអាគ្នេយ៍ ជប៉ុន និងកូរ៉េ បង្ហាញវែនតាដល់លោកស្រីរដ្ឋមន្ដ្រីក្រសួងកិច្ចការនារី អ៉ឹង កន្ថាផាវី។ រូបថត ហុង រស្មី
នៅកម្ពុជា មូលនិធិបានកំណត់គោលដៅរបស់ខ្លួនក្នុងការផ្ដល់សេវាកម្មដល់មនុស្សឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ នៅក្នុងខណ្ឌដង្កោកាលពីថ្ងៃទី២ ខែមីនាកន្លងទៅ អង្គការបានផ្តល់ជូននូវការពិនិត្យ និងវែនតាដោយឥតគិតថ្លៃ ដើម្បីបើកឱកាសសម្រាប់ការចូលរួមសកម្មភាពផ្សេងៗ និងវឌ្ឍនភាពសេដ្ឋកិច្ច។
អ្នកស្រី កោះ ផាទ្រីកា ប្រធានមូលនិធិ OneSight EssilorLuxottica ប្រចាំអាស៊ីអាគ្នេយ៍ ជប៉ុន និងកូរ៉េ បាននិយាយថា៖ «គោលដៅរបស់យើងគឺដើម្បីធានាថា មនុស្សគ្រប់គ្នា មិនថាពួកគេរស់នៅទីណាក៏ដោយ មានលទ្ធភាពទទួលបានការថែទាំចក្ខុវិស័យដ៏ល្អ។ ដោយភាពជាដៃគូជាមួយក្រសួងកិច្ចការនារី កម្មវិធីជាតិសម្រាប់សុខភាពភ្នែក និងមូលនិធិ Fred Hollows យើងបានពិនិត្យបុគ្គលជាង ១ពាន់នាក់នៅក្នុងខណ្ឌដង្កោ ហើយបានផ្តល់ដំណោះស្រាយចំពោះបញ្ហាភ្នែករបស់ពួកគេ»។
អ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងចង់លើកកម្ពស់ការយល់ដឹងថា កែវភ្នែកល្អជាការផ្លាស់ប្តូរជីវិត ហើយធានាថា អ្នកទទួលផលដែលត្រូវការចាំបាច់ដឹងថា ពួកគេអាចបន្តស្វែងរកការថែទាំភ្នែកនៅគ្រប់ទីកន្លែង»។

មនុស្សជាង១ពាន់នាក់ ទទួលបានការពិនិត្យភ្នែក និងវែនតាដោយឥតគិតថ្លៃ។ រូបថត ហុង រស្មី
រួមគ្នា ដោយមានការគាំទ្រពីអ្នកស្ម័គ្រចិត្ដ EssilorLuxottica មនុស្សជាង ១ពាន់នាក់បានទទួលការពិនិត្យត្រឹមរយៈពេលមួយ ដែលជាការខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកគោលបំណងរួមមួយ។
អ្នកស្រី ផាទ្រីកា បាននិយាយថា មនុស្សគ្រប់រូបដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានបញ្ហាស្រវាំងភ្នែកបែបមនុស្សចាស់ ទទួលបានវែនតាតាមវេជ្ជបញ្ជាមួយគូនៅនឹងកន្លែង។ ក្រុមពិនិត្យដែលបានទទួលការបណ្តុះបណ្តាលក៏កំណត់អត្តសញ្ញាណបុគ្គលដែលអាចមានស្ថានភាពភ្នែកស្មុគ្រស្មាញ ដូចជា ជំងឺភ្នែកឡើងបាយ ឬជំងឺភ្នែកផ្សេងទៀត។
អ្នកស្រី បានថ្លែងថា៖ «អ្នកជំងឺទាំងនេះត្រូវបានបញ្ជូនទៅពិនិត្យបន្ថែម ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនទទួលបានការយកចិត្ដទុកដាក់នោះទេ។

អ្នកស្រីបាននិយាយថា ក្នុងចំណោមមនុស្សពេញវ័យ ជាពិសេសមនុស្សចាស់ មានបញ្ហាភ្នែកតាមវ័យ (ការមើលឃើញឆ្ងាយ) ជាជំងឺដែលកើតមានច្រើនជាងគេ។
វាជាផ្នែកធម្មជាតិនៃភាពចាស់ ដែលការមើលឃើញជិតក្លាយទៅជាព្រិល ប៉ុន្តែវែនតាមួយគូអាចធ្វើឱ្យជីវិតប្រចាំថ្ងៃប្រសើរឡើងយ៉ាងខ្លាំង។
ចំពោះមនុស្សវ័យក្មេង ភាពស្រវាំងភ្នែក ក្លាយជារឿងធម្មតាកាន់តែខ្លាំងឡើង ដោយសារតែសកម្មភាពការងារជិតអូសបន្លាយយូរ។

អ្នកស្រី ផាទ្រីកា បានណែនាំថា ជំហានសំខាន់បំផុតគឺការពិនិត្យភ្នែកជាទៀងទាត់ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ ការរកឃើញបញ្ហាទាន់ពេលវេលានាំទៅរកលទ្ធផលល្អប្រសើរ មិនថាសម្រាប់ការកែតម្រូវការតាមវិធីសាមញ្ញ ឬស្ថានភាពភ្នែកធ្ងន់ធ្ងរជាងនេះទេ។
សម្រាប់កុមារ វាចាំបាច់ណាស់ក្នុងការអភិវឌ្ឍទម្លាប់នៃការមើលឃើញល្អ ដោយសម្រាកពីការសម្លឹងមើលជិត ចំណាយពេលនៅខាងក្រៅ និងរក្សាពន្លឺឱ្យបានត្រឹមត្រូវពេលកំពុងអាន ឬសិក្សា។
អ្នកស្រី ផាទ្រីកា បានប្រាប់ភ្នំពេញប៉ុស្ដិឌ៍ថា៖ «សម្រាប់អ្នកដែលប្រឈមនឹងពន្លឺព្រះអាទិត្យយូរ ការពាក់វែនតាការពារកាំរស្មី UV អាចជួយការពារការខូចខាតរយៈពេលវែង។ សុខភាពភ្នែកជារឿយៗត្រូវបានមើលរំលង ប៉ុន្តែវាមានសារៈសំខាន់ចំពោះសុខុមាលភាពទូទៅ ហើយជំហានតូចៗអាចបង្កើតភាពខុសគ្នាគួរឱ្យកត់សម្គាល់»។

អ្នកស្រី សោម ស៊ីថា ក្នុងវ័យ៥០ឆ្នាំ បាននិយាយថា ជំងឺភ្នែកឡើងបាយរបស់អ្នកស្រីមានសភាពធ្ងន់ធ្ងររហូតដល់ត្រូវវះកាត់នៅមន្ទីរពេទ្យ។
ដោយកាន់វេជ្ជបញ្ជាសម្រាប់ការវះកាត់នៅមន្ទីរពេទ្យបង្អែក និងវែនតាខ្មៅ អ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ស្ថានភាពរបស់ខ្ញុំធ្ងន់ធ្ងរ។ ខ្ញុំមិនអាចពឹងផ្អែកលើវែនតាតែមួយមុខនោះទេ។ ខ្ញុំត្រូវការការវះកាត់។ ខ្ញុំនឹងទៅមន្ទីរពេទ្យឆាប់ៗ»។
មូលនិធិ OneSight EssilorLuxottica បាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូក្នុងស្រុកដើម្បីនាំយកសេវាថែទាំភ្នែកដល់សហគមន៍ទូទាំងប្រទេសកម្ពុជា ដោយផ្តោតលើតំបន់ដាច់ស្រយាលបំផុត៕