ភ្នំពេញ៖ បេក្ខភាព​មេដឹកនាំ​យុវជន​កម្ពុជា​អាយុ ១៥​ ឆ្នាំ​ បាន​ចូលរួម​វេទិកា​​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី ១២​ ស្តីពី​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (APFSD) ដោយ​អំពាវនាវ​ដល់​មេដឹកនាំ​ក្នុង​តំបន់​ឱ្យ​វិនិយោគ​លើ​អាហារ​រូប​ត្ថ​ម្ភ​របស់​កុមារ ការកែលម្អ​បច្ចេកទេស​កសិកម្ម និង​ការយល់ដឹង​កាន់តែច្រើន​អំពី​អាហារ​ដែលមាន​សុខភាព​ល្អ​។​

វេទិកា APFSD លើក​ទី ១២​ ត្រូវបាន​រៀបចំឡើង​ចាប់ពី​ថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ក្រោម​ប្រធានបទ «​ការជំរុញ​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព បរិយាប័ន្ន​ វិទ្យាសាស្ត្រ និង​ភ័ស្តុតាង​សម្រាប់​របៀបវារៈ​ឆ្នាំ ២០៣០​ និង SDGs ​សម្រាប់​ការមិនបោះបង់​​នរណាម្នាក់​​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក​» នៅ​មជ្ឈមណ្ឌល​សន្និសីទ​អង្គការសហប្រជាជាតិ (UNCC) ក្នុង​​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​កុមារា ម៉ាច ​ប៉ារីស ​ជា​អ្នកតស៊ូ​មតិ​ដែល​កំពុង​លេចធ្លោ​មកពី​ក្រុមប្រឹក្សា​កុមារ និង​យុវជន​ជាតិ​របស់​កម្ពុ​ជា (CYC) បាន​ចូលរួម​ជាមួយ​តំណាង​វ័យក្មេង​មកពី​ទូទាំង​អាស៊ី ដើម្បី​ជំរុញឱ្យមាន​ការចូលរួម​របស់​កុមារ​កាន់តែច្រើន​ក្នុងការ​បង្កើត​គោលនយោបាយ​។​

​តំណាងឱ្យ​ប្រទេស​កម្ពុជា កុមារា ​ប៉ារីស ​បាន​ចែករំលែក​​​បញ្ហា​ប្រឈម​​​ភូមិ​របស់ខ្លួន​​ក្នុងការ​ទទួលបាន​អាហារ​ប្រកប​ដោយ​​ជីវជាតិ និង​បានលើកឡើង​ពី​ដំណោះស្រាយ​ដែល​ដឹកនាំ​ដោយ​យុវជន​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង និង​សុខភាព​កុមារ​។​

កុមារា ប៉ារីស បាន​និយាយថា​៖ «​ការវិនិយោគ​លើ​សុខភាព​កុមារ គឺជា​ការវិនិយោគ​លើ​អនាគត​ប្រកបដោយ​និរន្តរភាព​សម្រាប់​មនុស្ស​គ្រប់គ្នា​។ កុមារ​យល់​ពី​បញ្ហា​ដែល​ពួកគេ​ជួបប្រទះ និង​មានគំនិត​ដើម្បី​ដោះស្រាយ​វា​​។ យើង​ត្រូវការ​ឱកាស​បន្ថែមទៀត​ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​ការសម្រេចចិត្ត​»​។​

បេក្ខភាព​មេដឹកនាំ​យុវជន​កម្ពុជា​អាយុ ១៥​ ឆ្នាំ​ (រូបកណ្ដាល) បាន​ចូលរួម​វេទិកា​​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី ១២​ ស្តីពី​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (APFSD)។ រូបថត សហការី​

​​ប៉ារីស​ ត្រូវបាន​ជ្រើសរើស​សម្រាប់​វេទិកា​នេះ​ដោយសារតែ​ការដឹកនាំ​របស់ខ្លួន​​ក្នុងការ​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​កុមារ និង​គំនិត​ផ្តួចផ្តើម​សហគមន៍​ក្នុងប្រទេស​កម្ពុជា​។​

​ក្នុងនាម​ជា​អ្នកស្រាវជ្រាវ​វ័យក្មេង និង​អ្នកសម្របសម្រួល​ការអាន​សហគមន៍ លោក​បាន​ឈានមុខ​គេ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កែលម្អ​អាហារូបត្ថម្ភ​របស់​កុមារ ដែលជា​ចំណុច​សំខាន់​នៃ SDG 3: សុខភាព​ល្អ និង​សុខុមាលភាព​។​

​ការងារ​របស់ ប៉ារីស ​ស្រប​នឹង​យុទ្ធនាការ ENOUGH ​ជា​ចលនា​តស៊ូ​មតិ​សម្រាប់​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​កុមារ​នៅ​ទូទាំង​អាស៊ី​។​

​ក្នុងអំឡុងពេល APFSD កុមារា ប៉ារីស ​បាន​ចែករំលែកនូវ​​ការរកឃើញ​ពី​ការស្រាវជ្រាវ​របស់​ក្រុម​ខ្លួន​ ​អំពី​របៀប​ដែល​ការប្រែប្រួល​អាកាសធាតុ​កំពុង​ធ្វើឱ្យ​កង្វះ​អាហារូបត្ថម្ភ​កាន់តែ​ខ្លាំង​ និង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​រាងកាយ និង​ផ្លូវចិត្ត​របស់​កុមារ​។​

​កុមារា ប៉ារីស ​បាន​បញ្ជាក់ថា ការវិនិយោគ​លើ​ការធ្វើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​ការអប់រំ​អាហារូបត្ថម្ភ​ត្រូវតែ​ពង្រីក​ឡើង​ដើម្បី​ការពារ​កុមារ​ងាយ​រងគ្រោះ​។​

​លើសពី​សុន្ទរកថា កុមារា ប៉ារីស ​បាន​ចូលរួម​ក្នុង​បន្ទប់​ព័ត៌មាន Young Minds ​ជា​ស្តង់​អន្តរ​កម្ម​ដែល​រៀបចំ​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក​។​

​នៅទីនេះ រូបគេ​​បាន​ចូលរួម​ក្នុងការ​ពិភាក្សា​ជាមួយ​ឥស្សរជន​សំខាន់ៗ រួមមាន លោកស្រី​ Rachael Beaven នាយក​ផ្នែក​ស្ថិតិ ESCAP របស់​អង្គការសហប្រជាជាតិ និង​លោកស្រី Teresa Ferrari មេដឹកនាំ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​នៅ​អង្គការ​ទស្សនៈ​ពិភពលោក​។​

លោកស្រី Ferrari បានប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​​នៅ​អង្គការ​ទស្សនៈ​ពិភពលោក យើង​ជឿថា ​កុមារ និង​យុវជន​អាច​ផ្តល់នូវ​ការរួមចំណែក​តែមួយគត់​របស់​ពួកគេ​តាមរយៈ​ការចូលរួម​ក្នុង​ការកសាង​ភ័ស្តុតាង និង​ការបង្កើត​គោលនយោបាយ​។ កុមារ​ដើរតួនាទី​យ៉ាងសំខាន់​ មិន​គ្រាន់តែ​ជា​អ្នកទទួលផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​អ្នកដឹកនាំ​ក្នុងការ​រៀបចំ​ដំណោះស្រាយ»​។​

​ក្រោយពី​ត្រឡប់​មកពី​ទីក្រុង​បាងកក កុមារា ប៉ារីស ​បាន​ប្ដេជ្ញា​ប្រើ​បទពិសោធន៍​​​ដើម្បី​បំផុសគំនិត​យុវជន​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា​។​

​រូបគេ​​គ្រោង​នឹង​ចែករំលែក​ការយល់ដឹង​ជាមួយ​មិត្ត​ភក្តិ លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​រប​ស់​យុវជន​ក្នុងការ​បង្កើត​គោលនយោបាយ និង​បន្ត​គម្រោង​ស្រាវជ្រាវ​ឈានមុខ​គេ ដែល​ផ្តល់​ភស្តុតាង​ជាក់ស្តែង​សម្រាប់​ការសម្រេចចិត្ត​។​

ប៉ារីស បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​​ខ្ញុំ​ចង់បង្ហាញ​កុមារ​ដទៃ​ទៀតថា ​ពួកគេ​មាន​សំឡេងដូចគ្នា​​។ ខ្ញុំ​នឹង​បន្ត​ដឹកនាំ​ការស្រាវជ្រាវ ដើម្បី​ជួយ​អ្នកធ្វើការ​សម្រេចចិត្ត​ឱ្យ​យល់​ពីអ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​សហគមន៍​របស់​យើង​។ កុមារ​មិនគួរ​ត្រូវបាន​មើលឃើញថា​ជា​អ្នកទទួលផល​ប៉ុណ្ណោះ​ទេ យើង​អាចរួមចំណែក​ដល់​ការផ្លាស់ប្តូរ​ពិតប្រាកដ​»។​

​ការតស៊ូ​មតិ​របស់កុមារា ​ប៉ារីស ​នៅ APFSD បាន​ពង្រឹង​ការទទួលស្គាល់​កាន់តែ​ច្រើនឡើង​នៃ​ដំណោះស្រាយ​ដែល​ដឹកនាំ​ដោយ​កុមារ​ក្នុងការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕